(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក មានរៀបចំពិធីប្រគល់រថយន្ត ចំនួន៧៥គ្រឿងដល់អង្គភាពចំណុះ ចំនួន៣២អង្គភាព សម្រាប់ប្រើប្រាស់ក្នុងការងារហ្វឹកហ្វឺន និងប្រតិបត្តិការរបស់ខ្លួន។
រថយន្តទាំងអស់ខាងលើនេះ គឺជាជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរកម្ពុជា-ចិន ជូនដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដើម្បីជួយពង្រឹងសមត្ថភាពក្នុងវិស័យការពារជាតិកម្ពុជា។
គួររំលឹកផងដែរថា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី-ពហុភាគីជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោក កម្ពុជាតែងតែទទួលបាននូវជំនួយឧបត្ថម្ភជាច្រើនទាំងស្មារតី សម្ភារ និងថវិកាពីបណ្តាប្រទេសជាដៃគូ ហើយក្នុងនោះ ក៏មានសាធារណរដ្ឋប្រជាមានិតចិនផងដែរ ដែលជាប្រទេសផ្តល់ជំនួយដ៏ធំមួយសម្រាប់កម្ពុជ។
ជាក់ស្តែង ជំនួយកិច្ចសហប្រតិបត្តិការយោធាចិនជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនាពេលនេះ គឺពិតជាបានបង្ហាញនូវចំណងមិត្តភាព ទំនាក់ទំនងល្អ និងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកម្ពុជា-ចិន៕