(កំពត)៖ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្តល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពត លោក ជាវ តាយ អភិបាលខេត្តកំពត បានក្រើនរំលឹកនិងណែនាំដល់អង្គភាពច្រកចេញតែមួយ ត្រូវពង្រឹងរបៀបរបបបំពេញការងារ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈរបស់មន្ត្រី ធ្វើយ៉ាងណាផ្តល់សេវាល្អប្រសើរជូនដល់ប្រជាពលរដ្ឋ។

កិច្ចប្រជុំនេះបានធ្វើឡើងនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពត ដោយមានការចូលរួមពីលោកប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជួរថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកអភិបាលខេត្ត ជាវ តាយ បានថ្លែងបន្តថា កិច្ចប្រជុំផ្សព្វផ្សាយនេះនឹងធ្វើឲ្យយើងទាំងអស់គ្នាយល់ដឹងអំពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យា សម្រាប់គ្រប់គ្រង និងការផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ ដោយផ្តល់អត្ថប្រយោជន៍ និងពន្លឿនការផ្តល់សេវា កាត់បន្ថយពេលវេលា ងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យ តាមអនឡាញ ដែលអាចអនុញ្ញាតឲ្យរាជធានីខេត្ត ធ្វើការកត់ត្រាសេវាគ្រប់គ្រងចំណូល តាមដានចរន្តការឯកសារ និងផ្តល់ភាពងាយស្រួលដល់ថ្នាក់ដឹកនាំខេត្ត ក្នុងការពិនិត្យមើលវឌ្ឍនភាពនៃការផ្តល់សេវា ជាពិសេសអ្នកស្នើសុំសេវា ក៏អាចតាមដានពិនិត្យមើលចរន្តការឯកសាររបស់ខ្លួនបានផងដែរ។

លោកអភិបាលខេត្ត ក៏បានណែនាំ និងរំលឹក ដល់មន្ត្រីរាជការត្រូវផ្លាស់ប្តូរអត្តឥរិយាបថឱ្យទៅជាមន្ត្រីជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់ ដោយផ្តោតសំខាន់ទៅលើគោលការណ៍ ៥ចំណុចដែលជាគ្រឹះក្នុងការផ្តល់សេវារួមមាន៖ សាមញ្ញ សីលធម៌វិជ្ជាជីវៈ គណនេយ្យភាព ការជឿទុកចិត្ត និងតម្លាភាព៕