(ភ្នំពេញ)៖ «យើងជាប្រជារាស្ត្រខែ្មរ ដែលធ្លាប់មានអារ្យធម៌ឧត្តុងឧត្តម ប្រទេសជាតិស្តុកស្តម្ភ ធំទូលាយថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រពណ្ណរាយបានធ្លាក់ខ្លួនដ៏សែនរន្ធត់ក្នុងអំទ្បុងពីរទសវត្សរ៍ចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយទ្រុឌទ្រោមឱនថយមហាសោកស្តាយ បានភ្ញាក់រឭកក្រោកឈរទ្បើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ ថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា «កោះសន្តិភាព» ទ្បើងវិញផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្សគោរពច្បាប់ទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតជាតិឱ្យបានឈានទ្បើងរីកចំរើន លូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍»។ នេះគឺជាបុព្វកថានៃរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាដែលរហូតមកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះមានអាយុ ២៧ ឆ្នាំហើយ និងបានឆ្លងកាត់ធ្វើវិសោធនកម្មចំនួន៨លើក ដើម្បីធានាបាននូវប្រក្រតីភាពនៃដំណើរការរបស់រដ្ឋ។
ថ្ងៃទី២៤ ខែកញ្ញា កាលពី២៧ ឆ្នាំមុន ព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ បានឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញថ្មីមួយក្រោយពីសភាធម្មនុញ្ញបានអនុម័ត នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣បន្ទាប់ពីមានការបោះឆ្នោតរៀបចំឡើង ដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (អ៊ុនតាក់) តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស៍ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលភាគីខ្មែរក្នុងជម្លោះប្រដាប់អាវុធទាំង ៤ ភាគីនិងដោយមានបណ្តាប្រទេសពាក់ព័ន្ធនិង អង្គការសហប្រជាជាតិជាសាក្សីបានចុះហត្ថលេខា ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។ ស្មារតីនៃកិច្ចព្រមព្រៀ ងសន្តិភាពទីក្រុងប៉ារីស៍ ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ ហើយរដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលតែមួយគត់របស់ព្រះរាជាណាចក្រកម្ពុជា។
រយៈពេល ២៧ ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រតិបត្តិតាមរដ្ឋធម្មនុញ្ញនិងការពារបាននូវសុខសន្តិភាពដែលរក បានមកដោយពិបាកនេះសម្រាប់កម្ពុជា។ មាត្រា ១ នៃរដ្ឋធម្មនុញ្ញចែងថា «ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ»។ នា ពេលកន្លងមក ទោះបីជាក្រុមជ្រុលនិយមនិងចៅហ្វាយនាយបរទេសរបស់ពួកគេ បានរៀបចំផែនការទុច្ចរឹត ប៉ុនប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមានតាមរយៈការអនុវត្តផែនការបដិវត្តន៍ពណ៌ផ្លាស់ប្តូរ របបដឹកនាំមធ្យោបាយមិនប្រជាធិបតេយ្យយ៉ាងណាក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានទប់ស្កាត់ និងបំផ្លាញផែនការឧបាយកលទុច្ចរឹតនេះបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ អង្គការចាត់តាំង ផ្នែកនយោបាយនៃបដិវត្តន៍ពណ៌ត្រូវបានរំលាយ ហើយមេក្លោងបដិវត្តន៍ពណ៌ត្រូវបានចាប់ខ្លួន ហើយមេក្លោងនិងអ្នកសមគំនិតជាច្រើនទៀត បានរត់គេចខ្លួនពីសំណាញ់ច្បាប់។
ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា បានខិតខំការពារអធិបតេយ្យភាពជាតិខ្មែរប្រឆាំងនឹងការជ្រៀត ជ្រែករបស់បរទេសដោយប្រកាសប្តូរផ្តាច់ថា «ទោះបីជាក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារសន្តិភាពឱ្យបាន ជាដាច់ខាត» ព្រោះសន្តិភាពបានផ្តល់ឱ្យជាតិ និងប្រជាជនកម្ពុជានូវអ្វីៗទាំងអស់។ គ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍដែរ។ ប៉ុន្តែក្រុមជ្រុលនិយមមិនយល់ដូច្នោះឡើយ និងមិនបានគិតពីសុខទុក្ខរបស់ប្រជាជនខ្មែរ នោះទេ។ ពួកគេធ្វើអ្វីៗទាំងអស់ដើម្បីផលប្រយោជន៍បក្ខពួកនិងបម្រើឱ្យភូមិសាស្ត្រនយោបាយចៅហ្វាយ របស់ខ្លួនដោយមិនខ្វល់ខ្វាយឡើយ។ ពួកគេបានយកអធិបតេយ្យភាពជាតិខ្មែរទៅដាក់ក្រោមបាតជើងបរទេស លុតជង្គង់អង្វរបរទេសឱ្យមកជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងជាតិ និងបំផ្លាញកិត្តិយសនិងភាពថ្លៃថ្នូររបស់ជាតិខ្មែរ។ ពួគេបានប្រើប្រាស់នយោបាយបោកប្រាស់ លាបពណ៌ និងបំផ្លាញជាតិ និងប្រជាជនដោយអំពាវនាវដល់បរទេសទាំងឡាយ «កុំផ្តល់ជំនួយ កុំវិនិយោគ និងកុំទិញទំនិញពីកម្ពុជា»។ ចំពោះមុខនៃការ គំរាមកំហែងនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគោលជំហរច្បាស់លាស់ និងម៉ឺងម៉ាត់របស់កម្ពុជាថា កម្ពុជាមិនយកអធិបតេយ្យភាព និងបូរណភាពទឹកដីទៅប្តូរនិងជំនួយ ឬការគាំទ្រណាមួយឡើយ។ នេះ គឺជាការប្រកាសពីការការពារប្តូរផ្តាច់ចំពោះអធិបតេយ្យភាពជាតិខ្មែររបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនអាចអនុញ្ញាតឱ្យបរទេសណាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាឡើយ។
ក្នុងរយៈពេល ២៧ ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានតស៊ូប្តូរផ្តាច់ ក្នុងការបន្តការពារបូរណភាពទឹកដីនៃកម្ពុជា តាមរយៈការចរចាជាមួយប្រទេសជិតខាង និងដោះស្រាយលើបញ្ហាខ័ណ្ឌសីមាប្រទេសកម្ពុជា។ រដ្ឋធម្មនុញ្ញមាត្រា ២ បានចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ ១៩៦៣-១៩៦៩។ ហើយមាត្រា ៣ នៃរដ្ឋធម្មនុញ្ញក៏បានចែងថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន។ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំកសាងព្រំដែនជាមួយប្រទេសជិតខាងទៅជាព្រំដែនសន្តិភាពសហប្រតិបត្តិការ និងមិត្តភាព និងការពារឱ្យបាននូវបូរណភាពដែនដី។ ប៉ុន្តែលើបញ្ហានេះ ក្រុមជ្រុលនិយមបានព្យាយាមម្តងហើយម្តងទៀត ក្នុងការយកបញ្ហាព្រំដែនមកដុតកំហឹងប្រជាពលរដ្ឋញុះញង់ និងកេងចំណេញផលប្រយោជន៍នយោបាយ។ ពួកគេបានប្រើប្រាស់បញ្ហាព្រំដែន ទៅជាលេសក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះ ទណ្ឌិតក្បត់ជាតិតពូជពីឪដល់កូន សម រង្ស៊ី បាន លួចចុះកិច្ចព្រមព្រៀងស្ងាត់ៗជាមួយជនជាតិម៉ុងតាញ៉ា កុក ស សន្យាកាត់ដីខ្មែរ ៤ ខេត្តនៃភូមិភាគឥសាន ឱ្យទៅក្រុមនេះថែមទៀត។ នេះគឺជាទង្វើក្បត់ជាតិមិនអាចលើកលែងបានឡើយ។
កម្ពុជាបានឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏សោកសៅ និងហួកហែរដោយសង្គ្រាមស៊ីវិល ពលរដ្ឋរស់នៅ ក្នុងស្ថានភាពក្រីក្រលំបាកជាច្រើនទសវត្សរ៍ ប៉ុន្តែកម្ពុជាចាប់ផ្តើមកសាងកេរ្តិ៍ឈ្មោះ និងមានកិត្តិយសឡើងវិញនោលើឆាកអន្តរជាតិ ក្រោយការបង្កើតរដ្ឋាភិបាលអាណត្តិទី១ និងបន្តកសាងជាតិ និងខិតខំដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍមួយ។
ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ក្រោយពីកម្ពុជាទទួលបានសុខ សន្តិភាពពេញលេញនៅខែធ្នូឆ្នាំ១៩៩៨ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម កម្ពុជាមានឱកាសគ្រប់គ្រាន់ក្នុងការគិតគូរពីការកសាងនិងអភិវឌ្ឍជាតិ។
ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុ ជាមានកំណើនក្នុងរង្វង់ ៧%ក្នុងមួយឆ្នាំ ហើយអាត្រនៃភាពក្រីក្រនៅកម្ពុជាធ្លាក់ចុះនៅក្រោម ១០%។ កម្ពុជាក៏បានចាកចេញផុតពីឈ្មោះថា ជាប្រទេសក្រីក្រតោកយ៉ាកមកជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ហើយនឹងឈានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ នេះគឺជាមោទនកភាពជាតិក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីដែលបានយកជីវិតធ្វើជាដើមទុនរំដោះជាតិ និងប្រជាជនពីរបបខ្មែរក្រហម នាំសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិ និងនាំយកយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហមតាមរយៈការបង្កើតសាលាក្តី កាត់ទោសមេដឹកនាំខ្មែរក្រហមថែមទៀត។
កម្ពុជាក៏បានឆ្លងកាត់ពីប្រទេសផ្តាច់ការ គ្មានការគោរពសិទ្ធិមនុស្ស គ្មានសេរីភាព និងគ្មានប្រជាធិបតេយ្យ និងសូម្បីតែសិទ្ធិរស់រានមានជីវិតក៏គ្មានដែរ ក្រោមការដឹកនាំនៃរបបខ្មែរក្រហម ប៉ុល ពត មកជាប្រទេសដែលមានការគោរពសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងប្រកាន់ខ្ជាប់នូវរបបនយោបាយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ប៉ុន្តែក្នុងរយៈពេល ២៧ ឆ្នាំមកនេះ កម្ពុជាក៏ជាជនរងគ្រោះនៃក្រុមបស្ចឹមប្រទេសក្រោមពាក្យ «សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ» ដើម្បីគាបសង្កត់ ដាក់សម្ពាធមកលើជាតិ និងប្រជាជនកម្ពុជាផងដែរ។ តាមរយៈពាក្យប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស បស្ចឹមប្រទេសខ្លះបានជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា និងបានប្រើប្រាស់កម្លាំងនយោបាយជ្រុលនិយម ដើម្បីបំផ្លាញសុខសន្តិ ភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជាតាមរយៈផែនការបដិវត្តន៍ពណ៌។ ផែនការទុច្ចរិតដែលគេបានព្យា យាមអនុវត្តតាំងពីយូរណាស់មកហើយ ហើយជនជាប់ចោទ កឹម សុខា តាមរយៈខ្សែអាត់វីដេអូក៏បានសារ ភាពថាខ្លួនបានទទួលការបង្ហាត់បង្រៀន និងផ្តល់យោបល់ពីបរទេសដើម្បីផ្លាស់ប្តូររបបដឹកនាំនៅកម្ពុជា។ ប៉ុន្តែឧបាយកលទុច្ចរិតរបស់ក្រុមជ្រុលនិយម និងចៅហ្វាយនាយបរទេសរបស់ពួកគេ មិនអាចទទួលបាន ជោគជ័យឡើយដោយសារតែបារមីមហាស្វេតឆ័ត្រ និងវត្ថុស័ក្តិសិទ្ធលើលោក ទេវតាថែរក្សាព្រះរាជាណា ចក្រកម្ពុជាជួយឱ្យរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានដឹងពីល្បិចកលនេះ និងទប់ស្កាត់បានទាន់ពេល។
សរុបមកវិញ រយៈពេល ២៧ឆ្នាំមកនេះ កម្ពុជាបានប្រតិបត្តិបានយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ និងបានការពាររដ្ឋធម្មនុញ្ញបានយ៉ាងល្អប្រសើរ។ ការគោរពប្រតិបត្តិតាមរដ្ឋធម្មនុញ្ញរយៈពេល ២៧ ឆ្នាំមកនេះ ពិតជាបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ការអភិវឌ្ឍ និងធ្វើឱ្យកម្ពុជាមានស្ថិរភាពពិតប្រាកដ និងការពារបាននូវបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ ព្រមទាំងធ្វើឱ្យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមានការរីកធំធាត់ប្រកបដោយសុខភាពល្អ។
កម្ពុជាត្រូវបានទទួលស្គាល់ថាបានដើរតួនាទី សំខាន់នៅក្នុងតំបន់ និងបានចូលរួមចំណែកថែរក្សាសន្តិភាពនៅលើពិភពលោក។ ២៧ ឆ្នាំមុន កម្ពុជាបាន ទទួលវត្តមាននៃកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិដើម្បីរៀបចំប្រទេសឡើងវិញ បង្កើតសន្តិភាព ប៉ុន្តែ ២៧ ឆ្នាំក្រោយ កម្ពុជាបានឈរយ៉ាងរឹងមាំ មានភាពម្ចាស់ការលើការគ្រប់គ្រងវាសនាជាតិខ្លួន និងថែមទាំងចូលរួមជាមួយពិភពលោកដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពថែមទៀតផង។ ជាមួយគ្នានេះ ជាតិ និងប្រជាជនកម្ពុជាទាំងមូល បាននិងកំពុងរួមសាមគ្គីគ្នាយ៉ាងរឹងមាំបន្តទប់ស្កាត់ និងប្រឆាំងនូវរាល់ឧបាយកលទុច្ចរិតរបស់ក្រុមជ្រុលនិយម និងចៅហ្វាយនាយរបស់ពួកគេ ដែលប៉ុនប៉ងក្នុងការបំផ្លាញសន្តិភាពរបស់ កម្ពុជា។ កម្ពុជាពេលនេះ ជាកម្ពុជារឹងមាំ ប្រកបដោយមោទនកភាពជាតិ !
ដោយ៖ ចៅចាក់ស្មុក