(ភ្នំពេញ)៖ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីនារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យជាជនជាតិចិនចំនួន០៣នាក់ (ប្រុស០២ ស្រី០១) ទៅកាន់តុលាការ ដើម្បីធ្វើការផ្តន្ទាទោស តាមច្បាប់ពាក់ព័ន្ធករណី គ្រឿងញៀន។

ជនជាតិចិនទាំង០៣នាក់នោះមាន៖

* ទី១៖ ឈ្មោះ ZHOU CHAOJIANG ភេទប្រុស អាយុ៣៨ឆ្នាំ
* ទី២៖ ឈ្មោះ MENG LINGSHUANG ភេទស្រី អាយុ៣៦ឆ្នាំ
* ទី៣៖ ឈ្មោះ ZHAI FAQIN ភេទប្រុស អាយុ ៣៧ឆ្នាំ។

ជនសង្ស័យទាំង០៣នាក់នេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន រួមជាមួយកម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ និងកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៍គ្នាឆ្មក់បង្ក្រាប កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចបន្ទប់គ្មានលេខជាន់ទី១ ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ប្លង់ សុផល។

តាមរបាយការណ៍របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចទាំង០៣ជំនាញ បានចាប់យកវត្ថុតាងគ្រឿងញៀន ប្រភេទ ក្រាមសថ្លា ចំនួន០២កញ្ចប់ និង ០១ដប ទម្ងន់ ១៤.៨៨ក្រាម ព្រមទាំង សម្ភារៈប្រើប្រាស់គ្រឿងញៀន និងថង់ប្លាស្ទិក សម្រាប់ច្រកគ្រឿងញៀន មួយចំនួន៕