(បន្ទាយមានជ័យ)៖ ក្មេងម្នាក់ត្រូវបានឆ្លងជំងឺឆ្កែឆ្កួតកម្រិតធ្ងន់ ដោយសារឆ្កែខាំ ហើយយកទៅព្យាបាលមិនទាន់ពេលវេលា។ ក្មេងដែលឆ្កែខាំនោះនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ហើយបានបញ្ជូនមកដេកពេទ្យនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវេជ្ជបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ក្មេងដែលឆ្កែខាំនោះ ឈ្មោះ គួយ រក្ស ឪពុក ឈ្មោះ ម៉ៅ ខេមរ៉ា និងម្តាយឈ្មោះ សុខ សាវន្ត រស់នៅក្នុងភូមិ សន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្មេងនេះត្រូវបានឆ្កែខាំ រយៈពេលប្រហែល ២០ថ្ងៃកន្លងមកហើយ និងត្រូវបានបញ្ជូនមកពីផ្ទះ ទៅកាន់មន្ទីរពេទ្យខេត្តមិត្តភាពជប៉ុនមង្គលបូរី។ តាមការពិនិត្យ របស់គ្រូពេទ្យ ឃើញមានរោគសញ្ញាជំងឺឆ្កែឆ្កួតកម្រិតធ្ងន់ធ្ងរ។
លោកវេជ្ជបណ្ឌិត ឡេ ចាន់សង្វាត បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្មេងនោះត្រូវបានសម្រេចឲ្យបញ្ជូនទៅសម្រាកព្យាបាលបន្ត នៅមន្ទីរពេទ្យខេត្តបាត់ដំបង តែក្មេងដែលឆ្កែខាំនោះ ប្រហែលមិនអាចព្យាឲ្យជាបានឡើយ ព្រោះពិសឆ្កែឈានចូលកម្រិតធ្ងន់ហើយ។
ក្នុងនោះប្រធានមន្ទីរសុខាភិបាលខេត្ត បានធ្វើការអំពាវប្រជាពលរដ្ឋ ដែលមានសត្វឆ្កែចិញ្ចឹម យកទៅចាក់វ៉ាក់សាំងសត្វ ហើយចងខ្សែចិញ្ចឹមឲ្យបានត្រឹមត្រូវ។ ករណីត្រូវបានឆ្កែ ឬឆ្មាខាំ ត្រូវមកទទួលការពិគ្រោះ ឬចាក់វ៉ាក់សាំងឲ្យបានទាន់ពេលវេលា៕