(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) លើកទី៧៥ ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីក្រុងញូវយ៉ក ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

កិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៥ ធ្វើឡើងក្រោមមូលបទ «អនាគតដែលយើងទាំងអស់គ្នាចង់បាន សហប្រជាជាតិដែលយើងត្រូវការ៖ ធានាឡើងវិញកិច្ចប្រឹងប្រែងរួមដើម្បីពហុភាគីនិយម - ប្រឈមនឹងជំងឺកូវីដ-១៩ តាមរយៈសកម្មភាពពហុភាគី ដែលមានប្រសិទ្ធភាព»

បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងទៀតថា នៅមុនមហាសន្និបាតអ.ស.ប. លើកទី៧៥ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ដើម្បីអបអរសាទរខួបលើកទី៧៥ នៃអ.ស.ប. នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២០ ដែលផ្តោតលើសារៈសំខាន់នៃពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល ក្នុងអំឡុងពេលនៃផលប៉ះពាល់សង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ដែលបណ្តាលមកពីជំងឺរាត ត្បាតកូវីដ១៩ នយោបាយវូបនីយកម្ម បញ្ហាសិទ្ធិមនុស្សតាមបៀបវារៈភូមិសាស្ត្រនយោបាយ និងការ ប្រកួតប្រជែងរវាងមហាអំណាចដែលបន្តធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពក្នុងការការពារសិទ្ធិមនុស្ស ជាមូលដ្ឋាន និងការធ្វើឲ្យសម្រេចគោលដៅនៃរបៀបវារៈឆ្នាំ២០៣០ នៃប្រទេសកំពុងអភិវឌ្ឍន៍ និងសារៈសំខាន់នៃការគោរពធម្មនុញ្ញសហប្រជាជាតិ។

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាក្នុងឱកាស កិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. ដោយផ្តោតលើចំណុចសំខាន់ៗរួមមាន៖ ផលប៉ះពាល់ នៃជំងឺកូវីដ-១៩ លើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ពិភពលោក និងការរិះរកវិធីនិងមធ្យោបាយ សម្រាប់ស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺរាតត្បាតនេះ សារៈសំខាន់នៃពហុភាគីនិយមសម្រាប់សន្តិភាព និងវិបុលភាពពិភពលោក ការកើនឡើងនូវទណ្ឌកម្មឯកតោភាគីដែលគំរាមកំហែងដល់ច្បាប់អន្តរជាតិ ការប្រែប្រួលអាកាសធាតុ និងបញ្ហាភារវកម្ម និងសមិទ្ធផលរបស់កម្ពុជានៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការលើកកម្ពស់និងថែរក្សាសន្តិភាព និងអធិបតេយ្យជាតិ៕