(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៉ី នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា ជនជាតិបរទេសទាំងអស់ ដែលចង់ធ្វើដំណើរទៅប្រទេសម៉ាឡេស៉ី នឹងត្រូវបង់ថ្លៃធ្វើចត្ដាឡីស័កម្នាក់ ៤,៧០០រីងហ្គីត (ប្រមាណ១,១៥០ដុល្លារអាមេរិក)។
សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានស្ថានឯកអគ្គរាជទូតកម្ពុជា បានបន្ថែមថា ថវិកាប្រមាណ១,១៥០ដុល្លារនេះ ត្រូវបង់ជូនមន្ដ្រី នៃក្រសួងសុខាភិបាលម៉ាឡេស៉ី ដែលប្រចាំការនៅតាមច្រកចូលអន្ដរជាតិនានារបស់ប្រទេសម៉ាឡេស៉ី។ ការយកតម្លៃនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះតទៅ។
តាមតារាងតួលេខលម្អិតបញ្ជាក់ថា ៤,៧០០រីងហ្គីតនេះ គឺជាតម្លៃនៃការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ ដោយឡែកសម្រាប់ការធ្វើចត្តាឡីស័កមួយយប់ចំណាយ ២,៧៥០រីងហ្គីត (ប្រមាណ៦៦០ដុល្លារអាមេរិក) តែប៉ុណ្ណោះ។ ការបង់ថ្លៃខាងលើនេះមិនត្រូវបានអនុវត្តចំពោះអ្នកដែលត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ដូចជាអ្នកមានបណ្ណអនុញ្ញាតធ្វើដំណើរ និងអ្នកកាទូត។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ស្ថានទូតខ្មែរប្រចាំម៉ាឡេស៉ី៖