(ភ្នំពេញ)៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា ដោយសារបរិស្ថាន វិនិយោគនៅកម្ពុជា មានភាពទាក់ទាញ មានអ្នកវិនិយោគអាមេរិកជាច្រើន កំពុងមានចំណាប់អារម្មណ៍ ដាក់ទុនវិនិយោគនៅកម្ពុជា។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក Patrick Murphy ចូលជួបពិភាក្សាការងារ ជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជំនួបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច។

ក្នុងជំនួបនោះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលកន្លងមក បានផ្តល់ ហិរញ្ញប្បទានឥតសំណង រួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ជាពិសេស ក្នុងវិស័យសុខាភិបាល, អប់រំ, កសិកម្ម, បរិស្ថាន និងអភិបាលកិច្ច។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា សហរដ្ឋអាមេរិក ក៏ដូចជាដៃគូអភិវឌ្ឍន៍ដទៃទៀតដែរ បានរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាក់ស្តែង កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ សហរដ្ឋអាមេរិក បានប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន៧.៥លានដុល្លារអាមេរិក សម្រាប់ស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានជម្រាបលោកឯកអគ្គរដ្ឋទូត Patrick Murphy ផងដែរថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តវិធានការអន្តរាគមន៍ សំដៅរក្សាលំនឹងសេដ្ឋកិច្ច និងសង្គម និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

ទន្ទឹមនេះ, រាជរដ្ឋាភិបាលកម្ពុជា នឹងប្រែក្លាយបញ្ហាប្រឈមជាមួយវិបត្តិនៃជំងឺកូវីដ-១៩នេះ ឲ្យទៅជាកាលានុវត្តភាពក្នុងការធ្វើកំណែទម្រង់ និងត្រៀមខ្លួន សម្រាប់ការបើកសេដ្ឋកិច្ចឡើងវិញ។

ដោយឡែក កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ កម្ពុជា និងសហរដ្ឋអាមេរិក បានដំណើរការ ទៅដោយរលូន និងប្រកបដោយវឌ្ឍនភាព គួរឲ្យកត់សម្គាល់។

រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តកញ្ចប់វិធានការកែទម្រង់មុតស្រួច សំដៅកែលម្អបរិស្ថានវិនិយោគ និងជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគ ឲ្យមកដាក់ទុនវិនិយោគបន្ថែមទៀត ក្នុងវិស័យដែលមានសក្តានុពលនៅកម្ពុជា រួមទាំងអ្នកវិនិយោគអាមេរិកផងដែរ។

នៅក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត Patrick Murphy បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងន័យចូលរួមជួយស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ, សាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិសហរដ្ឋអាមេរិក (DFC) នឹងផ្តល់ហិរញ្ញប្បទាន ដែលមានអត្រា ការប្រាក់ទាប ដល់វិស័យឯកជននៅកម្ពុជា ជាពិសេស សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីសម្រាលការលំបាក ក្នុងពេលកំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩។

លោកឯកអគ្គរដ្ឋទូត Patrick Murphy បានលើកឡើងផងដែរថា ដោយសារបរិស្ថានវិនិយោគនៅកម្ពុជា មានភាពទាក់ទាញ មានអ្នកវិនិយោគអាមេរិកជាច្រើន កំពុងមានចំណាប់អារម្មណ៍ដាក់ទុនវិនិយោគនៅកម្ពុជា។

ដូចនេះ លោកឯកអគ្គរដ្ឋទូតនឹងលើកទឹកចិត្ត ឲ្យអ្នកវិនិយោគអាមេរិកជាច្រើនទៀត មកវិនិយោគនៅកម្ពុជា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ និងរួមចំណែកជួយដល់ជីវភាពរបស់ប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់រដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានរួមវិភាគទានដ៏ថ្លៃថ្លា ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា៕