(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី៣០ ខែកញ្ញា ម្សិលមិញ មានគណបក្សនយោបាយចំនួន៥ បានដាក់ភ្នាក់ងាររបស់ខ្លួន ដើម្បីសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។
គ.ជ.ប បានឲ្យដឹងថា គណបក្សនយោបាយទាំង៥នោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សខ្មែររួបរួមជាតិ, គណបក្សហ៊្វុនស៉ិនប៉ិច និងគណបក្សយុវជនកម្ពុជា។ ភ្នាក់ងារគណបក្សនយោបាយទាំង៥នេះ មានចំនួនប្រមាណ ៥,០២៧នាក់។
ជាមួយគ្នានេះ គ.ជ.ប អំពាវនាវដល់គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ សូមចូលរួមដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួន ដើម្បីសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះកុំបីខាន។
សូមរំលឹកថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។
ប្រជាពលរដ្ឋដែលមានឈ្មោះ នៅក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០១៩ មានចំនួន ៨,៦២៩,៣៥៧នាក់។ ដោយឡែកសម្រាប់ឆ្នាំ២០២០នេះ យោងតាមស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន ៣០០,៣៩០នាក់៕