(ពោធិ៍សាត់)៖ បើទោះបីជាថ្ងៃនេះជាថ្ងៃឈប់សម្រាកខួបឆ្នាំទី២៧ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានប្រើប្រាស់តួនាទីជាអ្នកបម្រើប្រជាពលរដ្ឋ ដោយបានទទួលសម្របសម្រួល ដោះស្រាយបញ្ហាប្រឈម ក៏ដូចជាសំណូមពរ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ បាន១៨ករណី។
កិច្ចសម្របសម្រួលខាងលើនេះធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ នៅវេលាទិកាក្នុងសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ, អាជ្ញាធរស្រុកក្រុង ឃុំ សង្កាត់ ភូមិ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ម៉ៅ ធនិន បានឱ្យដឹងថា លោកតែងតែជួបជាមួយពុកម៉ែប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកជាមួយសុខទុក្ខដោយផ្ទាល់។ ថ្វីត្បិតថ្ងៃនេះជាថ្ងៃឈប់សម្រាកក៏ពិតមែន តែនេះជាតម្រូវការចាំបាច់នៅក្នុងស្ថានភាពរស់នៅប្រជាពលរដ្ឋ ជាទូទៅលោកតែងតែប្រើប្រាស់ឋានានុក្រម២ គឺទី១៖ ក្នុងនាមជាអភិបាលខេត្ត សម្រាប់សម្របសម្រួល ដោះស្រាយបញ្ហាប្រឈមជូនពុកម៉ែប្រជាពលរដ្ឋ ទៅលើផ្លូវច្បាប់ និងទី២៖ ក្នុងឋានៈជាគ្រួសារ មានតួនាទីជាបង ជាប្អូន ជាកូន ជាក្មួយ និងជាចៅមួយក្នុងគ្រួសារ ប្រជាពលរដ្ឋ ជាង៥០ម៉ឺននាក់ទូទាំងខេត្ត ដើម្បីចូលរួមសុខរួមទុក្ខជាមួយពួកគាត់គ្រប់ពេលវេលា។
លោកអភិបាលខេត្ត បានបន្តថា ដើម្បីងាយស្រួលក្នុងការសម្រេច ឬដោះស្រាយផ្តាច់ក្តីពាក់ព័ន្ធនឹងក្តីកង្វល់ទាំងឡាយទាំងពួងរបស់ពលរដ្ឋ ដែលមិនទាន់ស្រឡះ អារម្មណ៍ស្រលះចិត្ត ក្នុងជីវរភាពរស់នៅប្រចាំថ្ងៃ លោកសូមស្នើដល់ពុកម៉ែប្រជាពលរដ្ឋដែលមានរឿងក្តីក្តាំទាំងអស់ សូមសម្តែងនូវការពិតបង្ហាញភាពស្មោះត្រង់ និងប្រកាន់យកនូវភាពយុត្តិធម៌ «បើអត់គឺប្រាប់ថាអត់ អ្នកបំពានគេគឺត្រូវប្រាប់ដោយត្រង់ អ្នកយកដីគេត្រូវឱ្យគេវិញ អ្នកជំពាក់លុយគេត្រូវសងគេ ទាំងនេះគឺជាសេចក្តីសុខ និងភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរយើង»។
លោក ម៉ៅ ធនិន បានលើកឡើងថា «ប្រទេសជាតិមានច្បាប់ ហើយច្បាប់មនុស្សគឺមាននៅក្នុងការអនុវត្តលើជីវភាពរស់នៅប្រចាំថ្ងៃ ដោយឡែកច្បាប់កម្មពារក៏មានដែរ គឺសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា។ ត្រូវចាំថាយើងយកដីគេ ពេលនោះគេនឹងខឹងយើង ចុះបើគេយកដីយើង តើយើងខឹងគេដែរឬក៏អត់? ត្រង់ចំណុចនេះសូមបងប្អូនពុកម៉ែប្រជាពលរដ្ឋពិចារណា កុំបំពានគ្នា និងកុំបន្តរំលោភសិទ្ធិគ្នា» ។
លោកអភិបាលខេត្ត បានបន្ថែមទៀតថា ពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ អ្វីដែលយើងបំពានគេ ពេលនោះគឺមានតែខាតបង់ពេលវេលា ប្រាក់កាក់ដោយឥតប្រយោជន៍ និងបំផ្លាញសេចក្តីសុខក្នុងក្រុមគ្រួសារ។ ក្រោយពេលដែលជួបគ្នាហើយនេះ សូមឱ្យពុកម៉ែប្រជាពលរដ្ឋ បោះបង់ចោលនូវរឿងរ៉ាវទាំងអស់ ដោយរួមគ្នាកសាងអំពើល្អ សាបព្រោះនូវសេចក្តីល្អ ពូជល្អ និងទង្វើរល្អ ដើម្បីសន្សំយកផលបុណ្យទៅថ្ងៃអនាគត។
ផ្អែកតាមការសម្របសម្រួល រយៈពេលជិត៦ម៉ោង ពោលគឺចាប់ពីម៉ោង ៩៖០០នាទីព្រឹក រហូតដល់ម៉ោង ២៖៤៥នាទីរសៀល លោក ម៉ៅ ធនិន រួមជាមួយថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ បានដោះស្រាយសំណុំរឿង ជូនពុកម៉ែប្រជាពលរដ្ឋ បានចំនួន១៨ករណី ដែលក្នុងនោះមាន៖ បញ្ហាទំនាស់ដីធ្លី បញ្ហាទំនាស់ក្រុមគ្រួសារ បញ្ហាកម្ចីប្រាក់ បញ្ហាបរិហារកេរ្តិ៍ ស្នើសុំធ្វើប្លង់កម្មសិទ្ធិ ស្នើសុំធ្វើសំយ៉ាប យោធិនពិកាស្នើសុំស័ង្កសី ស្នើសុំស្បៀង និងទំនាស់ផ្សេងៗ...។ល។
គួរបញ្ជាក់ថា នេះគឺជាទម្លាប់ដែលលោកអភិបាលខេត្តពោធិ៍សាត់ តែងតែអនុវត្តន៍ជារឿយៗ ជាមួយពុកម៉ែប្រជាពលរដ្ឋទូទាំងខេត្ត តាំងពីលោកបានមកដឹកនាំ យន្តការ នៅក្នុងខេត្ត បានជាង៦ឆ្នាំមកនេះ។ នេះគឺជាការឆ្លើយតបថ្មីមួយ តាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដែលស្នើឱ្យរដ្ឋបាលរាជធានីខេត្តយកចិត្តទុកដាក់តាមដានព័ត៌មាន និងធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ឱ្យបានល្អត្រឹមត្រូវ ប្រកបដោយតម្លាភាព និងយុត្តិធម៌៕