(សៀមរាប)៖ ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការដោះស្រាយក្តីកង្វល់ ដែលជាសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងនាយកសមាគមបេសកកម្មដំណឹងល្អ បានសហការជាមួយក្រុមហ៊ុន BemaRealEstate co.Ltd បានប្រគល់អណ្តូងទឹកចំនួន៦អណ្តូង ដែលមានទីតាំងផ្សេងៗគ្នា ក្នុងស្រុកចំនួនពីរក្នុងខេត្តសៀមរាប។
ការប្រគល់អណ្ដូងទឹកចំនួន៦នេះ បានធ្វើឡើងកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ លោក ឃឹម ហ្វីណង់អភិបាលស្រុកបន្ទាយស្រី លោក តាន់ ប៊ុនឆន អភិបាលស្រុកជីក្រែង និងប្រជាពលរដ្ឋចូលរួមទទួលផងដែរ។
នៅក្នុងឱកាសនោះលោក ខាន់ ខុន បានលើកឡើងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពគ្រួសារដល់ប្រជាពលរដ្ឋក្នុងរដូវកាលការរីករាដាលជំងឺកូវីដ១៩នេះ លោកបានណែនាំដល់អ្នកចូលរួមទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយចូលរួមរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឲ្យបានត្រឹមត្រូវ តាមសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ តាមរយៈការលាងដៃឲ្យបានញឹកញាប់ និងជាប្រចាំជាមួយសាប៊ូ ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃ ដោយយកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានជាប្រចាំ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ត្រូវពាក់ម៉ាស់ ឬក្រមាពេលចេញក្រៅផ្ទះជាដើម។
លោកបានបន្តអំពានាវដល់ពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អដោយអនុវត្តការរស់នៅស្អាត ហូបស្អាត កុំបន្ទោរបង់ពាសវាលពាសកាល ត្រូវសម្រាន្តក្នុងមុង ដើម្បីការពារពីជំងឺគ្រុនចាញ់ ឬគ្រុនឈាម និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃកាត់បន្ថយការស្លាប់ ពិការភាព និងជួយអប់រំណែនាំដល់កូនចៅឲ្យរស់ឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញអនាគតរបស់ក្រុមគ្រួសារ និងសង្គមជាតិ។
លោក ខាន់ ខុន បានបន្តថា ចំពោះគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបាននូវចំណេះដឹង ច្បាស់លាស់ កុំឲ្យមានបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្សេងៗ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បំផុត ព្រមទាំងខិតខំពន្យល់ដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីការប្រែប្រួល អាកាសធាតុផងដែរ។
លោកបានថ្លែងថា សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ ជាពិសេសគឺបានរំដោះប្រទេសផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបានស្វែងរកសន្តិភាពជូនជាតិកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ រួបរួមគ្នាខ្មែរក្រោមដំបូលតែមួយ និងបានការពារសន្តិភាពបានពេញលេញ យ៉ាងពិតប្រាកដ ដោយមិនឲ្យមានសង្រ្គាម។
អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ មានចិត្តរំភើបរីករាយ និងសូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាក និងជីវភាពប្រជាពលរដ្ឋ ក៏ដូចជាយុទ្ធជន និងសូមគាំទ្រសម្ដេច ដើម្បីដឹកនាំនាវានៃកម្ពុជាក្នុងសុខសន្តិភាព និងការអភិវឌ្ឍ ជាពិសេសលោក ខាន់ ខុន និងលោកស្រី ឃឹម បុផ្ផា រួមទាំងក្រុមគ្រួសារសូមឲ្យមានសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ច។
គួរបញ្ជាក់ថា ការផ្តល់អណ្តូងទឹកចំនួន៦នេះ ក្នុងស្រុកចំនួន២ ដែលមានភូមិដូចជា៖ ភូមិពាក់ស្ពៀ ភូមិថ្នល់ដាច់ ភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង និងភូមិទូលក្រួស ភូមិពើងឆាត ភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕