(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋ ប្រកបមុខរបរស៊ីឈ្នួលដកដំឡូង១៧នាក់ ដែលរងគ្រោះដោយសាររន្ទះបាញ់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានសម្តែងនូវការដឹងគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌មួយរូប តែងតែគិតគូរពីសុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះភ្លាមៗបន្ទាប់ពីទទួលដំណឹង។
ដោយនៅថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ ដោយផ្ទាល់ដល់គេហដ្ឋាន និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់ កម្មករ-កម្មការិនី ស៊ីឈ្នួលដកដំឡូងឱ្យគេចំនួន ១៧នាក់នេះ ដែលបានរងរបួស ដោយសាររន្ទះបាញ់ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិ សាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ក្នុងឱកាសនោះ គណៈប្រតិភូ កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាលសួរសុខទុក្ខ និងពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរចំពោះអ្នករងគ្រោះទាំងអស់ ថ្វីត្បិត សម្តេច មិនបានអញ្ជេីញដោយផ្ទាល់ ក៏សម្តេចតែងតែ មានមនោសញ្ចេតនាអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ។
ជាពិសេស បានជូនពរជនរងគ្រោះទាំងអស់ឆាប់ជាសះស្បេីយ និងមានស្មារតីរឹងមាំជាប្រក្រតីឡេីងវិញ ដេីម្បីបន្តការងារបង្កបង្កេីនផល លេីកកម្ពស់កម្រិតជីវភាពគ្រួសារឱ្យមានភាពល្អប្រសើរឡើង ក្រោមម្លប់នៃសន្តិភាពនេះ។
ទន្ទឹមនឹងនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា ក៏បានពាំនាំសារអំពាវនាវពី សំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាពលរដ្ឋទាំងអស់ថា៖
* សូមថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យ និងបន្តរស់នៅធម្មតា តាមបែបគន្លងថ្មី ដេីម្បីរក្សាសុវត្ថិភាព និងទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩។
* សូមបង្កេីនការប្រុងប្រយ័ត្ន និងទប់ស្កាត់មិនឱ្យមានជំងឺគ្រុនឈីក គ្រុនឈាម និងជំងឺឆ្លងនានានៅក្នុងសហគមន៍។
* សូមមានការប្រុងប្រយ័ត្ននៅពេលមានភ្លៀង ខ្យល់កន្ត្រាក់ ផ្លេកបន្ទរ ផ្គរ ឬរន្ទះ ជាពិសេសត្រូវយកចិត្តទុកដាក់តាមដានសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម និងវិធានការ ត្រៀមបង្ការផ្សេងៗទៀត។
* សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងមានស្មារតីប្រុងប្រយ័ត្នជានិច្ចរាល់ពេលបេីកបរ ដេីម្បីសុវត្ថិភាព ផ្ទាល់ខ្លួននិងអ្នកដទៃ ។
ក្នុងឱកាសនោះដែរ លោកវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ក៏បានធ្វេីការផ្សព្វផ្សាយជូនប្រជាពលរដ្ឋទាំងអស់អំពីបាតុភូតផ្គរ -រន្ទះ និងប្រការត្រូវអនុវត្តនានាដេីម្បីការពារខ្លួន ពីគ្រោះថ្នាក់ធម្មជាតិផ្សេងៗដែល អាចកេីតមានឡេីងជាយថាហេតុ។
បន្ទាប់ពីជួបសំណេះសំណាលរួច គណៈប្រតិភូ បានបែងចែកជាពីរមុខព្រួញ ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះទាំងអស់ដល់គេហដ្ឋាន ដូចពាក្យស្លោកថា «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា »។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនអ្នករង របួសធ្ងន់ ៤នាក់ ក្នុងម្នាក់ៗទទួលបាន ឃីតអ្នករបួស ១កញ្ចប់, ឃីត (មុ ង ភួយ សារុង ក្រមា អាវយឺត) និងថវិកា ២លានរៀល ។ អ្នករងរបួសស្រាល ១៣នាក់ ក្នុងម្នាក់ៗទទួលបាន ឃីតអ្នករបួស ១កញ្ចប់, ឃីត (មុ ង ភួយ សារុង ក្រមា អាវយឺត) និងថវិកា ១លានរៀល៕