(ភ្នំពេញ)៖ ប្រធានការិយាល័យប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃ ដែលដកកាំភ្លើងភ្ជង់ថៅកែហាងគុយទាវអង្គរជុំ ក្នុងវង់ផឹកស៊ី រហូតមកដល់ពេលនេះ អង្គភាពបានដកកាំភ្លើងរបស់ជនបង្កទុក និងធ្វើកិច្ចសន្យាដើម្បីទទួលស្គាល់កំហុសនូវអ្វីដែលខ្លួនបានប្រព្រឹត្ត។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានបញ្ជាក់ទៀតថា នីតិវិធីបន្ដទៀតនោះ អង្គភាពកំពុងរៀបចំឲ្យមានការជួបគ្នាដើម្បីសួរនាំបន្ដ រវាងជនបង្កជាប្រធានការិយាល័យប្រឆាំងភេរវកម្ម ជាមួយម្ចាស់ហាងគុយទាវអង្គជុំ ដើម្បីធ្វើការដោះស្រាយ ឬរកផ្លូវសម្របសម្រួលណាមួយ ព្រោះដោយយល់ឃើញថា ភាគីទាំងពីរសុទ្ធតែជាមិត្ដភ័ក្រ និងរាប់អានគ្នាយូរមកហើយ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា ដំណើរការបន្ដទៀតឈានដល់ណានោះទេ ពោលរង់ចាំឲ្យភាគីទាំងពីរជួបគ្នា និងរង់ចាំការសម្រេចជាថ្មី របស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

សូមជម្រាបថា ម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោក រាជធានីភ្នំពេញ បានដាក់ពាក្យប្តឹងប្រធានការិយាល័យប្រឆាំងភេរវកម្ម នៃក្រសួងមហាផ្ទៃ ឈ្មោះ ថ្លាង ភិនរ៉ា បន្ទាប់ពីមន្ត្រីនគរបាលរូបនេះបានដកកាំភ្លើងគំរាមបាញ់សម្លាប់លោក និងភរិយា។ ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។ នេះបើយោងតាមពាក្យបណ្ដឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ជនរងគ្រោះឈ្មោះ ជុយ សុខហេង ភេទប្រុស អាយុ៥៣ឆ្នាំ ទីលំនៅសព្វថ្ងៃផ្ទះលេខ៩១ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោក បានប្ដឹងលោក ថ្លាង ភិនរ៉ា ទៅកាន់ស្ថាប័នចំនួន៣៖

ទី១៖ ប្តឹងទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ទី២៖ ប្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
ទី៣៖ ប្តឹងទៅកាន់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

ការប្ដឹងនេះបានធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលខាងលើ បានជេរប្រមាថ និងគំរាមបាញ់សម្លាប់ជនរងគ្រោះ និងភរិយា ដោយដកកាំភ្លើងពីចង្កេះអាមេបញ្ចូលគ្រាប់តម្រង់ ទៅលើជនរងគ្រោះ និងភរិយា ដែលកំពុងហូបអាហារថ្ងៃត្រង់នៅក្នុងហាគុយទាវអង្គរជុំ សាខាទួលគោកផ្ទាល់តែម្ដង។

លោក ជុយ សុខហេង បានរៀបរាប់នៅក្នុងពាក្យបណ្តឹងថា នៅថ្ងៃកើតហេតុថ្ងៃទី២០ ខែកញ្ញា វេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ លោកបានរៀបចំការហូបចុកជុំជាមួយមិត្តភក្តិប្រមាណ៨នាក់ជាលក្ខណៈមិត្តភាព នៅទីតាំងហាងគុយទាវរបស់ខ្លួន ព្រោះមិនមានការបើកលក់នោះទេជាថ្ងៃបុណ្យភ្ជុំ។

លោក សុខហេង រៀបរាប់ទៀតថា លុះការហូបចុកបានមួយសន្ទុះ ក៏លោក ថ្លាង ភិនរ៉ា ដើរចូលកន្លែងហូបចុករបស់លោកដោយមិនមានការអញ្ជើញនោះឡើយ តែដោយសារធ្លាប់ស្គាល់គ្នាទើបអ្នករួមតុអនុញ្ញាតឱ្យលោក ថ្លាង ភិនរ៉ា រួមតុតែម្តង។

លោក សុខហេង បន្តថា ការហូបចុកបានបន្តរហូតដល់ម៉ោងប្រមាណ២រសៀល មិត្តភក្តិមួយចំនួនបានត្រឡប់ទៅផ្ទះអស់ នៅសល់មនុស្សប្រមាណតែ៥នាក់ប៉ុណ្ណោះ រួមមានរូបលោក និងភរិយាផង អង្គុយហូបចុកមួយតុរួមគ្នា។ ពេលនោះលោក ថ្លាង ភិនរ៉ា ដែលមានអាការៈស្រវឹងស្រាផងនោះ ក៏បានចាប់ផ្តើមប្រើពាក្យសម្តីព្រមានពីការបិទហាង ឬដាក់នគរបាលចាំត្រួតពិនិត្យជាតិអាល់កុលនៅមុខហាងគុយទាវជាដើម។ មិនត្រឹមតែប៉ុណ្ណោះ លោក ថ្លាង ភិនរ៉ា ថែមទាំងបានអួតអាងថា ខ្លួនអាចទូរស័ព្ទទៅនាយឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យបិទហាងគុយទាវអង្គរជុំពេលណាក៏បានថែមទៀតផង។

នៅក្នុងពាក្យបណ្តឹងលោក សុខហេង បានរៀបរាប់ថា ក្រោយមានការលើកឡើងបែបនេះ លោកក៏បានតមាត់ទៅវិញថា ហាងរបស់លោកលក់គុយទាវ កាហ្វេ មិនបានលក់គ្រឿងញៀនអីនោះទេ ហេតុអ្វីក៏ចង់បិទហាងរបស់លោក។

បើតាមការរៀបរាប់របស់លោក សុខហេង ក្រោយពីប៉ះសម្តីគ្នាបែបនេះ លោក ថ្លាង ភិនរ៉ា ប្រធានការិយាល័យប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃ បានដកកាំភ្លើងពីចង្កេះរួចអាមេបញ្ចូលគ្រាប់ភ្ជង់ទៅលើរូបលោក និងភរិយា។ លោក សុខហេង បានបន្តថា មិនត្រឹមតែបានដកកាំភ្លើងមកភ្ជង់នោះទេ លោក ភិនរ៉ា បានប្រើសម្តីធ្ងន់ៗគំរាមសម្លាប់រូបលោក និងភរិយាថែមទៀតផង។

ក្នុងពាក្យបណ្ដឹងដដែលនេះជនរងគ្រោះបានទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារអាមេរិក និងបានស្នើសូមឲ្យច្បាប់ផ្តន្ទាទោសលើមន្ត្រីនគរបាលនោះធ្ងន់ធ្ងរជាទីបំផុត មិនអាចលើកលែងបាន៕

រូបភាពពីរនាក់ប្តីប្រពន្ធ ម្ចាស់ហាងគុយទាវអង្គរជុំ ដែលរងការប្រមាថ និងគំរាមបាញ់