(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចូលជាធរមាន និងប្រសិទ្ធភាពអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល រវាងកម្ពុជា-ឥណ្ឌូណេស៊ី។
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌូណេស៊ី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល (the Agreement between the Royal Government of Cambodia and the Government of the Republic of Indonesia for the Avoidance of Double Taxation and the Prevention of Fiscal Evasion with respect to Taxes on Income) ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២១៨/០១៩ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
ថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានជូនដំណឹងជាផ្លូវការមករាជរដ្ឋាភិបាលកម្ពុជា អំពីការបញ្ចប់សព្វគ្រប់នៃនីតិវិធីផ្ទៃក្នុងរបស់ខ្លួន ដើម្បីដាក់កិច្ចព្រមព្រៀងនេះចូលជាធរមាន។ ដោយអនុលោមតាមមាត្រា២៩ ស្តីពីការចូលជាធរមាននៃកិច្ចព្រមព្រៀង ភាគីទាំងពីរបានធ្វើការជូនដំណឹងជាផ្លូវការទៅវិញទៅមក ស្តីពីការបញ្ចប់សព្វគ្រប់នូវនីតិវិធីផ្ទៃក្នុង របស់ប្រទេសរៀងៗខ្លួន ដែលនាំឱ្យកិច្ចព្រមព្រៀងនេះ ចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១តទៅ៕