(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតរវាងជនជាតិចិន និងចិន ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងបានរំដោះជនរងគ្រោះបានម្នាក់។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃនេះថា ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តលោក សៀង សុខ ផងដែរ។

បើតាមលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ជនសង្ស័យទាំង២នាក់ ដែលចាប់ខ្លួនបានរួមមាន៖ ទី១៖ ឈ្មោះ WAING AI MING ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកផ្នែកទីផ្សារក្រុមហ៊ុនអិនធើណេត ស្នាក់នៅភូមិ៣ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ និងទី២៖ ឈ្មោះ ទូច សំណាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ។

ដោយឡែកជនរងគ្រោះឈ្មោះ CAI CHANGCHUN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិ០១ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់ទៀតថា ក្រោយបង្ក្រាបបានកម្លាំងរបស់លោកបានដកហូតវត្ថុតាងរួមមាន៖

១.ទូរស័ព្ទដៃចំនួន ០៤គ្រឿង
២.បណ្ណបើកបរចំនួន ០១សន្លឹក
៣.អត្តសញ្ញាណជនជាតិខ្មែរចំនួន ០១សន្លឹក
៤.កាតផ្សេងៗចំនួន ១៤សន្លឹក
៥.ប្រាក់ដុល្លារអាមេរិកចំនួន ០៦ដុល្លារ , ប្រាក់រៀលចំនួន ១៥០០០រៀល
៦.កាបូបលុយមនុស្សប្រុសចំនួន ០១
៧.រថយន្តចំនួន ០១គ្រឿង ម៉ាក LEXUS RX 330 ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2P-3936។

ពាក់ព័ន្ធករណី ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ នៅចំណុចកាស៊ីណូខ្សាច់មាសអន្តជាតិ ស្ថិតក្នុងភូម៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ។ បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការសាកសួរតាមនីតិវិធី៕