(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ដឹកនាំដោយឧត្ដមសេនីយ៍ទោ សុខ សុមនោ អនុប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក សហការជាមួយអាជ្ញាធរ ខណ្ឌមានជ័យ ចុះត្រួតពិនិត្យទីតាំងសិប្បកម្ម ស្ថិតនៅផ្ទះលេខ ៦២៣ ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។
ក្នុងប្រត្ដិបត្ដិការនេះធ្វើឡើងក្រោមការសម្របសម្រួលងពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ទីតាំងខាងលើមានម្ចាស់ទីតាំងឈ្មោះ ចាំង សុខហ៊ុង ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះថា ក្រោយពីការចុះត្រួតពិនិត្យរួចមក គណៈកម្មាធិការចម្រុះ ពិនិត្យឃើញថា សិប្បកម្មផលិតតៅហ៊ូ យ៉ាង លីអ៉ី មិនអនុលោមទៅតាមច្បាប់កំណត់។ ពុំមានសេចក្ដីសម្រេច ស្តីពីការបើកគ្រឹះស្ថាន អាហរណ៍ នីហរណ៍ ផលិតផលគ្រឿងសម្អាង របស់ក្រសួងសុខាភិបាល។ ចំពោះផលិតផលដែលបានរកឃើញ គណៈកម្មាធិការចម្រុះ បានសម្រេចរក្សាទុកវត្ថុតាងទាំងអស់នៅទីតាំងដដែលជាបណ្តោះអាសន្ន។ ដកហូតផលិតផលមួយចំនួន សំរាប់ធ្វើសំណាក។
ជាមួយគ្នានេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានណែនាំម្ចាស់ទីតាំងមិនឲ្យចែកចាយលក់ទៅក្រៅបន្តទៀតទេ លុះត្រារកកន្លែងទុកដាក់តាមបច្ចេកទេសលក្ខណ:ស្ដង់ដារ និងត្រូវសុំច្បាប់ពីក្រសួងសុខាភិបាលថែមទៀត។
សូមបញ្ជាក់ថា គ្រឿងក្រអូបទាំងនេះ កម្លាំងផ្នែកជំនាញ មិនបានដកហូតទេ ចំណែកម្ចាស់ទីតាំងក៏មិនបានឃាត់នោះទេ គ្រាន់តែនាំឲ្យសុំច្បាប់ ក្នុងនោះតាហ៊ូ ត្រូវបានមន្រ្តីជំនាញយកទៅធ្វើតេស្ត តើមានលាយសារធាតុគីមី ឬអត់? ដោយត្រូវរង់ចាំលទ្ធផលជាមុនសិន ដើម្បីចាត់ការបន្តទៀត។
ក្នុងនោះ អាជ្ញាធរស្នើសុំឲ្យម្ចាស់ទាំងផលិត ឬចែកចាយត្រូវគិតគូពីសុខភាពរបស់ប្រជាពលរដ្ឋប្រើប្រាស់ និងប្រឈមផ្លូវច្បាប់ ប្រសិនជាជំនាញរកឃើញមានធាតុផ្សំសារធាតុគីមីនោះ។
គណៈកម្មាធិការបានបញ្ឈប់កំណត់ហេតុនៅវេលាម៉ោង ១០៖៣០នាទីយប់មិញ និងបានអានកំណត់ហេតុឲ្យសមាសភាពចូលរួម និងម្ចាស់ទីតាំងស្តាប់ឃើញថា ពិតជាត្រឹមត្រូវ ហើយយល់ព្រមចុះហត្ថលេខា និងផ្តិតមេដៃជាមួយ៕