(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចយកគ្រឿងចក្រកាយបើកមុខទឹកភ្លៀង ដែលជន់លិចផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ដ្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។ រហូតមកដល់ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថានភាពទឹកបានស្រកទៅវិញអស់ច្រើនហើយ បើធៀបនឹងយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងពេលចុះពិនិត្យស្ថានភាព នៅយប់ថ្ងៃទី០២ ខែកញ្ញា លោក ឃួង ស្រេង បានបញ្ជាផ្ទាល់ទៅលោក សាំង ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ ធ្វើការកាយប្រឡាយបើកមុខទឹក នៅចំណុចអមផ្លូវរទេះភ្លើង ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង និងមួយទីតាំងទៀត នៅតាមបណ្ដោយផ្លូវរទេះភ្លើង ស្ថិតនៅក្នុងភូមិជង្រុក ក្នុងសង្កាត់ត្រពាំងក្រសាំង ដើម្បីរំដោះទឹកដែលជន់លិចនៅលើផ្លូវជាតិលេខ៤។
ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ បានឲ្យដឹងថា ការប្រើគ្រឿងចក្រកាយបើកមុខទឹក២ទីតាំងនេះ វានឹងនាំទឹកហូរធ្លាក់ទៅប្រឡាយទួលសំពៅ និងបន្តហូរទៅស្ថានីយ៍បូមទឹកទួលសំពៅ។
រហូតមកដល់ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ស្ថានភាពទឹកជន់លិចនៅលើផ្លូវជាតិលេខ៤ បានស្រកទៅអស់ច្រើនហើយ បើធៀបនឹងទឹកកាលពីយប់មិញ ខណៈស្ថានភាពចរាចរណ៍នៅមមាញឹកដដែល មិនទាន់ធូរស្រាលនោះទេ ប៉ុន្ដែលោកថារថយន្ដអាចវិលកង់បាន មិនជាប់គាំឡើយ។
បើតាមលោកអភិបាលខណ្ឌ បើទោះបីស្ថានភាពទឹកស្រកទៅវិញអស់ច្រើនក៏ពិតមែន ប៉ុន្ដែកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច កំពុងតែឈរដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តំបន់ដែលជន់លិចនេះផងដែរ ធ្វើយ៉ាងណាដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ខ្លាំង។
យ៉ាងណាមិញ ក្រោយពីកាយបើកមុខទឹក ដែលជាចំណាត់ការរបស់អភិបាលរាជធានីភ្នំពេញនេះ មិនយូរទេ ក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ពិសេសលើកំណាត់ផ្លូវជាតិលេខ៤ ទឹកនឹងស្រុកអស់ជាក់ជាមិនខាន៕