(ភ្នំពេញ)៖ ពិធីបុណ្យឆ្លងវិមានគុណមាតាបិតា ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី រយៈពេលពីរថ្ងៃបានបិទបញ្ចប់ហើយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ។
ពិធីបុណ្យឆ្លងវិមានគុណមាតាបិតា ត្រូវបានរៀបចំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ និងសាច់ញាតិ នៅទីតាំងបញ្ចុះសពមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ស្ថិតនៅភូមិ២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ពិធីបុណ្យត្រូវបានប្រារព្ធធ្វើឡើងទៅតាមប្រវេណីខ្មែរ ដោយមានការនិមន្តព្រះសង្ឃសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ សម្តែងព្រះធម៌ទេសនា និងការរាប់បាត្រប្រគេនចង្ហាន់ព្រះសង្ឃជាដើម។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីកូនចៅ ក្រុមគ្រួសារសាច់ញាតិ ព្រមទាំងមន្ត្រីជាន់រាជការរាជរដ្ឋាភិបាលខ្មែរជាច្រើនរូប៕