(ស្វាយរៀង)៖ ប្រជាពលរដ្ឋដែលមានអាយុចុះឈ្មោះបោះឆ្នោតនៅខេត្តស្វាយរៀង ក្នុងរយៈពេល ៥ថ្ងៃ ដោយគិតពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ មានចំនួន ៣,៤៧៨នាក់។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការជួយផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋឱ្យអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានយ៉ាងពិតប្រាកដ។
ជាក់ស្ដែង ក្នុងរយៈពេលតែ ៥ថ្ងៃ ក្រុមចុះឈ្មោះបោះឆ្នោតនៃខេត្តស្វាយរៀង បានផ្ដល់សេវាចុះឈ្មោះបោះឆ្នោតថ្មីជូនប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតបានចំនួន ៣,៤៧៨ ស្មើនឹង ៦៤.៤៨ ភាគរយ បើប្រៀបធៀបនឹងផែនការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០ ចំនួន ៥,៣៩៤។
លោកបន្តថា ទន្ទឹមនឹងនេះបានលុបឈ្មោះអ្នកស្លាប់ចំនួន ៧៤៨ លើ ១,៨៤៣ ស្មើនឹង ៤០.៥៩ ភាគរយ កែតម្រូវទិន្នន័យជូនប្រជាពលរដ្ឋ បានចំនួន ៥១២ និងផ្លាស់ប្ដូរឯកសារបោះឆ្នោតជូនប្រជាពលរដ្ឋចំនួន ១,២១៧។
លោក តូច ប៉ូលីវ៉ា បានអរគុណចំពោះការខិតខំប្រឹងប្រែង និងការផ្ដល់កិច្ចសហការល្អរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីបោះឆ្នោតគ្រប់រូបនៅក្នុងក្របខ័ណ្ឌខេត្តស្វាយរៀងផងដែរ។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលបណ្តោះអាសន្នថ្ងៃទី០៥ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដោយបញ្ជាក់ថា មានប្រជាពលរដ្ឋ ១៨.៣៤២នាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី។
សូមចូលទៅកាន់គេហទំព័រ www.nec.gov.kh/khmer/taxonomy/term/327 ដើម្បីពិនិត្យមើលតារាងលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ប្រចាំថ្ងៃ៕