(ក្រចេះ)៖ សត្វរមាំង (Rucervus eldii) ចំនួន៤ក្បាលទៀត ត្រូវបានក្រុមអភិរក្សសត្វព្រៃ ថតបានជាលើកដំបូងក្នុងអំឡុងពេល៥ឆ្នាំ តាមរយៈការប្រើម៉ាស៊ីនថតស្វ័យប្រវិត្ត នៅក្នុងដែនជម្រកសត្វព្រៃសំបូរ ដែលជាតំបន់ការពារធម្មជាតិមួយ ស្ថិតក្រោមការគាំទ្រដោយអង្គការ WWF ក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ នៃខេត្តក្រចេះ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការអភិរក្សសត្វព្រៃពិភពលោក (World Wildlife Fund-WWF) ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថា សត្វរមាំងត្រូវបានចាត់ថ្នាក់ ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ទាំងនៅក្នុងច្បាប់ព្រៃឈើរបស់ប្រទេសកម្ពុជា និងក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។
ក្រុមអ្នកអភិរក្សបានបង្ហាញក្តីរំភើបរីករាយ ខណៈពួកគេកំពុងពិនិត្យមើលរូបភាពដ៏កម្រនៃវត្តមានរបស់សត្វរមាំងញីពេញវ័យចំនួន៣ក្បាល និងរមាំងជំទង់មួយក្បាល កំពុងរស់នៅក្នុងដែនជម្រក សត្វព្រៃសំបូរ ក្នុងចំណោមរូបថតសរុបចំនួន ១,៧១០សន្លឹក ដែលថតបានក្នុងចន្លោះខែសីហា ដល់ខែកញ្ញានេះ ដោយការពង្រាយម៉ាស៊ីនថតរូបស្វ័យប្រវិត្តនៅតាមទីតាំងផ្សេងៗគ្នាក្នុងដែនជម្រក ដែលមានផ្ទៃដីសរុបចំនួន ៥០.០៩៣ ហិកតា។
លោក អៀម សំអ៊ន់ អ្នកទទួលបន្ទុកផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះប្រចាំតំបន់មេគង្គនៃអង្គការ WWF បានថ្លែងដោយស្នាមញញឹមយ៉ាងដូច្នេះថា៖ «យើងទាំងអស់គ្នាពិតជារំភើបរីករាយ ខ្លាំងណាស់ដែលបានកត់ត្រាទុកនូវវត្តមានរបស់សត្វរមាំងទាំងនេះ»។
លោក អៀម សំអ៊ន់ បានបន្តថា ការស្រាវជ្រាវ និងតាមដានសត្វព្រៃដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងដែនជម្រកសត្វព្រៃនេះជាកិច្ចសហការរួមគ្នាដោយក្រុមអ្នកស្រាវជ្រាវ និងឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ សហគមន៍ព្រៃឈើ បុគ្គលិកអង្គការ WWF និងសមាជិកក្រុមល្បាតសហគមន៍ ក្រោមការឧបត្ថម្ភថវិកាដោយអង្គការ WWF-ប៊ែលហ្សិក និងទីភ្នាក់ងារស្វីសសម្រាប់ ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ ក្រុមអភិរក្សនៃអង្គការ WWF បានពិពណ៌នាការផ្តិតរូបភាពរបស់សត្វរមាំងបានម៉ាស៊ីន ថតស្វ័យប្រវត្តិនេះថាជារបកគំហើញដ៏សំខាន់ មួយសម្រាប់ការអភិរក្សក្នុងតំបន់ទេសភាពមេគង្គ។
លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា ក៏បានថ្លែងផងដែរថា៖ «រូបភាពដ៏កម្រនៃសត្វរមាំងទាំងនេះជាភ័ស្តុតាងបញ្ជាក់អំពីប្រសិទ្ធភាព និងផលនៃកិច្ចការគ្រប់គ្រងតំបន់ការពារ និងការងារអភិរក្សរបស់យើង ហើយដែលនាំមកនូវក្តីសង្ឃឹមក្នុងការការពារប្រភេទសត្វនេះទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់»។
លោក សេង ទៀក បានឱ្យដឹងថា ក្រៅពីសត្វរមាំង ម៉ាស៊ីនថតស្វ័យប្រវិត្តក៏ផ្តិតបាននូវរូបភាពសត្វឈ្លូស ជ្រូកព្រៃ សំពោចវល្លិ៍ សំពោចក្រអូប ព្រមទាំងប្រភេទសត្វបក្សីមាឌធំសំខាន់ៗមួយចំនួនទៀត ដូចជាសត្វក្ងោកបៃតង និងត្រដក់តូចជាដើម។
របាយការណ៍ស្តីពីប្រភេទសត្វទទួលរងការគំរាមកំហែងដែលបានចេញផ្សាយដោយអង្គការ IUCN ក្នុងឆ្នាំ២០១៥ បានបង្ហាញថា ចំនួនសត្វរមាំងមាននៅរាយប៉ាយក្នុងសកលលោក ហើយគេបាន ប៉ាន់ប្រមាណថា សត្វនេះមានចំនួនតិចជាង ៧០០ក្បាល ក្នុងនោះចំនួនសត្វរមាំងមាននៅសេសសល់តិចតួចប៉ុណ្ណោះ កំពុងរស់នៅក្នុងតំបន់ព្រៃការពារនានា ក្នុងប្រទេសកម្ពុជា។
អង្គការ WWF បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាគ្រប់ជាន់ថ្នាក់ ដើម្បីគាំទ្រការគ្រប់គ្រងដែនជម្រកសត្វព្រៃសំបូរ ដែលនៅទីនោះ ការបាត់បង់ទីជម្រក និងការបរបាញ់សត្វព្រៃសម្រាប់យកសាច់ និងសម្រាប់ការជួញដូរសុទ្ធសឹងជាកត្តាគំរាមកំហែងចំបងៗ ទៅលើធនធានធម្មជាតិ និងការរស់រានរបស់សត្វព្រៃ។
ក្នុងឆមាសទីមួយឆ្នាំនេះ កិច្ចសហការរួមគ្នាក្នុងការពង្រឹងការអនុវត្តច្បាប់របស់មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត សមាជិកសហគមន៍ល្បាតដែលជាអ្នករស់នៅជុំវិញ និងក្បែរដែនជម្រកសត្វព្រៃ អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកអង្គការ WWF បានបញ្ឈប់ករណីទន្ទ្រានដីព្រៃខុសច្បាប់ចំនួន ៣៣ករណី ដែលគិតជាផ្ទៃដីសរុបចំនួន ៥៩៤ហិកតា ដោយបានដកបង្គោលឈើព្រំខុសច្បាប់ចំនួន ១០២ដើម បានដកហូតត្រាក់ទ័រចំនួន ៥គ្រឿង និងអិចស្ការវ៉ាទ័រចំនួនមួយគ្រឿង។ ក្នុងប្រតិបត្តិការពង្រឹងការអនុវត្តច្បាប់ទាំងនោះដែរ ក្រុមការងារក៏បានបង្ក្រាបករណីកាប់ឈើខុសច្បាប់ចំនួន ៣៦ករណី ដោយដកហូតឈើប្រណិតចំនួន ២៣ដុំ និងរណាយន្តចំនួន ១១គ្រឿង។ ស្របពេលជាមួយគ្នានោះដែរ ក្រុមការងារក៏បានដោះនិងប្រមូលអន្ទាក់ចេញពីដែនជម្រកសត្វព្រៃសំបូរ បានចំនួន ២៧៨អន្ទាក់ ព្រមទាំងបានដោះ អន្ទាក់អគ្គិសនីបានចំនួនប្រាំឈុតផងដែរ។
លោក សេង ទៀក បានថ្លែងសរសើរថា៖ «យើងខ្ញុំសូមកោតសរសើរចំពោះក្រុមការងារពង្រឹងការអនុវត្តច្បាប់ទាំងអស់ ដែលបានបំពេញតួនាទីដ៏សំខាន់នេះ ក្នុងការដើរល្បាតជាប្រចាំក្នុងដែនជម្រកសត្វព្រៃ និងពង្រឹងការអនុវត្តច្បាប់ស្តីពីតំបន់ការពារ និងច្បាប់ព្រៃឈើ»។ លោកបានបន្ថែមទៀតថា៖ «កិច្ចខិតខំប្រឹងប្រែងទាំងនេះជាកត្តាចំបងមួយធ្វើជនខិលខូចមានការខ្លាចរអា និងអាចទប់ស្កាត់បទល្មើសសត្វព្រៃនិងព្រៃឈើ ដើម្បីអនុញ្ញាតឱ្យសត្វព្រៃរួចផុតពីភាពភ័យខ្លាច និងអាចរស់នៅដោយសេរីភាពក្នុងដែនជម្រកសត្វព្រៃដែលមានសុវត្ថិភាព»។
ការស្រាវជ្រាវជីវៈចម្រុះ និងការពង្រឹងការអនុវត្តច្បាប់សុទ្ធសឹងជាធាតុសំខាន់ៗសម្រាប់តំបន់ការពារធម្មជាតិនៅក្នុងតំបន់ទេសភាពមេគង្គ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ អង្គការ WWF-កម្ពុជា បាននិងកំពុងស្រាវជ្រាវ និងតាមដានសត្វព្រៃទាំងប្រភេទរស់នៅលើគោក និងប្រភេទរស់នៅក្នុងទឹក អស់រយៈកាលជាងពីរទសវត្សរ៍មកហើយ ខណៈដែលបាននិងកំពុងផ្តល់ការគាំទ្រយ៉ាងសកម្មដល់ការអនុវត្តនិងការពង្រឹងការអនុវត្តច្បាប់ព្រៃឈើនិងជលផល ក៏ដូចជាការអនុវត្តនូវកម្មវិធីផ្សេងៗទៀតដើម្បីលើកទឹកចិត្ត និងកៀរគរការចូលរួមរបស់សហគមន៍មូលដ្ឋានក្នុងការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍជីវភាពរបស់សហគមន៍ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថានពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាងចំពោះការរកឃើញវត្តមានសត្វរមាំង (Rucervus eldii) ចំនួន៤ក្បាល ដែលគេថតបានជាលើកដំបូងក្នុងអំឡុងពេលប្រាំឆ្នាំ តាមរយៈការប្រើម៉ាស៊ីនថតស្វ័យប្រវិត្ត នៅក្នុងដែនជម្រកសត្វព្រៃសំបូរ ដែលជាតំបន់ការពារធម្មជាតិមួយ ស្ថិតក្រោមការគាំទ្រដោយអង្គការ WWF មានទីតាំងស្ថិតក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គនៃខេត្តក្រចេះ។
មន្ត្រីអ្នកនាំពាក្យរូបនេះ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «សត្វរមាំងត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ទាំងនៅក្នុងច្បាប់ព្រៃឈើរបស់ប្រទេសកម្ពុជា និងក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ សត្វព្រៃនៅក្នុងប្រទេសកម្ពុជា»។
លោក នេត្រ ភក្ត្រា បានលើកឡើងថា វត្តមាននៃសត្វរមាំង ដែលជាប្រភេទសត្វកម្រនៅលើពិភពលោកនេះ ក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា បានបញ្ជាក់ថាពីប្រសិទ្ធភាពនៃការការពារនិងអភិរក្ស និងការទប់ស្កាត់បទល្មើសធនធានធម្មជាតិជាពិសេសការបទល្មើសនៃការបរបាញ់សត្វ និងការដាក់អន្ទាក់សត្វព្រៃ។ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដោយសហការជាមួយសហគមន៍តំបន់ការពារធម្ម ជាតិរួមនឹងអង្គការដៃគូបានខិតខំក្នុងការពង្រឹងការអនុវត្តច្បាប់ និងជំរុញឱ្យមានការចូលរួមពីប្រជាពលរដ្ឋចូលរួម ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិសត្វព្រៃឱ្យបានគង់វង្ស។
ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារនិងអភិរក្សសត្វរមាំងទាំងនេះដែលកំពុងតែរស់នៅក្នុងតំបន់ការពារធម្មជាតិ របស់ប្រទេសកម្ពុជាឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថាយ៉ាងដូច្នេះថា៖ «ក្រសួងបរិស្ថានរួមនឹងអាជ្ញាធរពាក់ព័ន្ធនៅតែបន្តអនុវត្តវិធានការពារ និងអភិរក្សតំបន់ការពារធម្មជាតិ ដែលខ្លួនគ្រប់គ្រងប្រកបដោយស្មារតីទទួលខុសត្រូវនិងចាត់វិធានការលើរាល់បទល្មើសធនធានធម្មជាតិដែលបានកើតឡើង។ នៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២០ ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានចុះល្បាតចំនួន ១៣,៨០៤លើក និងបានបង្ក្រាបបទល្មើសបាន ៣,៦៨៩លើក ហើយក្នុងនោះបញ្ជូនសំណុំរឿងទៅតុលាការបានចំនួន ៣២៩ករណី រឹបអូសរណាយន្តបានចំនួន ២,៥៧៨គ្រឿង ព្រមទាំងធ្វើការផាកពិន័យអន្តរកាលចំនួន ៤៣៣ករណី»។
ទន្ទឹមនឹងនេះដែរ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានទទួលស្គាល់ថា ទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបបទល្មើសទាំងយប់ថ្ងៃ ប៉ុន្តែបទល្មើសធនធានធម្មជាតិទ្រុងទ្រាយតូចៗនៅតែកើតមានដែល សមត្ដិកិច្ចក្រសួងបរិស្ថាននឹងបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធបន្តបង្ក្រាបនិងទប់ស្កាត់បន្តទៀត។
ដែនជម្រកសត្វព្រៃសំបូរ ស្ថិតក្នុងស្រុកសំបូរខេត្តក្រចេះ និងតំបន់ការពារធម្មជាតិមួយទៀតមានឈ្មោះថា ដែនជម្រកសត្វព្រៃប្រសព្វ ត្រូវបានប្រកាសជាផ្លូវការ ជា «តំបន់ការពារដែនជម្រកសត្វព្រៃ» ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។ ដែនជម្រកសត្វព្រៃទាំងពីរនេះទ្រទ្រង់ប្រភេទទីជម្រកព្រៃធម្មជាតិ និងប្រព័ន្ធទឹកទន្លេសំខាន់ៗដែលមិនទាន់រងការប៉ះពាល់ ខណៈដែលដង់ស៊ីតេប្រជាជននៅទីនោះស្ថិតក្នុងកម្រិតទាប។
យោងតាមការស្រាវជ្រាវជីវៈចម្រុះឆ្នាំ២០០៦-២០០៧ អ្នកវិទ្យាសាស្ត្របានកត់ត្រាទុកនូវ ពពួកថនិកសត្វមាឌធំចំនួន ១១ប្រភេទ ពពួកឧរុង្គសត្វ និងល្មូន ចំនួន ៥៦ប្រភេទ ពពួករុក្ខជាតិចំនួន ៦៨៣ប្រភេទ ពពួកបក្សីចំនួន ២១៥ប្រភេទ និងពពួកត្រី ចំនួន ២២៣ ប្រភេទ។ ប្រព័ន្ធទន្លេ និងព្រៃឈើនៅក្នុងតំបន់នេះ ជាប្រភពចំណីអាហារ និងសម្រាប់បង្កើតឱកាសទាញយកប្រាក់ចំណូលដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋាន។ បន្ថែមលើនេះទៀត ប្រព័ន្ធអេកូឡូស៊ីធម្មជាតិក៏ជួយដល់មនុស្សជាតិ ក្នុងការប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួតផងដែរ៕