(សៀមរាប)៖ ប្រទេសកម្ពុជាបានរងនូវឥទ្ធិពលពីព្យុះនូលចាប់ពីថ្ងៃទី១៨-២០ ខែកញ្ញា ឆ្នាំ២០២០ ដែលបណ្ដាលឱ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងតំបន់ខ្លះមានជំនន់ទឹកភ្លៀង ទៀតផង ក្នុងនោះខេត្តសៀមរាបក៏ទទួលរងឥទ្ធិពលនៃព្យុះនេះដោយទទួលបាននូវទឹកភ្លៀងដ៏ច្រើនដែរ។
ដូច្នេះដើម្បីទប់ទល់នឹងស្ថានការណ៍នេះ ក្រុមការងារគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងក្នុងការចាត់ចែងគ្រប់គ្រងទឹកទាំងនោះ ដើម្បីបញ្ជៀសមិនឱ្យជន់លិចតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាក្រុងសៀមរាប ដោយសារឥទ្ធិពលនៃព្យុះនូល។
ម្យ៉ាងទៀត ដោយរដូវវស្សាឆ្នាំនេះមានភ្លៀងធ្លាក់យឺតយ៉ាវ ហើយមានបរិមាណតិចតួចធ្វើឱ្យការប្រមូលទឹកចូលក្នុងអាងស្តុកមានការលំបាក ហើយក៏ជាការព្រួយបារម្ភដ៏ធំសម្រាប់ការផ្គត់ផ្គង់ទឹកនៅរដូវប្រាំងដល់កិច្ចការអភិរក្សប្រាសាទ ទឹកស្អាតនិងស្រោចស្រពកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងន័យនេះ ក្រុមអ្នកជំនាញទឹកនៃនាយកដ្ឋានគ្រប់គ្រងទឹកអាជ្ញាធរជាតិអប្សរា ឆ្លៀតពេលមានទឹកភ្លៀងដ៏ច្រើននេះ បានចាត់ចែង និងប្រមូលទឹកភ្លៀងទាំងនោះតាមប្រព័ន្ធផ្លូវទឹកបុរាណដើម្បីបញ្ចូនទៅរក្សាក្នុងបារាយណ៍ខាងជើង បារាយណ៍លលៃ កសិន្ធុអង្គរវត្ត កសិន្ធុក្រុងអង្គរធំ បារាយណ៍ខាងលិច កសិន្ធុប្រាសាទចៅស្រីវិបុលនិង អាងស្តុកផ្សេងៗទៀត៕