(ភ្នំពេញ)៖ សហគ្រិនខ្មែរ ដែលជាស្ថាប័នក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាអូស្រ្ដាលី ហៅកាត់ថា CAVAC ដែលជាកម្មវិធីរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការលើកស្ទួយការប្រកួតប្រជែង និងភាពរឹងមាំក្នុងវិស័យកសិកម្មកម្ពុជា នឹងផ្ដល់ជាជំនួយហិរញ្ញប្បទាន ជូនដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី ក្នុងវិស័យកែច្នៃកសិផល ដើម្បីបង្កើនតម្លៃបន្ថែម ដល់ផលិតផលកសិកម្មក្នុងស្រុក តាមរយៈកម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរលើកទី២។
ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ ដែលបង្កឡើងដោយជំងឺកូវីដ១៩ ដែលសហគ្រិនកម្ពុជាកំពុងជួបប្រទះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសហគ្រិនខ្មែរ បានរៀបចំបង្កើតកម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរនេះឡើង។
កម្មវិធីនេះ គឺជាដំណោះស្រាយយុទ្ធសាស្ត្រមួយដ៏មុតស្រួច បង្កើតឡើងដើម្បីឆ្លើយតបចំពោះបញ្ហា ដែលធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជាកំពុងប្រឈម។ កម្មវិធីនេះក៏ជាមធ្យោបាយចម្បងមួយ ដែលជួយឱ្យការផ្គត់ផ្គង់ និងតម្រូវការក្នុងទីផ្សារមានស្ថេរភាពឡើងវិញ ជាពិសេសជួយទៅដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមក្នុងការចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មបន្តទៀត ក្នុងកំឡុងពេល រួមទាំងក្រោយវិបត្តិកូវីដ១៩។
កញ្ចប់ជំនួយសហគ្រិនខ្មែរ ត្រូវបានអនុវត្តឡើងជា៤ ដំណាក់កាលធំៗ។ នៅដំណាក់កាលទី១ សហគ្រិនខ្មែរ ធ្វើការប្រកាសពីការបើកទទួលពាក្យស្នើសុំ តាមរយៈបណ្ដាញសង្គមនានា តាមរយៈដៃគូរបស់សហគ្រិនខ្មែរ និងបណ្ដាញសារព័ត៌មានផ្សេងៗ។ ដំណាក់កាលទី២ សហគ្រិនខ្មែរ ចាប់ផ្ដើមសម្រឹតសម្រាំង និងដាក់ពិន្ទុពាក្យស្នើសុំទាំងអស់ ដោយផ្អែកទៅលើគោលការណ៍វាយតម្លៃស្ដង់ដា។ ក្នុងដំណាក់ទី៣ សហគ្រិនខ្មែរ អញ្ជើញសហគ្រិនជាប់វគ្គជម្រុះទាំងអស់ មកធ្វើបទបង្ហាញពីគម្រូអាជីវកម្មរបស់ខ្លួន នៅចំពោះមុខ គណៈកម្មការដែលសុទ្ធ តែជាបុគ្គលមានបទពិសោធន៍ និងជំនាញក្នុងការធ្វើអាជីវកម្ម (Business Experts) វិនិយោគិន (Investor) និងមូលនិធិវិនិយោគឯកជន (Venture Capitalists)។ នៅក្នុងដំណាក់កាលទី៤ សហគ្រិនខ្មែរ ប្រកាសពីបេក្ខភាពជ័យលាភី ដែលបានទទួលកញ្ចប់ជំនួយសហគ្រិនខ្មែរ ជូនដល់សាធារណៈ និងជាឱកាសជួយផ្សព្វផ្សាយពីគម្រូអាជីវកម្ម ផលិតផល និងសេវាកម្មរបស់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមផងដែរ។
នៅក្នុងបេសកកម្មលើកស្ទួយវិស័យកែច្នៃកសិផល ដើម្បីជំនួសឱ្យការនាំចូលនេះដែរ សហគ្រិនខ្មែរ បានបង្កើតកិច្ចព្រមព្រៀងដៃគូសហការជាមួយនឹង CAVAC។ បន្ថែមពីនេះដែរ នៅក្នុងដំណើរការអនុវត្តកម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ CAVAC បានចូលរួមជាគណៈកម្មការវាយតម្លៃ នៅក្នុងដំណាក់កាលទី៣។ តាមរយៈការរៀបចំបែបនេះ CAVAC មានសមាសភាពពេញលេញ ក្នុងការផ្ដល់ជាជំនួយហិរញ្ញប្បទានបន្ថែម ជូនទៅដល់សហគ្រិនជម្រុះរូបណា ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ឆ្លើយតបទៅនឹងគោលបំណងកម្មវិធីរបស់ CAVAC។
លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បញ្ជាក់ថា «ក្នុងនាមជាស្ថាប័នក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហគ្រិនខ្មែរ មានចក្ខុវិស័យ ក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់ សហគ្រិនភាពនៅកម្ពុជា។ ការចូលរួមសហការផ្ដល់សហហិរញ្ញប្បទាន តាមរយៈកញ្ចប់ជំនួយសហគ្រិនខ្មែរលើកទី២នេះ ឆ្លុះបញ្ជាំងពីឆន្ទៈ និងគោលបំណងរួមរបស់សហគ្រិនខ្មែរ និង CAVAC ក្នុងការលើកស្ទួយ និងលើកកម្ពស់វិស័យកសិកម្ម ជាពិសេសការកែច្នៃកសិផលជំនួស ឱ្យការនាំចូលឱ្យកាន់តែប្រសើរឡើង»។
លោកបណ្ឌិតក៏បានបន្ថែមថា «សហគ្រិនខ្មែរ មានសេចក្ដីសោមន្ស ដែលបានឃើញគំនិតផ្ដួចផ្ដើមយ៉ាងសកម្មរបស់ CAVAC ក្នុងការចូលរួមចំណែកគាំទ្រធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យមតាមរយៈសហគ្រិនខ្មែរ ក្នុងវេលាដែលកម្ពុជា កំពុងតែរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩នេះ ។ សហគ្រិនខ្មែរសង្ឃឹមដោយសុទិដ្ឋិនិយមថា ស្ថាប័នជាច្រើនផ្សេងទៀត នឹងជ្រើសរើសកម្មវិធីរបស់សហគ្រិនខ្មែរ ជាមធ្យោបាយចម្បងក្នុងការសម្រេចបាននូវគោលបំណងនៃកម្មវិធីរបស់ខ្លួន តាមរយៈការក្លាយជាដៃគូសហការរបស់សហគ្រិនខ្មែរ ក្នុងការអនុវត្ដន៍គម្រោងផ្សេងៗទៀត នាថ្ងៃអនាគត»។
សហគ្រិនខ្មែរ ជឿជាក់ថា ជំនួយហិរញ្ញប្បទាន ដែលផ្ដល់ជូនតាមរយៈ កញ្ចប់ជំនួយហគ្រិនខ្មែរ អាចជាដំណោះស្រាយយ៉ាង មានប្រសិទ្ធភាពមួយសម្រាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ក្នុងការចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មឡើងវិញ ក្នុងពេលនេះ។ សហគ្រិនខ្មែរ ក៏សង្ឃឹមថាដៃគូជាច្រើនដទៃទៀត អាចចាប់ផ្ដើមនូវសកម្មភាពផ្សេងៗ ក្នុងការគាំទ្រធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាជួយជម្រុញការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា៕