(កណ្ដាល)៖ ដោយសារតែកើតចិត្តប្រចណ្ឌជាមួយប្រពន្ធខ្លួនឯង បណ្តាលឱ្យមានជម្លោះពាក្យសំដី បានបង្ខំឲ្យបុរសម្នាក់បានប្រើកូនកាំបិតចាក់សម្លាប់ប្រពន្ធខ្លួនឯងស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅយប់នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ២១៥ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នគរបាលបានឱ្យដឹងនៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះថា ជនរងគ្រោះឈ្មោះ កៅ ស្រីកែវ អាយុ២៧ឆ្នាំ ទីលំនៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល មុខរបរនៅផ្ទះ។ ជនសង្ស័យឈ្មោះ សុខ សោភ័ណ្ឌ អាយុ៣៨ឆ្នាំ ទីលំនៅភូមិជើងព្រៃ២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកសិករ។
នគរបាលបានរៀបរាប់ដំណើររឿងថា មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យ បានទំនាក់ទំនងស្រឡាញ់គ្នាអស់រយ:ពេលប្រហែល ៨ខែមកហើយ ដោយបាន រៀបចំសែនព្រេនចាស់ទុំ បងប្អូនខាងស្រី (ជនរងគ្រោះ) ដឹងឮ។ ក្រោយមកទាំងពីរនាក់ បានមកជួលបន្ទប់ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីស្នាក់នៅជាមួយគ្នាម្តងម្កាល ដោយភាគីខាងប្រុសមានប្រពន្ធកូនរួចហើយនៅឯភូមិជើងព្រៃ។
ក្នុងការស្នាក់នៅជាមួយគ្នាភាគីខាងប្រុសមានការប្រចណ្ឌខាងស្រី ព្រោះមានការសង្ស័យមានប្រុសថ្មីទៀត។ លុះដល់ថ្ងៃកើតហេតុខាងលើ ពេលភាគីខាង ប្រុសមកដេកនៅបន្ទប់ជួលភាគីខាងស្រី ចេះតែដេញឱ្យទៅផ្ទះខុសប្លែកពីសព្វដង ធ្វើឱ្យជនសង្ស័យកាន់តែសង្ស័យខ្លាំងឡើងៗ ទើបមិនព្រមទៅផ្ទះនៅភូមិជើងព្រៃទេ នៅចាំឃ្លាំមើល។
បន្ទាប់មកជនរងគ្រោះបានប្រាប់ឱ្យជនសង្ស័យឌុប ទៅសួរសុខទុក្ខអ្នកនៅបន្ទប់ជួលជិតគ្នា ឆ្លងទន្លេនៅគ្លីនីក និងសម្ភពផល្លី ពេលមកដល់ពេទ្យ ជនរងគ្រោះដេញជនសង្ស័យឱ្យទៅផ្ទះទៀត តែជនសង្ស័យទៅនៅចាំតាមឃ្លាំមើលនៅជិតនោះដដែល។
ប្រភពបញ្ជាក់ទៀតថា មួយសន្ទុះក្រោយមកស្រាប់តែឃើញជនរងគ្រោះដើរចេញពីគ្លីនិកបណ្តើរ និយាយទូរស័ព្ទបណ្តើរ រួចឡើងជិះម៉ូតូឌុបឆ្ពោះទៅកន្លែងកើតហេតុ ទើបជនសង្ស័យជិះម៉ូតូតាមដានពីក្រោយ រហូតដល់កន្លែងកើតហេតុ ក៏ឃើញជនរងគ្រោះចូលទៅក្នុងផ្ទះឈើមួយ មានមនុស្សប្រុសពីរបីនាក់កំពុងផឹកស៊ីនៅក្រោម សំយ៉ាបមុខផ្ទះ។
ពេលនោះជនរងគ្រោះ បានអង្គុយផឹកស៊ីជាមួយគេដែរ ឃើញដូចនេះជនសង្ស័យបានចូលទៅហៅជនរងគ្រោះឱ្យចេញទៅផ្ទះវិញ តែជនរងគ្រោះមិនព្រមចេញទេធ្វើឱ្យជន សង្ស័យកាន់តែខឹងខ្លាំងៗ ហើយឃើញកូនកាំបិតនៅលើតុ បានយកដាក់ចូលហោបៅខោ ហើយនាំជនរងគ្រោះចេញមកក្រៅឱ្យឡើងជិះម៉ូតូជាមួយ តែជនរងគ្រោះ មិនព្រមជិះទេ សុខចិត្តដើរចំណែកឯជនសង្ស័យ បានជិះតាមពីក្រោយរហូតដល់កន្លែងកើតហេតុខាងលើ ក៏មានការប្រទាញប្រទង់គ្នា ទើបជនសង្ស័យយកកូនកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះមួយកាំបិតចំលើដងកាំបិតខាងស្តាំ បណ្តាលឱ្យជនរងគ្រោះដួលផ្កាប់មុខទៅលើថ្នល់។
ប្រភពពីនគរបាល បានបន្តថា ភ្លាមនោះជនសង្ស័យបានចាក់បន្ថែមចំនួនពីរកាំបិតទៀតចំខ្នង និងកញ្ចឹងក រួចហើយជនសង្ស័យបានជិះម៉ូតូសំដៅទៅប៉ុស្តិ៍នគរបាល រដ្ឋបាលអំពៅព្រៃដើម្បីចូលទៅសារភាពប្រាប់សមត្ថកិច្ចនូវទោសកំហុសរបស់ខ្លួន។ បន្ទាប់មកជនសង្ស័យត្រូវបានឃាត់ខ្លួនញ្ជូនមកកាន់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕