(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការការមូលដ្ឋាន អាវុធហត្ថក្រុងសិរីសោភ័ណ បានចុះធ្វើប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុងដើម្បីសួរនាំ។
កាស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៨៖២៥នាទី ដោយយោងតាមពាក្យបណ្ដឹងរបស់ដើមបណ្ដឹងឈ្មោះ ទូច សាមឿន អាយុ៣៨ឆ្នាំ រស់នៅភូមិ/សង្កាត់អូរអំបិល ក្រុងសិររីសោភ័ណ ខេត្តបន្ទាយមានជ័យករណីហិង្សា និងធ្វើឲ្យខូចខាតដោយចេតនា កាលពីវេលាម៉ោង១៩ និង១០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ដែលបង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ទី១៖ ឈ្មោះ ហេង រតនា ភេទប្រុស អាយុ១៨ឆ្នាំ ទី២៖ ឈ្មោះ អ៊ឹង ឌីឌូ (ហាក់) ភេទប្រុស អាយុ១៧ឆ្នាំ និងបក្សពួកមួយចំនួនទៀត។
ក្រោយពីកម្លាំងជំនាញមូលដ្ឋាន អាវុធហត្ថក្រុងសាកសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្សពួកខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូដេញកាប់ និងវាយបំផ្លាញ ថែមទាំងដុតម៉ូតូរបស់ជនរងគ្រោះឈ្មោះ គ្រិច ម៉ារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ និងឈ្មោះ ទ្រី ចាន់សាន ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវជាកូនរបស់ដើមបណ្ដឹងខាងលើ បណ្ដាលឲ្យខូចខាតទាំងស្រុងពិតប្រាកដមែន។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ហេង រតនា ក៏មានដីកាបង្គាប់ឲ្យចាប់ខ្លួនពីបទហិង្សាដោយចេតនាស្ថានទម្ងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះ ដែលប្រព្រឹត្តនៅក្លឹបកំសាន្តហ្គោលថោន ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ហើយគេចខ្លួនទៅនៅប្រទេសថៃរហូតដល់បច្ចុប្បន្ន។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង និងយោងតាមមានដីការបង្គាប់ឲ្យចាប់ខ្លួនផងនោះ ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកអាវុធហត្ថខេត្ត ចាត់ការបន្ត និងបច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងការិល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕