(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន ដ៏ល្បីឈ្មោះមួយនៅកម្ពុជា ដែលជាម្ចាស់គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់យ៉ាងច្បាស់ថា ការប្រែក្លាយអាងស្តុកទឹកបណ្តោះអាសន្នក្នុងគម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី ឲ្យក្លាយជាឧទ្យានបៃតងជាយុទ្ធសាស្ត្រអភិវឌ្ឍបៃតងសម្រាប់សហគមន៍រួម។
ការចេញសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុន ជីប ម៉ុង លែន នេះធ្វើឡើង បន្ទាប់ពីមានប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញមួយចំនួនបានតវ៉ាដើម្បីទប់ស្កាត់ ការលុបស្រះទឹកក្នុងទីតាំង ហ្គ្រេន ភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ហ្គ្រេន ភ្នំពេញ ស៊ីធី រក្សាជំហរកែប្រែអាងស្តុកទឹកបណ្តោះអាសន្ន ដែលធ្លាប់ត្រូវបានប្រើប្រាស់សម្រាប់ ស្រោចស្រពទីលានវាយកូនហ្គោល ឲ្យក្លាយជាឧទ្យានធម្មជាតិពណ៌បៃតង សម្រាប់បម្រើប្រយោជន៍រួមរបស់សហគមន៍ដែលកំពុងរស់នៅ និងដែលនឹងមករស់នៅក្នុងគម្រោងនាថ្ងៃអនាគត។
កន្លងមកបើទោះជាមានការយល់ច្រលំពីសំណាក់អ្នករស់នៅក្នុងគម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី មួយចំនួន លើកម្មសិទ្ធិភាពលើអាងស្តុកទឹកបណ្តោះអាសន្ននេះបន្ទាប់ពី ហ្គ្រេន ភ្នំពេញ ត្រូវបានផ្ទេរកម្មសិទ្ធមកក្រុមហ៊ុន ជីប ម៉ុង លែន ក៏ថ្នាក់ដឹកនាំក្រុមហ៊ុន បានធ្វើការបកស្រាយបំភ្លឺទៅកាន់អ្នកតំណាងអ្នករស់នៅមួយចំនួនទាំងនោះ ដោយផ្អែកលើមូលដ្ឋានច្បាប់ពន្យល់ពីភាពស្របច្បាប់របស់ក្រុមហ៊ុនលើទីតាំងអាងស្តុកទឹក និងជំហរអភិវឌ្ឍទីតាំងអាងឲ្យស្របទៅតាមផែនការ យុទ្ធសាស្ត្រធុរកិច្ចរបស់ក្រុមហ៊ុនផងដែរ។
គួរបញ្ជាក់ផងដែរថា អាងស្តុកទឹកដែលមានទំហំជិត១០ហិកតា នៅក្នុងគម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី ជាអាងស្តុកទឹកបណ្តោះអាសន្ន ត្រូវបានជីកយកដីចេញកាលពីចាប់ផ្តើម អភិវឌ្ឍគម្រោងដំបូង ហើយមានតួនាទីស្តុកទឹកស្រោចស្រពទីលានវាយកូនហ្គោល។ ទោះជាយ៉ាងណាទីតាំងនេះ ជាប្រភេទដីសាងសង់ដូចមានចារឹកក្នុងវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលេខ ច IX0905 ហើយដែលក្រុមហ៊ុនបានធ្វើការបង់ប្រាក់ពន្ធអចលនទ្រព្យ ទៅតាមច្បាប់តំរូវផងដែរ។
ក្រុមហ៊ុនក៏បានធ្វើការត្រួតពិនិត្យ ទៅលើកិច្ចសន្យាទិញរវាងអតិថិជនទាំងអស់ជាមួយកម្មសិទ្ធិករចាស់ ក៏ពុំមានកន្លែងណាបញ្ជាក់ថា អាងទឹកនេះនឹងត្រូវរក្សាទុក ដោយមិនអាចធ្វើការអភិវឌ្ឍ បាននាពេលអនាគតនោះឡើយ។ ការអះអាងរបស់តំណាងប្រជាពលរដ្ឋ ១៤០នាក់នោះ គឺសម្អាងទៅលើប្លង់មេ ដែលមានបង្ហាញនៅក្នុងរូបថត ដែលវាគ្រាន់តែជាខិតប័ណ្ណផ្សព្វផ្សាយ ដើម្បីលក់ផ្ទះ របស់ក្រុមហ៊ុនមុនតែប៉ុណ្ណោះ ហើយពុំមានឯកសារជាផ្លូវការណាមួយអាចបញ្ជាក់បានឡើយ។
គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី បានសង្កត់ធ្ងន់ថា «ដោយឈរលើកម្មសិទិ្ធស្របច្បាប់ ដែលក្រុមហ៊ុនបានទទួលត្រឹមត្រូវ ក្រុមហ៊ុនរក្សាសិទិ្ធអនុវត្តតាមផែនការធុរកិច្ចរបស់ខ្លួន ទៅតាមយុទ្ធសាស្ត្រក្នុងនាមជា អ្នកអភិវឌ្ឍលំនៅដ្ឋានដ៏មានកេរ្តិ៍ឈ្មោះល្អ»៕