(ហ្សឺណែវ)៖ កិច្ចពិភាក្សាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេសស្ដីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅទីក្រុងហ្សឺណែវ ត្រូវបានបញ្ចប់ ដោយមានរដ្ឋចំនួន២៧ ចូលរួមក្នុងកិច្ចពិភាក្សានេះ។ ស្ទើរគ្រប់ប្រទេសចូលរួមថ្លែងទាំងអស់ បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់ រាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នករាយការណ៍ពិសេស និងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ នេះបើតាមសេចក្តីប្រកាសរបស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសខាងលើ បានឱ្យដឹងថា «ប្រទេសចំនួន១៧ រួមទាំងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានថ្លែងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ វិធានការជំរុញសេដ្ឋកិច្ច ការគាំទ្រសង្គម និងគំនិតផ្តួចផ្តើមកំណែ ទម្រង់យុត្តិធម៌ជាដើម។ វាគ្មិនក៏បានស្វាគមន៍ចំពោះការរៀបចំវេទិកាភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល និងក្រុមការងារ ដែលពិនិត្យនិងសិក្សានូវការស្នើសុំធ្វើវិសោធនកម្មលើច្បាប់ស្ដីពី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល»

នៅក្នុងកិច្ចពិភាក្សានោះ គណៈប្រតិភូខាងលើបានសង្កត់ធ្ងន់ថា វិធីសាស្ត្រធ្វើការរបស់ អ្នករាយការណ៍ពិសេសគួរតែមានតុល្យភាព និងមានលក្ខណៈស្ថាបនា ដោយគិតពិចារណានូវទស្សនៈ របស់រដ្ឋាភិបាល និងស្ថានភាពរបស់ប្រទេស។ គណៈប្រតិភូដដែល បានគូសបញ្ជាក់ពីសារសំខាន់នៃ ការស្វែងរកព័ត៌មានពិត ចេញពីប្រភពដែលអាចជឿទុកចិត្តបាន និងមានការផ្ទៀងផ្ទាត់។ ប្រទេសទាំង នោះក៏បានបង្ហាញការបន្តគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ដែលឆ្ពោះទៅរកការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យផងដែរ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជា បានបញ្ជាក់បន្ថែមទៀតថា៖ គណៈប្រតិភូនៃប្រទេសចំនួន១០ផ្សេងទៀត បានកត់សម្គាល់នូវជំហានវិជ្ជមានខ្លះ ចំពោះលំហ នយោបាយ និងគំនិតផ្តួចផ្តើមកំណែទម្រង់មួយចំនួន ប៉ុន្តែក៏បានបង្ហាញការព្រួយបារម្ភចំពោះរបាយ ការណ៍ស្ដីពី ស្ថានភាពចុងក្រោយនៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងការប្រមូលផ្ដុំដោយសន្តិវិធី។ តំណាងអចិន្ត្រៃយ៍កម្ពុជា នៅហ្សឺណែវ ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សផ្តល់ឱកាសឆ្លើយតប ដែលមាន រយៈពេលសរុបចំនួនប្រាំនាទី ដូចមានជូនភ្ជាប់ ទៅនឹងមតិយោបល់ដែលបានលើកឡើងខាងលើ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជា៖