(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំចង្អៀតអន្តរក្រសួង ពិនិត្យ និងពិភាក្សា លើលទ្ធផលនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដើម្បីបានជាគោលការណ៍ និអនុសាសន៍ណែនាំបន្ថែម សម្រាប់ផ្តល់ជូនក្រុមការងារចរចា បានជាមូលដ្ឋានសម្រាប់ការចរចានៅជុំបន្តបន្ទាប់។
កិច្ចប្រជុំ មានការអញ្ជើញចូលរួម ពីលោក លោកស្រី រដ្ឋមន្រ្តី និង ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសមាជិកក្រុមការងារចរចារបស់កម្ពុជា ដែលរៀបចំធ្វើឡើង នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងអំឡុងពេលដែលលោកប្រធានាធិបតីសាធារណៈកូរ៉េ ម៊ូន ជេអ៊ីន អញ្ជើញមកធ្វើទស្សនកិច្ចផ្លូវរដ្ឋ នៅរាជធានីភ្នំពេញកាលពីពេលកន្លងមក។
បន្ថែមលើយន្តការដែលកំពុងអនុវត្តន៍ កិច្ចព្រមព្រៀង មានគោលបំណងធ្វើឲ្យកាន់តែប្រសើរឡើង នូវការឈានចូលនៃផលិតផលរបស់ភាគីទាំងពីរ ទៅក្នុងទីផ្សារទៅ វិញទៅមក តាមរយៈការកាត់បន្ថយរបាំងពន្ធគយ និងរបាំងមិនមែនពន្ធគយ ព្រមទាំង លើកកម្ពស់កិច្ចសម្រួល ពាណិជ្ជកម្ម សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ក៏ដូចជា ដើម្បីចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ឲ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ ។
ក្រុមការងារចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ បានធ្វើការចរចាចំនួន២ជុំ រួចមកហើយ តាមរយៈប្រព័ន្ធវីឌីអូ កាលពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ កន្លងមក។
អង្គប្រជុំ បានធ្វើការកត់ សម្គាល់លទ្ធផលនៃការចរចាចំនួន២ជុំនេះ និងបានវាយតម្លៃខ្ពស់លើវឌ្ឍនភាព ដែលទទួលបានរបស់ក្រុមការងារ ចរចាតាមផ្នែកនីមួយៗ ព្រមទាំង បានផ្តល់ការណែនាំគន្លឹះលើកិច្ចការជាក់លាក់មួយចំនួនបន្ថែមទៀត ដល់ក្រុមការងារចរចា ដើម្បីជាមូលដ្ឋានសម្រាប់ការចរចានៅជុំបន្តបន្ទាប់ សំដៅបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងនេះ នៅត្រឹមដំណាច់ឆ្នាំ២០២០ ដូចដែលបានព្រមព្រៀងគ្នារវាងភាគីទាំងពីរ។
ការចរចាកិច្ចព្រមព្រៀងនេះ ក៏បានបង្ហាញពីការតាំងចិត្តយ៉ាងមត់មាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងលើការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ច របស់ខ្លួន ទៅក្នុងតំបន់ និងសកលលោក ទោះក្នុងស្ថានភាពដ៏លំបាកនា ពេលបច្ចុប្បន្ន ដើម្បីទទួលបាននូវទីផ្សារនាំចេញ សម្រាប់ផលិតផលរបស់កម្ពុជា ដែលមានលក្ខណៈកាន់តែសំបូរបែប និងប្រសើរជាងមុន ក៏ដូចជាចូលរួមចំណែកបង្កើតឱកាសការងារកាន់តែច្រើនជូនប្រជាពលរដ្ឋ។
តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងមានឱកាសកាន់តែប្រសើរជាងមុន លើការនាំចេញផលិតផលសក្កានុពលរបស់ខ្លួនទៅទីផ្សាររបស់កូរ៉េ ដែលកម្ពុជាមិនមាន នៅក្នុងយន្តការបច្ចុប្បន្នរវាងកម្ពុជា និងកូរ៉េ។
ក្រៅពីរបាំងពន្ធគយ ត្រូវបានកាត់បន្ថយនោះ, វិធានការមិនមែនពន្ធ និងវិធានដើមកំណើត ក៏ដូចជា បែបបទ និងនីតិវិធីពាក់ព័ន្ធនឹងពាណិជ្ជកម្ម ក៏ត្រូវបានធ្វើឲ្យ ប្រសើរឡើង និងមានលក្ខណៈសាមញ្ញជាងមុន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ផលប៉ះពាល់វិជ្ជមាន ដែលកើតចេញពីកិច្ចព្រមព្រៀងនេះ នឹងចូលរួមចំណែកអភិវឌ្ឍន៍ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការជំរុញទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
អង្គប្រជុំ ក៏បានបញ្ជាក់ជាថ្មីម្តងទៀត អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រយន្តការពហុភាគី និយម និងការធ្វើពាណិជ្ជកម្ម ដោយផ្អែកលើមូលដ្ឋាន ច្បាប់ បើទោះបីជាប្រទេសមួយចំនួនបាន និងកំពុងអនុវត្តយន្តការ គំាពារនិយម និងឯកតោនិយម ជាពិសេស នៅក្នុងកាលៈទេសៈ នៃវិបត្តិជំងឺកូវីដ១៩នេះ។
ក្នុងឱកាសនោះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រុមការងារចរចា ដែលបានខិតខំរៀបចំ និងចូលរួមយ៉ាងសកម្ម ក្នុងដំណើរការនៃការចរចាកិច្ចព្រមព្រៀង ក៏ដូចជាលើកទឹកចិត្ត ដល់ក្រុមការងារ ឲ្យខិតខំបន្ថែមទៀត សម្រាប់ត្រៀមចរចា នៅជុំបន្ទាប់ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍ណែនាំ និងអនុសាសន៍របស់អង្គប្រជុំ ដើម្បីឲ្យការចរចាសម្រេចបានលទ្ធផលល្អប្រសើរ តាមផែនការដែលបានគ្រោងទុក៕