(ភ្នំពេញ)៖ សមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដែលហៅកាត់ថា ACSC បានរៀបចំកិច្ចប្រជុំជាមួយក្រុមនិស្សិតវេជ្ជបណ្ឌិតកម្ពុជា មកពីប្រទេសចិនប្រមាណ៦០រូប នៅសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ដើម្បីផ្សព្វផ្សាយ និងអបអរសាទរ អំពីភាពជោគជ័យក្នុងការទទួលស្គាល់ និងសមមូលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ វេជ្ជសាស្ត្រពីប្រទេសចិន សមមូលស្នើនឹងសញ្ញាបត្រវេជ្ជបណ្ឌិតទូទៅនៅកម្ពុជា និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វេជ្ជសាស្ត្រពីប្រទេសចិន សមមូលស្នើនឹងសញ្ញាបត្រវេជ្ជបណ្ឌិតឯកទេសនៅកម្ពុជា របស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា។
ពិធីនេះរៀបចំឡើង នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ។
សមាគមនិស្សិត ក៏ណែនាំអំពីនីតិវិធីសមមូលសញ្ញាបត្រវេជ្ជសាស្ត្រពីប្រទេសចិន ដល់និស្សិតដែលទើបបញ្ចប់ការសិក្សា ព្រមទាំងណែនាំឲ្យនិស្សិតវេជ្ជបណ្ឌិត ឲ្យចូលរួមការងារស្ម័គ្រចិត្ត ក្នុងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលរួមចំណែកក្នុងកិច្ចការសង្គម តាមរយៈការជួយសង្គ្រោះ និងព្យាបាលជំងឺប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅតាមជនបទដាច់ស្រយាលផង។
លោក អ៊ុំ វុទ្ធទី អតីតប្រធានសមាគមនិស្សិតអាណត្តិទី១ បច្ចុប្បន្នជាស្ថាបនិក និងជាប្រធានកិត្តិយសសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានឲ្យដឹងថា និស្សិតកម្ពុជាកំពុងសិក្សា និងបញ្ចប់ការសិក្សាជំនាញវេជ្ជសាស្ត្រ ពីប្រទេសចិនសរុបចំនួន២៥៥នាក់ ទទួលបានក្តីរំភើប សប្បាយរីករាយយ៉ាងខ្លាំង ក្រោយពីសមាគមនិស្សិតទទួលបានជោគជ័យ ក្នុងការស្នើសុំទទួលស្គាល់ និងសមមូលសញ្ញាបត្រវេជ្ជសាស្ត្រពីប្រទេសចិន របស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា សមាគមនិស្សិត រួមទាំងក្រុមនិស្សិតវេជ្ជបណ្ឌិតកម្ពុជា នៅប្រទេសចិន សូមអរគុណសន្តិភាព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ហ៊ុន ម៉ាណែត ដែលតែងយកចិត្តទុកដាក់ខ្ពស់ ចំពោះយុវជននិស្សិតកម្ពុជានៅក្រៅប្រទេស ជាពិសេសនិស្សិតកម្ពុជានៅប្រទេសចិន។
ជាមួយគ្នានេះដែរ សមាគមនិស្សិត ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា (ACC), លោក សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ហោ សេរីវឌ្ឍន៍ ប្រធានអង្គការយុវជន ដើម្បីមាតុភូមិ, លោក សុខ សប្បាយណា អនុរដ្ឋលេខាក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ទូច ស្រីនាង ប្រធាននាយកដ្ឋានធនធានមនុស្សនៃក្រសួងសុខាភិបាល ក្រុមការងារគណៈកម្មការអន្តរក្រសួង ក្នុងការវាយតម្លៃទទួលស្គាល់សញ្ញាបត្រ និងក្រុមការងារនិស្សិតវេជ្ជបណ្ឌិត ដែលបានជួយជម្រុញ ការខិតខំ ការចូលរួម ការឱតម្លៃចំពោះការសិក្សាផ្នែកវេជ្ជសាស្ត្រ នៅប្រទេសចិន រហូតមានការទទួលស្គាល់ និងសមមូលសញ្ញាបត្រវេជ្ជសាស្ត្រពីប្រទេសចិន។
ក្រុមនិស្សិតវេជ្ជបណ្ឌិតកម្ពុជា ដែលបានបញ្ចប់ការសិក្សា បេ្តជ្ញាខិតខំអនុវត្តការងារ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ គ្រូពេទ្យអោយបានត្រឹមត្រូវ ដើម្បីចូលរួមជួយលើកកំពស់សុខុមាលភាពប្រជាពលរដ្ឋ និងសង្គមជាតិ៕