(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានផ្ដាំផ្ញើកងកម្លាំងនគរបាលទូទាំងស្រុកកៀនស្វាយ ត្រូវរួមសាមគ្គីគ្នា រួមគ្នាថែរក្សាសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ បង្ក្រាបឱ្យបាននូវរាល់រូបភាពអសន្តិសុខណាមួយ ក្នុងន័យស្វែងរកសេចក្ដីសុខជូនពលរដ្ឋ ធ្វើយ៉ាងណាការពារឱ្យបានល្អ មិនឱ្យរូបភាពអសន្តិសុខណាមួយកើតឡើងជាដាច់ខាតក្នុងមូលដ្ឋាន ពិសេសត្រូវឆ្លើយតបរាល់តម្រូវការណាមួយដែលប្រជាពលរដ្ឋមកសុំឱ្យជួយ។
លោកឧត្តមសេនីយ៍ទោស្នងការ បានផ្តាំផ្ញើយ៉ាងដូច្នេះ នៅគ្រាដែលលោកបាននាំយកអាវភ្លៀងដែលឧបត្ថម្ភដោយនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន ១២៦អាវភ្លៀង, ម៉ូតូធំចំនួន៥គ្រឿង ព្រមទាំងថវិកាមួយចំនួនឧបត្ថម្ភដល់មន្ត្រីនគរបាលស្រុកកៀនស្វាយ ចំនួន ១២៦នាក់ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ។ ក្នុងនោះលោកអភិបាលខេត្តកណ្តាល គង់ សោភ័ណ្ឌ ក៏បានឧបត្ថម្ភម៉ូតូធំសម្រាប់ល្បាតគ្រប់ប៉ុស្តិ៍ចំនួន៨ ដោយក្នុងមួយប៉ុស្តិ៍ទទួលបានម៉ូតូធំមួយគ្រឿង សរុប៨គ្រឿងបន្ថែមពីលើ ៥គ្រឿង ស្មើរនឹង១៣គ្រឿង។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បាននាំពាំការផ្ដាំផ្ញើរការសួរសុខទុក្ខ នឹករលឹកពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលលោកតែងតែគិតគូរ យល់ពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទទាំងអស់ទូទាំងប្រទេស។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក៏បានកោតសរសើរកងម្លាំងនគរបាលស្រុកកៀនស្វាយ ដែលបានធ្វើការងារបានល្អនាពេលកន្លងមក ហើយទទួលបានការកោតសរសើរពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជាហូរហែរមក ហើយលោកក៏ជំរុញបន្ថែមឱ្យកងកម្លាំងនគរបាលស្រុកកៀនស្វាយទាំងអស់ ត្រូវដាក់ចិត្តដាក់កាយធ្វើការងារឱ្យបានល្អឡើងៗ រួបរួមគ្នា សាមគ្គីគ្នា ដាក់ចិត្ត ដាក់កាយ យកបេះដូងមកធ្វើការ ពិសេសអនុវត្តន៍ឱ្យបានល្អបំផុតតាមគោលនយោបាយ៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្នងការ ក៏ជំរុញឱ្យកងកម្លាំងទាំងអស់សហការគ្នាល្អ ប្ដេជ្ញាសហការគ្នាល្អជាមួយគណៈបញ្ជាការឯកស្រុកកៀនស្វាយ ក្នុងទិសដៅរក្សាសន្តិសុខក្នុងមូលដ្ឋានឱ្យបានល្អ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក៏បានសង្កត់ធ្ងន់ចំណុចសំខាន់ គឺបញ្ហាជំងឺកូវីដ-១៩ ផងដែរ ដោយត្រូវថែទាំងសុខភាពខ្លួនឱ្យបានល្អ ជួយផ្សព្វផ្សាយវិធានការកូវីដ-១៩ ទៅដល់មូលដ្ឋានគ្រប់ច្រកល្ហក ដើម្បីបញ្ជាបការយល់ និងការប្រុងប្រយ័ត្នបន្ថែមទៀត ដ្បិតកម្ពុជាយើងមិនមានការឆ្លងទ្រង់ទ្រាយធំ ប៉ុន្តែកុំធ្វេសប្រហែសឱ្យសោះ គឺត្រូវតែប្រយ័ត្នជានិច្ច៕