(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្ដឹង អាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនបុរសម្នាក់នៅរង្វង់មូលក្រុងប៉ោយប៉ែត និងធ្វើការសាកសួជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូដែលចតនៅមុខហាងម្តុំផ្ទះសំណាក់ អ៊ូ បូរីណា ពិតប្រាកដមែន។
លោកវរសេនីយ៍ត្រីបានបញ្ជាក់ថា ករណីចុះឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ក្រោយពីជនរងគ្រោះឈ្មោះ ឆាយ ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានដាក់ពាក្យបណ្ដឹង លោកបានដឹកកម្លាំងចុះធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ រស់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅចំណុចរង្វង់មូល និងដកហូតបានម៉ូតូចំនួន១គ្រឿង ម៉ាកយ៉ាម៉ាហាជីធី ពណ៌ក្រហមលាយខ្មៅ ផលិតឆ្នាំ២០១៦ គ្មានស្លាកលេខ ហើយបញ្ជូនមកមូលដ្ឋាន អាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។
ក្រោយពីសាកសួរចម្លើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូដែលចតនៅមុខហាង ម្តុំផ្ទះសំណាក់ អ៊ូ បូរីណា ពិតប្រាកដមែន ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ កម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្តខេត្តចាត់ការបន្ត។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ចំណែកម៉ូតូត្រូវបានប្រគល់ឲ្យម្ចាស់ដើមវិញហើយ៕