(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានដឹកនាំក្រុមអ្នកសារព័ត៌មាន ចម្រុះស្ថាប័ន ចុះបំពេញទស្សនកិច្ចស្វែងយល់គម្រោងរេដបូកសីមា ក្នុងដែនជម្រកសត្វព្រៃកែវសីមា នៅខេត្តមណ្ឌលគិរី នៅតំបន់ភូមិភាគឦសាន ប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០។

ដំណើទស្សនកិច្ចនេះ ដឹកនាំដោយ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ។

ដំណើរទស្សនកិច្ចចុះពិនិត្យ និងស្វែងយល់នេះ បានសហការរៀបចំឡើងដោយអង្គការ WCS និងក្រសួង បរិស្ថាន គាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID ក្នុងគោលបំណងផ្តល់ឱកាសជូនគណៈប្រតិភូ និងក្រុមអ្នកសារព័ត៌មាន ដើម្បីបានស្វែងយល់ និងជួយលើកកម្ពស់ការយល់ដឹងសាធារណៈអំពី៖ ការរៀបចំ និងការអនុវត្តគម្រោងកែវសីមា រេដបូក, ការការពារនិងអភិរក្សធនធានជីវៈចម្រុះ និងកម្មវិធីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋានជាដើម។

ក្នុងកំឡុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនឹងជួបជាមួយតំណាងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នាយកដែនជម្រកសត្វព្រៃកែវសីមា មន្ត្រីឧទ្យានុរក្ស និងតំណាងអង្គការ WCS នៅឯស្នាក់ការ ដែនជម្រកសត្វព្រៃកែវសីមា ដើម្បីពិភាក្សាអំពីការអនុវត្តគម្រោងរេដបូក និងយន្តការពាក់ព័ន្ធនឹងការបែងចែកផលប្រយោជន៍ដល់សហគមន៍។

បន្ទាប់មកគណៈប្រតិភូ នឹងបន្តដំណើរទៅកាន់សហគមន៍តំបន់ការពារធម្មជាតិស្រែព្រះស្ថិតក្នុងឃុំស្រែព្រះ ស្រុកកែវសីមា ជំរំសត្វទោចថ្ពាល់លឿងស្ថិតក្នុងភូមិអណ្តូងក្រឡឹង និងរមណីយដ្ឋានទឹកធ្លាក់ «លែងអង» និង «លែងឃិន» ស្ថិតក្នុងស្រុកអូររាំង ដើម្បីជួបសំណេះសំណាលជាមួយសហគ្រាសសហគមន៍កែច្នៃឫស្សីរបស់សហគមន៍តំបន់ការពារធម្មជាតិស្រែព្រះ ក្រុមកសិករផលិត ស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ (អាប៊ីស រ៉ាយស៍) ក្រុមសហគមន៍ទេសចរណ៍ធម្មជាតិ និងពិនិត្យមើលសមិទ្ធផលមួយចំនួន ដែលសហគមន៍អនុវត្ត និងសម្រេចបានក្រោមគម្រោងរេដបូក ដូចជា ប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាតថ្នាក់ភូមិរោងប្រជុំ សហគមន៍ អណ្តូងស្នប់ និងស្ពានឆ្លងកាត់ភូមិ។

លោកស្រី Veena Reddy នាយកបេសកកម្មទី ភ្នាក់ងារជំនួយអាមេរិក (USAID) ប្រចាំកម្ពុជា បានកត់ សម្គាល់ថា «ការអនុវត្តគម្រោងរេដបូកប្រកបដោយជោគជ័យ នឹងផ្តល់អត្ថប្រយោជន៍រួមដល់សហគមន៍ ធម្មជាតិ និងសេដ្ឋកិច្ច។ គម្រោងនេះអាចជួយការពារនិងអភិរក្សប្រភេទសត្វសំខាន់ៗដែលជិតផុតពូជ ធនធានជីវៈចម្រុះ និងគម្របព្រៃឈើ។ វាក៏អាចជួយអភិរក្សវប្បធម៌នៅក្នុងតំបន់ផងដែរ»

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះ អង្គការ ដៃគូពាក់ព័ន្ធ ទាំង អស់ ជាពិសេស ទីភ្នាក់ងារជំនួយអាមេរិក USAID ដែលបានបន្តចូលរួមចំណែក ការពារ និងអភិរក្សព្រៃឈើរបស់ព្រះរាជាណាចក្រកម្ពុជាឱ្យនៅគង់វង្ស ឈានដល់មានការលក់ឥណទានកាបូន នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។

លោកអះអាងថា ការរួមចំណែករបស់ដៃគូទាំងអស់មិនត្រឹមតែបានផ្តល់ អត្ថប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន ផងដែរតាមរយៈការបង្កើតតំបន់ទេសចរណ៍ធម្មជាតិ។

លោកបានអរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាង
ក្រសួងបរិស្ថាន និងដៃគូទាំងអស់ ហើយថ្លែងអំណរគុណដល់មន្ត្រីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីចំពោះការប្តេជ្ញាចិត្តខ្ពស់របស់ខ្លួនក្នុងការអភិរក្សធនធានជីវៈចម្រុះ និងសត្វព្រៃនៅកម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយរបស់កម្ពុជា។

លោក កែន សេរីរដ្ឋា នាយកអង្គការ WCS ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា៖ «ដោយមានការគាំទ្រ ជា បន្តបន្ទាប់ពីម្ចាស់ជំនួយរបស់យើង អង្គការ WCS សម្រេចបានសមិទ្ធិផលការងារអភិរក្សយ៉ាងច្រើនគួរ ឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ យើងមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ ហើយយើងសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរ មូលដ្ឋាន ដែលធ្វើឱ្យយើងទាំងអស់គញនាអាចសំរេចបាននូវគោលដៅរួមរយៈពេលវែងរបស់យើង ក្នុង ការងារអភិរក្ស និងអភិវឌ្ឍន៍សហគមន៍»

គម្រោងកែវសីមា រេដបូក (REDD+) មានន័យជា ភាសាខ្មែរថា ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពីការបាត់បង់ និងរេចរឹលព្រៃឈើ បូកនឹងការអភិរក្សព្រៃឈើ ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងការបង្កើនកាបូនស្តុក ដែលមានពាក្យពេញជាភាសាអង់គ្លេសគឺ Reducing Emission from Deforestation and forest Degradation ឬហៅ កាត់ថា រ៉េដបូក។

រេដបូក គឺជាយន្តការមួយដែលបង្កើតឡើងដើម្បីលើកទឹកចិត្តដល់ប្រទេសកំពុងអភិវឌ្ឍនានាឱ្យចូលរួមការពារគ្រប់គ្រង និងប្រើប្រាស់ធនធានព្រៃឈើនៅក្នុងប្រទេសរបស់ខ្លួនឱ្យបានល្អប្រសើរ និងប្រកបដោយភាពឆ្លាតវៃ ដើម្បីរួមចំណែកប្រយុទ្ធ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅលើពិភពលោក។

គម្រោងកែវសីមារ៉េដបូក បានចាប់ផ្តើមអនុវត្តនៅឆ្នាំ ២០១០ និងផ្តោតលើតំបន់ស្នូល (ដែលមានទំហំ ១៦៦៩៨៣ហិកតា) ស្ថិតក្នុងតំបន់ការពារ។ គម្រោងនេះគ្របដណ្តប់លើភូមិគោលដៅចំនួន ២០ភូមិ មានប្រជាពលរដ្ឋរស់នៅសរុបប្រហែល ១៨.០០០នាក់ ដែលទទួលបានអត្ថប្រយោជន៍ពីការគ្រប់គ្រងតំបន់ការពារបានល្អប្រសើរ និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍។

ក្រសួងបរិស្ថាន ដែលមានអង្គការ WCS ជាដៃគូ បានលក់ ឥណទានកាបូនបាន ចំណូលជិត ៤លានដុល្លារ គិតមកដល់ពេលបច្ចុប្បន្ននេះ។ ចំណូលបានពីការលក់ ឥណទានកាបូនទាំងនេះ ឥឡូវនេះកំពុងត្រូវបានប្រើប្រាស់ ដើម្បីគាំទ្រទាំងស្រុងដល់សកម្មភាពការងារអភិរក្ស និងគ្រប់គ្រងព្រៃឈើរួមទាំងគាំទ្រដល់ការបណ្តុះបណ្តាលជំនាញគ្រប់គ្រងព្រៃឈើនិងសត្វព្រៃ ដល់មន្ត្រីរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី ស្ថិតនៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដោយ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមតរនកោដ្ឋ និងមានផ្ទៃដី១៤.២៨៨គីឡូម៉ែត្រការ៉េ ជាប់លំដាប់ទីមួយបណ្តាផ្ទៃដី នៃរាជធានីខេត្តទាំង២៥។ ដោយបែងចែកស្រុកចំនួន៤ និងទីក្រុងមួយ គឺស្រុកកោះញែក, ស្រុកច្បារ, ស្រុកអូររាំង, ស្រុកពេជ្រាដា និងក្រុងសែនមនោរម្យ។

ខេត្តមណ្ឌលគិរី មានព្រំប្រទល់ខាងជើងជាប់នឹងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ខាងកើតនិងខាងត្បូងជាប់នឹងសាធារណរដ្ឋសង្គមនិយមវៀតណាម និងខាងលិចជាប់នឹងខេត្តក្រចេះ។ ខេត្តមណ្ឌលគិរី មានចម្ងាយ៣៨០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦, លេខ៨ និងលេខ៧ កាត់ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។