(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការអនុញ្ញាតពីលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដែលដឹកនាំដោយឯកអគ្គរដ្ឋទូត មៃឃើល មីចាឡាក់ (Amb. Michael Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ (US-ABC) តាមរយៈវីដេអូអនឡាញ នៅទីស្តីការក្រសួងសុខាភិបាល។
លោកស្រីរដ្ឋលេខាធិការ ឱ វណ្ណឌីន បានថ្លែងថា បើទោះបីជាពិភពលោកកំពុងជួបវិបត្តិ ដោយសារតែជំងឺកូវីដ-១៩ ដែលរុញឲ្យសេដ្ឋកិច្ចពិភពលោក ធ្លាក់ចុះយ៉ាងណាក្ដី សូមធុរជន អាមេរិក ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា កុំមានការព្រួយបារម្ភ ក្នុងគ្រាដែលរាជរដ្ឋាភិបាលកម្ពុជា មិនបន្ថយល្បឿននៃការធ្វើកំណែទម្រង់ផ្សេងៗ និងប្រព័ន្ធលើកទឹកចិត្តថ្មីៗ នៅក្នុងកិច្ចអភិវឌ្ឍន៌សង្គម។
លោកស្រីបន្ដថា ទោះបីជាជំងឺរាតត្បាតកូវីដ-១៩ បាននឹងកំពុងបង្កការលំបាក ជាច្រើនដល់កិច្ចដំណើរការនៃការងារសង្គម និងសេដ្ឋកិច្ច ក៏ប៉ុន្តែក្រសួងសុខាភិបាល មិនបន្ថយល្បឿននៃការងារកំណែទម្រង់ ការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការលើកកកម្ពស់គុណភាពសេវាសុខាភិបាលដែរ។
លោកស្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហអាមេរិក ក៏ដូចជាក្រុមហ៊ុនមួយចំនួន ដែលមានកិច្ចសហប្រតិបតិ្តការជាមួយក្រសួងសុខាភិបាល បានយ៉ាងល្អប្រសើរ ដែលកន្លងមក បានជួយដល់វិស័យសុខាភិបាលជាច្រើន ជាពិសេស ក្នុងកាលៈទេសៈដែលយើងបាន និងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោកស្រីរដ្ឋលេខាធិការ បានគូសបញ្ជាក់ជម្រាបអង្គប្រជុំថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពុជា មានអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន២៧៥ករណី ហើយមានតែ១ករណីប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមិនមានករណីស្លាប់ដោយសារជំងឹកូវីដ-១៩នោះទេ។
ដោយឡែក ក្រសួងសុខាភិបាល ក៏មិនទាន់ឃើញមានការចម្លងនៃវីរុសដ៏កាចសាហាវនេះ ចូលក្នុងសហគមន៍នៅឡើយដែរ។ ការគ្រប់គ្រង និងការឆ្លើយតប ទៅនឹងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពគួរជាទីមោទនៈនេះ គឺបានមកដោយសារការដឹកនាំដ៏ឈ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំ និងដាក់ចេញនូវវិធានការណ៍នានា បានទាន់ទាន់ពេលវេលា និងការចូលរួមយ៉ាងសស្រាក់សស្រាំ របស់អាជ្ញាធរថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លើសពីនេះ លោកស្រី ឱ វណ្ណឌីន បានលើកទឹកចិត្តដល់វិនិយោគិនអាមេរិកទាំងអស់ ធ្វើអាជីវកម្មរបស់ខ្លួន ដោយអនុលោមតាមច្បាប់ ដែលមានជាធរមាននៅកម្ពុជា ដើម្បីផ្តល់ជូនប្រជាជនកម្ពុជានូវផលិតផល និងសេវាសុខភាពដែលមានគុណភាព និងចូលរួមប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព ជាមួយក្រសួងសុខាភិបាល ដែលជាកិច្ចការអាទិភាពមួយក្នុងចំណោមអាទិភាពដ៏ច្រើន ក្រោមការចង្អុលបង្ហាញរបស់ សម្តេចតេជោ ហ៊ុន សែន។
លោកស្រី ក៏បានស្នើឲ្យតំណាងក្រុមហ៊ុន ទាំងអស់ជួយផ្សព្វផ្សាយបន្តអំពីកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងជួយទាក់ទាញ វិនិយោគិនអាមេរិកមកធ្វើការវិនិយោគ លើវិស័យសុខាភិបាលបន្ថែមទៀតនៅកម្ពុជា ជាពិសេសលើផ្នែកបង្កើនសមត្ថភាពរបស់មន្ទីរពេទ្យ ការបណ្តុះបណ្តាល និងការធ្វើទំនើបកម្ម បច្ចេកវិទ្យាសុខាភិបាល តាមបែបឌីជីថល។
ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការ បានជូនពរគណៈប្រតិភូវិនិយោគិនសហរដ្ឋអាមេរិក ទាំងអស់ ប្រកបដោយសុខភាពល្អ និងជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នាផងដែរ៕