(សៀមរាប)៖ កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានឧបត្ថម្ភថវិកាសប្បុរសធម៌ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងជូនមន្ទីរពេទ្យកុមារអង្គរ ក្រោមវត្តមានរបស់លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាខេត្តសៀមរាប។
លោកស្រី ទាង អេង ទៀសីហា បានឲ្យដឹងថា ក្នុងចំណោមថវិកាសរុបចំនួន ១១៧,១៩០ ដុល្លារអាមេរិក ដែលបានទទួលពីកម្មវីធី «សម្រាកសៀមរាប» ជិះកង់ដើម្បីកាកបាទក្រហមកម្ពុជា ដែលមានអ្នកចូលរួមជិះកង់ប្រមាណជាង ១,០០០នាក់ កាលពីចន្លោះថ្ងៃទី១៦-២១ ខែសីហា ឆ្នាំ២០២០ កន្លងទៅ ដែលសហការរៀបចំដោយអាជ្ញាធរខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សហការដោយអាជ្ញាធរជាតិអប្សរា និងកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប។
លោកស្រីបានបញ្ជាក់ពីការយកចិត្តទុក្ខដាក់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ មានជំងឺ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យជាដើម។
ដោយហេតុនេះហើយទើបកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប ត្រូវបែងចែកថរិកាជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ១០,០០០ ដុល្លារអាមេរិក មន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប ២៥,០០០ ដុល្លារអាមេរិក មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ២០,០០០ ដុល្លារអាមេរិក ព្រមទាំងអង្គការ និងមណ្ឌលកុមារកំព្រាចំនួន ៥ មណ្ឌលទៀត។ ក្រៅពីនោះ ក៏មានការសាងសង់ផ្ទះមនុស្សធម៌ជូនក្រុមគ្រួសារក្រីក្រជួបការលំបាកចំនួន ៥ ខ្នងផងដែរ៕