(កណ្តាល)៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានរៀបចំកម្មវិធីបណ្តុះបណ្តាល ស្តីពីសហគ្រិនភាពក្នុងវិស័យកសិកម្ម សម្រាប់យុវជន ក្រោមអធិបតីភាពលោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចលនាយុវជនរបស់គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងដោយមានការចូលរួមពីលោក ប៊ុន ផេង អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សស្រុកខ្សាច់កណ្តាល អនុប្រធានក្រុមការងារចលនាយុវជន របស់គណៈពង្រឹងមូលដ្ឋានស្រុក គ្រូបង្គោល កសិករគំរូ និងក្រុមការងារយុវជនស្រុក ឃុំ ភូមិសរុបចំនួន១៤០នាក់។
ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច បានជម្រាបជូនសិក្ខាមថា ការរៀបចំកម្មវិធីបណ្តុះបណ្តាលនាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ ក្នុងការកសាងយុវជន ទាំងស្មារតីស្រឡាញ់គណបក្ស និងកសាងសមត្ថភាពជំនាញផ្នែកកសិកម្ម ដូចជាការដាំដុះ ការចិញ្ចឹមសត្វ ព្រមទាំងមានសមត្ថភាព លើការរៀបចំផែនការអាជីវកម្ម និងការគ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួនផងដែរ។ ទន្ទឹមនេះក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ វិស័យមួយចំនួនត្រូវទទួលរងនូវផលប៉ះពាល់ខ្លាំង ដូចជាវិស័យវាយនភ័ណ្ឌកាត់ដេរ វិស័យទេសចរណ៍ និងវិស័យសំណង់ជាដើម ក៏ប៉ុន្តែមានតែវិស័យកសិកម្មប៉ុណ្ណោះដែលមិនទទួលរងផលប៉ះពាល់ និងបានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោក កៅ ថាច បានបន្តលើកទឹកចិត្តដល់យុវជន ឱ្យគិតគូរលើការងារអាជីវកម្ម ក្នុងវិស័យកសិកម្ម ដូចជាការដាំដុះ ការចិញ្ចឹមសត្វ វារីវប្បកម្ម ដោយផ្សារភ្ជាប់ និងមានទស្សនៈជាសហគ្រិនភាព និងត្រូវរៀនជំនាញបច្ចេកទេសលើវិស័យនេះ ឱ្យបានច្បាស់លាស់ និងចេះរៀបចំផែនការអាជីវកម្ម ដែលជាផែនទីចង្អុលផ្លូវសម្រាប់ឈានឆ្ពោះទៅ រកប្រាក់ចំណេញ និងទទួលបានភាពជោគជ័យ។
សូមបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីសហគ្រិនភាពក្នុងវិស័យកសិកម្មសម្រាប់យុវជន គឺក្នុងគោលបំណងដើម្បី៖
* ផ្តល់ចំណេះដឹង និងជំនាញបច្ចេកទេសដល់យុវជនក្នុងរបរកសិកម្មសំដៅបង្កើនការចូលរួមយ៉ាងសកម្មនៅក្នុងវិស័យនេះ
* ចូលរួមបណ្តុះស្មារតីសហគ្រិនភាពដល់យុវជនក្នុងការចាប់ផ្តើម និងគ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួន
* ផ្តល់នូវបទពិសោធន៍ ការយល់ដឹងពីបញ្ហាប្រឈម និងដំណោះស្រាយព្រមទាំងការប្រកួតប្រជែងនៅក្នុងទីផ្សារ
* យល់ដឹងពីរបៀបរៀបចំផែនការអាជីវកម្ម និងរបៀបកត់ត្រាចំណូលចំណាយក្នុងអាជីវកម្ម។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយចែកចេញជា៥វគ្គ មាន១០មុខវិជ្ជា។ ក្នុងនោះមាន៖
១៖ ការចិញ្ចឹមមាន់ស្រែយកសាច់
២៖ ការចិញ្ចឹមមាន់យកស៊ុត
៣៖ ការចិញ្ចឹមកង្កែបក្នុងអាងស៊ីម៉ង់ត៍ និងក្នុងតង់ប្លាស្ទីក
៤៖ ការចិញ្ចឹមត្រីអណ្តែងក្នុងតង់ និងក្នុងអាងស៊ីម៉ង់ត៍
៥៖ ការចិញ្ចឹមបង្កង
៦៖ ការចិញ្ចឹមគោបំប៉នយកសាច់
៧៖ ការដាំដំណាំត្រសក់ចំណារ
៨៖ ការដាំដំណាំត្រប
៩៖ ការដាំដំណាំសាលាដ
១០៖ ការដាំដំណាំខាត់ណា៕