(ភ្នំពេញ)៖ អង្គការមូលនិធិសប្បុរសធម៌ឆឺជី និងសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់ផ្ទាំងអំពូលសឡាដល់ប្រជាពលរដ្ឋចំនួន១៤៤ខ្នងផ្ទះ ដែលរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ។

ពិធីផ្តល់អំពូលប្រើពន្លឺព្រះអាទិត្យ (សឡា) នេះប្រារព្ធធ្វើឡើងក្រោមវត្តមាន លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ងួន សុភៈ គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងចៅសង្កាត់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោក សៀរ ម៉ីងស៊ីង ប្រធានអង្គការមូលនិធិឆឺជីប្រចាំកម្ពុជា បានឲ្យដឹង នេះគឺជាលើកទី២ហើយ ដែលអង្គការរបស់លោកបានសហការ ជាមួយអាជ្ញាធរខណ្ឌចំការមន នាំយកអំណោយសប្បុរសធម៌មកចែកជូនប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌ ដែលជួបការលំបាកក្នុងពេលកូវីដ-១៩ កំពុងរាតត្បាតជាសាកលនេះ ហើយក៏មានប្រជាពលរដ្ឋចំនួន២២៥គ្រួសារ ត្រូវបានទទួលអំណោយសប្បុរសម្តងរួចមកហើយដែរ។

លោកបន្តថា អង្គការមូលនិធិពុទ្ធសាសនាឆឺជី ចូលមកដល់កម្ពុជា តាំងក្នុងដើមឆ្នាំ២០១១ ហើយគិតមកត្រឹមពេលនេះ ឆឺជី មានអាយុកាល១០ឆ្នាំ ហើយនៅក្នុងប្រទេសមួយនេះ។ មូលនិធិសប្បុរសធម៌ឆឺជី បង្កើតឡើងក្នុងគោលបំណង សំដៅរកការដោះស្រាយទុក្ខលំបាករបស់ប្រជាជនមិនថា ក្នុងតំបន់អាស៊ី ឬអឺរ៉ុបឡើយ។ អង្គការមូលនិធិពុទ្ធសាសនាឆឺជី-កម្ពុជា អាចដំណើរការជួយប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះទៅបាន គឺដោយមានការផ្គត់ផ្គង់ជំនួយជាបន្តបន្ទាប់ពី ភិក្ខុនី ជឹងយៀន ដែលរស់នៅតៃវ៉ាន់ និងចិនជាដើម។

ក្នុងឱកាសនោះដែរ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានលើកឡើងថា ក្នុងនាមអាជ្ញាធរខណ្ឌ លោកពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះអង្គការមូលនិធិពុទ្ធសាសនា ឆឺជី និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខលំបាក និងចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងខណ្ឌចំការមន។

អំណោយដែលត្រូវបានចែកជូនប្រជាពលរដ្ឋ នៅពេលនេះ គឺជាសក្ខីភាពមួយសបញ្ជាក់ឲ្យឃើញបេះដូងសប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះដោយគ្មានការប្រកាន់ ទៅលើពណ៌សប្បុរ ឬសាសនានោះឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្តអាណិត ស្រាលាញ់ រាប់អាន គ្មានគិតគុណបុណ្យ ឬផលប្រយោជន៍ផ្ទាល់ខ្លួន និងការតបស្នងអ្វីទាំងអស់។

បន្ថែមពីនេះ លោកអភិបាលខណ្ឌ ក៏បានសុំឲ្យប្រជាពលរដ្ឋទាំងអស់ ដែលបានមកទទួលអំណោយ ក៏ដូចជាប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងមូលដ្ឋាន ខណ្ឌចំការមន និងក្នុងរាជធានីភ្នំពេញ រៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ កុំបោះសំរាមចោលរក្សាបរិស្ថានក្នុងសហគមន៍ឲ្យបានល្អ ជាពិសេសក្នុងសម័យ កូវីដ-១៩នេះ សុំបន្តអនុវត្តវិធានអនាម័យឲ្យបានជាប់ជាប្រចាំ គឺរស់នៅស្អាត ហូបចុកស្អាត បរិស្ថានល្អ ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺលាងដៃឲ្យបានញឹកញាប់ ពាក់ម៉ាស និងរក្សាគំលាតសុវត្ថិភាព ដើម្បីរួមគ្នាទប់ស្កាត់ និងការពារការរីករាលដាលជំងឺកូវីដ១៩ មកក្នុងសហគមន៍។

សូមបញ្ជាក់ផងដែរ អំណោយដែលប្រជាពលរដ្ឋ ទទួលបាននៅថ្ងៃនេះគឺ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្គរ៤០គីឡូក្រាម, ផ្ទាំងសឡា១កំប្លេរ និងនំប៉័ងជ្រុង១ដើម៕