(សៀមរាប)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សហការជាមួយ អង្គការដែនដីមនុស្សហូឡងដ៍ (TDH) អង្គការ APLE និងអង្គការ CPU បានរៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់ កិច្ចការពារកុមារពីការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទ ក្នុងដំណើរការយុត្តិធម៌ព្រហ្មទណ្ឌ នៅសណ្ឋាគារខេមរាអង្គរ ។
សិក្ខាសាលានេះ ធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។
សិក្ខាសាលានេះធ្វេីឡើង ក្នុងគោលបំណងចំនួន៣យ៉ាង៖
*ទី១៖ ដើម្បីលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដែលមានស្រាប់ សំដៅការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ
*ទី២៖ សិក្សាលើភាពខ្វះចន្លោះនៃច្បាប់ និងការអនុវត្ត បញ្ហាប្រឈមដែលរាំងស្ទះដល់ប្រសិទ្ធភាព នៃការអនុវត្ត
*ទី៣៖ កំណត់រកដំណោះស្រាយ ជាយុទ្ធសាស្រ្ត និងឱកាសនៃកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការឆ្លើយតប និងអន្តរាគមន៍។
សិក្ខាសាលានេះ មានការចូលរួមពីលោក លោកស្រី មកពីតំណាងក្រសួងយុត្តិធម៌, ប្រធានសាលាឧទ្ធរណ៍បាត់ដំបង តំណាងអគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង, តំណាងគណៈមេធាវីនៃកម្ពុជា, ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ២៥រាជធានីខេត្ត, ការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថ ១២រាជធានី-ខេត្ត, គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ស្នងការរង នៃស្នងការដ្ឋាននគរបាល លោកចៅក្រម/ព្រះរាជអាជ្ញាសាលាដំបូងខេត្ត, មន្រ្តី ក.ជ.ក និងអង្គការដៃគូរពាក់ព័ន្ធ៕