(សៀមរាប)៖ លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង ជូនលោកតា វឿន ឡុក អាយុ ៨៣ឆ្នាំ ដែលក្រីក្រ ជរា និងពិការជើងឆ្វេង និងភរិយាឈ្មោះ ម៉ី ដារា អាយុ ៦១ឆ្នាំ រស់នៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់។

ផ្ទះ១ខ្នងនេះ ត្រូវបានផ្ដួចផ្ដើមដោយលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដោយបានការជួយឧបត្ថម្ភពី លោកស្រី លី ដាណា សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ ផ្ទះនេះមានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងស្មាតបត ក្រាលការ៉ូផុតពីដីកម្ពស់ ០,៤ម៉ែត្រ សង់លើដីផ្ទាល់ខ្លួនគាត់ទំហំ ១១ម៉ែត្រ គុណនឹង ១៩ម៉ែត្រ។

ក្នុងឱកាសនោះ លោកស្រី បានផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»

លោកស្រីក៏បានធ្វើការលើកទឹកចិត្តដល់ពលរដ្ឋត្រូវចេះដាំដំណាំរួមផ្សំ នៅជិតៗផ្ទះ ហើយរដូវនេះជារដូវវស្សា សូមប្រុងប្រយ័ត្នចំពោះផ្គរ រន្ទះ ត្រូវចេះថែរក្សាសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាព ដែលនៅជិតបំផុត។ លោកស្រីសំណូមពរដល់សហគមន៍ សមាជិកគ្រួសារទាំងអស់ ត្រូវចេះសម្អាត ថែរក្សាផ្ទះថ្មីនេះ ដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ។

អំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារលោកតាខាងលើ រួមមាន៖ មុង២, ភួយ២, សារុង២, ក្រមា២, កន្ទេល២, អង្ករ ៦០គីឡូក្រាម, មី២កេស, ត្រីខ២យួរ, ឡាំងទឹក២, អាវយឺត១០, សម្ភារផ្ទះបាយមួយចំនួន និងថវិកា ៤សែនរៀល។ ហើយប្រតិភូអមដំណើរ បានឧបត្ថម្ភបន្ថែមនូវថវិកាផ្ទាល់ខ្លួនមួយចំនួនទៀត ផងដែរ។

សម្រាប់លោកតា លោកយាយ ដែលចូលរួមក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌នេះ ចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ១៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ក្រមា១, អាវយឺត២, និងថវិកា៤ម៉ឺនរៀល ហើយប្រតិភូអមដំណើរក៏បានជូននូវថវិកាមួយចំនួនថែម ផងដែរ។

សូមបញ្ជាក់ថា ផ្ទះមនុស្សធម៌នេះ ជាសមិទ្ធផលថ្មីទី២ សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងអាណត្តិទី៥ និងជាផ្ទះមនុស្សធម៌ទី៧៤ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងរយៈពេលកន្លងមក៕