(ព្រះវិហារ)៖ ក្នុងកិច្ចប្រជុំក្រុមការងារជំរុញ ណែនាំ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានដាក់ចេញនូវវិធានការ ៤ចំណុច សម្រាប់យកទៅអនុវត្តន៍បន្ត។
វិធានការ៤ចំណុច សម្រាប់យកទៅអនុវត្តន៍បន្តនោះ រួមមាន៖
* ឯកភាពតាមទិស ដៅដែលបានលើកឡើង និងសូមលេខាធិការដ្ឋានក្រុមការងារសហការជាមួយមន្ទីរ -អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី ដើម្បីបន្តចុះផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ និងត្រូតពិនិត្យ ពីការអនុវត្តរបស់ប្រតិបត្តិករទេសចរណ៍បន្ថែមទៀត ស្របតាមគោលការណែនាំ។
* ក្នុងដំណាក់កាលចំពោះមុខ ត្រូវធានាឱ្យបាននូវការមិនឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍ ដោយត្រូវគោរពឱ្យបាននូវការប្រតិបត្តិ តាមវិធានសុវត្ថិភាព និងអនាម័យ ដែលជាមូលដ្ឋាននៃការកសាង ទំនុកចិត្ត និងភាពជឿជាក់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលជាកត្តាចាំបាច់ មិនអាចខ្វះបាន នៃការចាប់ផ្ដើមឡើងវិញ នៃវិស័យ ទេសចរណ៍ នៅក្នុងខេត្ត និងក្នុងប្រទេសទាំងមូល។
* ទន្ទឹមនឹងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្រោមយន្តការនៃគណៈកម្មការ អភិវឌ្ឍ ទេសចរណ៍ខេត្ត សូមមន្ទីរទេសចរណ៍ បន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការសហការជាមួយ មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក ដើម្បីពង្រឹង បន្ថែមនូវការគ្រប់គ្រង គោលដៅទេសចរណ៍ ដែលមានស្រាប់ ដូចជាសហគមន៍ទេសចរណ៍ សហគមន៍គោលដៅទេសចរណ៍ និងអភិវឌ្ឍ ពង្រីក បន្ថែមទៀត នូវគោលដៅទេសចរណ៍ថ្មីៗ ដោយផ្សារភ្ជាប់នូវមូលដ្ឋានជនបទដើម្បី ទាក់ទាញ ភ្ញៀវទេសចរបន្ថែមទៀត។
* មន្ទីរទេសចរណ៍ ត្រូវសហការជាមួយ មន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងសមត្ថកិច្ចពាក់ព័ន្ធ ផ្សេងទៀត ដើម្បីរៀបចំយន្តការ គ្រប់គ្រងគោលដៅទេសចរណ៍នៅភ្នំត្បែងឱ្យបានត្រឹមត្រូវ និងធានាបាន នូវប្រសិទ្ធភាព និរន្តរភាព បរិស្ថាន៕
លោក ប្រាក់ សុវណ្ណ បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានសហការជាមួយអង្គការសុខភាពពិភពលោក និងភាគីពាក់ពន្ធ័ផ្សេងៗ បានធ្វើឲ្យប្រទេសកម្ពុជាទប់ស្កាត់បានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដោយគ្មានការឆ្លងរីករាលដាលចូលទៅក្នុងសហគមន៍ទេ មានតែការករណីឆ្លងនាំចូលពីក្រៅប្រទេសតិចតួច ហើយក្រុមគ្រូពេទ្យបានព្យាបាលជាសះស្បើយជាច្រើន ពិសេសមិនមានករណីស្លាប់ដោយជំងឺកូវីដ១៩ នៅកម្ពុជានោះ។
លោកបន្តថា ក្រៅពីបានទប់ស្កាត់មិនឲ្យមេរោគកូវីដ១៩ ឆ្លងចូលតាមសហគមន៍នានានោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការនានា ដើម្បីជួយសង្រ្គោះអាជីវកម្ម សេវាកម្ម បុគ្គលិកបម្រើការងារនិងប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ជាបន្តបន្ទាប់ផងដែរ។
ជាមួយគ្នានោះលោកអភិបាលខេត្តព្រះវិហារ បានថ្លែងនូវការអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរអង្គភាព អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធទាំង៣ និងអ្នកពាក់ពន្ធ័ទាំងអស់ ពិសេសលោកគ្រូ អ្នកគ្រូពេទ្យ ដែលបានខិតខំព្យាបាលអ្នកជំងឺកូវីដ១៩ ទាំង២នាក់ក្នុងខេត្តព្រះវិហាររហូតជាសះស្បើយ។
ក្នុងគោលបំណងសំខាន់ និងចាំបាច់បំផុតក្នុងការចូលរួមបង្ការទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្រៅអំពីវិធានការជាច្រើនរបស់រដ្ឋបាលខេត្ត ដែលបានដាក់ចេញកន្លងមក រដ្ឋបាលខេត្តក៍បានបង្កើតនូវក្រុមការងារមួយទៀត ដើម្បីជុំរុញណែនាំ និងតាមដានការអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ ដោយអនុវត្តន៍តាមគោលការណែនាំរបស់ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល៕