(ពោធិ៍សាត់)៖ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះភ្លៀងជាបន្តបន្ទាប់ រយៈពេល២ថ្ងៃជាប់ៗគ្នា ធ្វើឱ្យភូមិសាស្រ្តខេត្តពោធិ៍សាត់ជួបនូវបញ្ហាទឹកជំនន់ និងជំនន់ទឹកភ្លៀងនៅតាមដងស្ទឹងពោធិ៍សាត់ ដែលហូរកាត់ក្រុង-ស្រុកចំនួន ៤ (ក្នុងនោះមាន ១៨ ឃុំ-សង្កាត់) បណ្តាលឱ្យប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្ដីជូនដំណឹងនាល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ អំពីផលប៉ះពាល់យ៉ាងដូច្នេះថា៖
១៖ ស្រុកវាលវែង ប៉ះពាល់ចំនួន ៤ឃុំ រួមមានឃុំប្រមោយ ឃុំអន្លង់រាប ឃុំក្រពើពីរ និងឃុំអូរសោម សរុប ២០ភូមិ លិចដីភូមិប្រជាពលរដ្ឋចំនួន ៨គ្រួសារ ក្នុងនោះ ២គ្រួសារ ទឹកហូររសាត់បាត់ក្តារចំនួន ២៤សន្លឹក តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់អ្វីឡើយ និងប៉ះពាល់ដំណាំចំនួន ៣១៨.៥ហិកតា ខូចខាតដាច់ស្ពាន ៣កន្លែង ដាច់ផ្លូវ ១កន្លែង ចំណុចស្ទឹងក្រពើ និងស្រុតក្បាលស្ពាន ១កន្លែង។
២៖ ក្រុងពោធិ៍សាត់ ប៉ះពាល់ ៦សង្កាត់ ដែលមានប្រជាពលរដ្ឋ ១,៤២៧គ្រួសារ ក្នុងនោះលិចស្រូវចំនួន ៨២៨ហិកតា លិចផ្លូវចំនួន ១៥ខែ្ស ក្នុងនោះផ្លូវលំដីសចំនួន ១ខ្សែ ផ្លូវដីក្រហមចំនួន ១១ខ្សែ ផ្លូវកៅស៊ូចំនួន ២ខ្សែ និងផ្លូវបេតុងចំនួន ១ខ្សែ។
៣៖ ស្រុកកណ្តៀង ប៉ះពាល់ ៧ឃុំ សរុប ២៧ភូមិ ក្នុងនោះលិចផ្លូវកៅស៊ូ ៨,៥៥០ម៉ែត្រ ផ្លូវដីក្រហមចំនួន ១,៦៨៥ម៉ែត្រ ប៉ះពាល់ស្រូវស្រាលចំនួន ២៨៣ហិកតា និងបាក់ច្រាំងចំនួន ២កន្លែង។
៤៖ ស្រុកភ្នំក្រវាញ ប៉ះពាល់ ២ឃុំ ក្នុងនោះឃុំសំរោង ជម្លៀសប្រជាជនចំនួន ១៨០គ្រួសារ ខូចខាតផ្លូវចំនួន ១,០១៧ម៉ែត្រ និងបាក់ស្ពានចំនួន ១កន្លែង។
អ្នកនាំពាក្យបានបញ្ជាក់បន្តថា ចំពោះទីតាំងដែលរងគ្រោះខាងលើ គណៈកម្មាធិការគ្រប់គ្រងមហន្តរាយខេត្ដ ក្រុង-ស្រុក ឃុំ-សង្កាត់ និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានចុះពិនិត្យអន្តរាគមន៍ ២៤ ម៉ោងលើ ២៤ ម៉ោង។
បើយោងតាមការតាមដានកម្ពស់ទឹកនៅក្នុងថ្ងៃនេះ ឃើញថាកម្ពស់ទឹកស្ទឹងស្រុកភ្នំក្រវាញបានថយចុះចំនួន ១តឹក នៅក្នុងក្រុងពោធិ៍សាត់មានកម្ពស់ ៥.៥ម៉ែត្រដដែល៕