(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើរការជាផ្លូវការនូវសន្ធានកម្ម រវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និងប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារ ដែលជាការរួមចំណែកឱ្យការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងចំណូលពន្ធកាន់តែល្អប្រសើរថែមទៀត។

ពិធីប្រកាសដាក់ឱ្យដំណើរការនូវសន្ធានកម្មនៃប្រព័ន្ធគ្រប់ថវិការបស់ក្រសួងសេដ្ឋកិច្ចទាំងពីរនេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើនរូបទៀត។

សន្ធានកម្មរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារ គឺជាការសម្រេចនូវការងារទំនើបកម្ម និងស្វ័យប្រវត្តិកម្មនៃការចែករំលែកទិន្នន័យចំណូលពន្ធដារទៅវិញទៅមករវាងប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារ និង ប្រព័ន្ធ FMIS លើមុខងារសំខាន់ចំនួនពីរគឺ៖ ១) ការបញ្ជូនទិន្នន័យចំណូលថវិកាចេញពីប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារទៅប្រព័ន្ធ FMIS ជំនួសឱ្យការចេញក្រដាសសលាកបត្របង់ប្រាក់ចូលថវិកាជាតិ និង ថ្នាក់ក្រោមជាតិ ដែលពីមុនត្រូវការពេលវេលាយូរ, ប្រើប្រាស់ក្រដាសស្នាម និង នីតិវិធីស្មុគស្មាញជាច្រើន និង ២) ការបញ្ជូនទិន្នន័យចំណូលពន្ធដារ ដែលបានកាត់ទុកដោយអគ្គនាយកដ្ឋាន រតនាគារជាតិ និង រតនាគាររាជធានី-ខេត្ត ចេញពីប្រព័ន្ធ FMIS ទៅប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារដោយបែងចែកយ៉ាងលម្អិតច្បាស់លាស់ទៅតាមប្រភេទពន្ធនិងអាករនានា។

ក្នុងពិធីនោះលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានថ្លែងពីវឌ្ឍនភាព និង អត្ថប្រយោជន៍សំខាន់ៗនៃការធ្វើសន្ធានកម្មនេះ។ លោក គង់ វិបុល ក៏បានថ្លែងអំណរគុណដល់លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប ដែលបានដឹកនាំការឱ្យសម្រេចបានការធ្វើសន្ធានកម្មរវាងប្រព័ន្ធទាំងពីរនេះតាមគោលដៅចង់បានរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងការធ្វើទំនើបកម្ម និង ស្វ័យប្រវត្តិកម្មការប្រមូលចំណូលថវិកាជាតិ។

លោក គង់ វិបុល បានឱ្យដឹងដែរថា រហូតមកដល់ពេលនេះអគ្គនាយកដ្ឋានពន្ធដារសម្រេចបាននូវការងារទំនើបកម្មជាបន្តបន្ទាប់នានា ក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងចំណូលពន្ធដារ និងអាករនានា។ ជាពិសេសប្រព័ន្ធផ្ដល់សេវាផ្សេងៗជូនអ្នកជាប់ពន្ធ ជាមួយការខិតខំប្រឹងប្រែងធ្វើសន្ធានកម្មទៅកាន់ប្រព័ន្ធនានារបស់រាជរដ្ឋាភិបាល រួមមាន៖ ប្រព័ន្ធប្រមូលពន្ធគយនិងអាកររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, ប្រព័ន្ធគ្រប់គ្រងមធ្យោបាយយានយន្តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនដែលនឹងសម្រេចបានក្នុងពេលដ៏ខ្លីខាងមុខ ពោលគឺដូចនឹងពេលនេះគឺសម្រេចបាននូវការតភ្ជាប់ជាមួយប្រព័ន្ធ FMIS។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានគូសបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ ប្រព័ន្ធ FMIS បានដាក់ឱ្យដំណើរការស្ទើរតែគ្រប់អង្គភាពស្នូលទទួលបន្ទុកហិរញ្ញវត្ថុ និងថវិកានៅទូទាំងប្រទេស ដែលរួមមានអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុនៃក្រសួង ស្ថាប័នទាំងអស់, អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្តទាំង២៥។ លើសពីនេះ ប្រព័ន្ធ FMIS ក៏បានតភ្ជាប់ជាមួយប្រព័ន្ធផ្សេងៗជាច្រើនទៀត ក្នុងនោះមាន ៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយនិងប្រព័ន្ធអេឡិចត្រូនិកគយ, ប្រព័ន្ធធនាគាររបស់ធនាគារជាតិនៃកម្ពុជា និង របស់ធនាគារពាណិជ្ជដៃគូជាច្រើន, ប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈ និង ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានលើកឡើងថា ការធ្វើសន្ធានកម្មប្រព័ន្ធទាំងពីរនេះ គឺជាការសម្រេចបានដោយជោគជ័យនូវផែនការគន្លឹះមួយនៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលដែលចក្ខុវិស័យដ៏មោះមុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការបង្កើនប្រសិទ្ធភាពដល់ការងារគ្រប់គ្រងការប្រមូលចំណូលថវិកាជាតិ, ការសន្សំសំចៃចំណាយថវិកាជាតិតាមរយៈការកាត់បន្ថយការប្រើប្រាស់ក្រដាស និង នីតិវិធីស្មុគស្មាញនានា, ចូលរួមបង្កើនផលិតភាពការងាររបស់មន្ត្រីពន្ធដារ និងរតនាគារ និង ជាពិសេសគឺការផ្ដល់ព័ត៌មានស្ដីពីចំណូលថវិកាជាតិបានកាន់តែឆាប់រហ័ស៕