(ស្វាយរៀង)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា បញ្ហាសុខុមាលភាព និងសុខភាពបន្តពូជរបស់យុវវ័យ បង្ហាញពីភាព ចាំបាច់ក្នុងការធានាឲ្យ មានការធ្វើផែនការអភិវឌ្ឍមានលក្ខណៈគ្របដណ្ដប់ និងគ្រប់ជ្រុងជ្រោយតាមរយៈការគិតគូរ និងបញ្ចូលកត្តាឌីណាមិកប្រជាសាស្ត្រ ដែលកំពុងកើតមាននៅពេលបច្ចុប្បន្ន និងដែលបន្តកើតមាន នៅពេលអនាគត ទៅក្នុងផែនការដោយគិតគូរដល់ទំនាក់ទំនងពហុវិស័យ រវាងបញ្ហាប្រជាជន និងការអភិវឌ្ឍ ការរក្សានូវតម្លៃវប្បធម៌ និងប្រពៃណីខ្មែរ និងការធានាការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ការជម្រុញការអនុវត្តគោលនយោបាយជាតិប្រជាជនឆ្នាំ២០១៦ ២០៣០ ក្នុងក្របខ័ណ្ឌ គោលដៅអភិវឌ្ឍប្រកប ដោយចីរភាពកម្ពុជា អំពីបញ្ហាសុខភាព និងសុខភាពបន្តពូជយុវវ័យ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ដែលមានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានបន្តថា គោលបំណងសិក្ខាសាលានេះ ជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជនឆ្នាំ២០១៦- ២០៣០ ក្នុងក្របខ័ណ្ឌគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព កម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការបញ្ជ្រាបការយល់ដឹងឱ្យទូលំទូលាយដល់អ្នកមានចំណែកពាក់ព័ន្ធទាំងអស់ ជាពិសេសមន្ត្រី មន្ទីរផែនការ ថ្នាក់រាជធានីខេត្ត មន្ទីរវិស័យអ្នកមាន ចំណែកពាក់ព័ន្ធ ព្រមទាំងសង្គមស៊ីវិលអំពីទស្សនៈវិស័យយុទ្ធសាស្ត្រផែនការគោលនយោបាយជាតិ និងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាលដោយផ្សារភ្ជាប់ជាមួយ បញ្ហាប្រជាជន មានការអភិវឌ្ឍរួមមានបញ្ហាបម្រែបម្រួលប្រជាសាស្ត្រ បញ្ហាមនុស្សវ័យចាស់ បញ្ហាទេសន្តរប្រវេសន៍ និងនគរូបនីយកម្ម បញ្ហាយុវជន និងការអប់រំ និងបញ្ហាសុខុមាលភាព និងសុខភាពបន្តពូជយុវវ័យ។

លោកបានបន្តថា បញ្ហាចំពោះមុខដែលត្រូវរួមគ្នាគិតគូរដល់ប្រជាជនវ័យក្មេងរួមមាន៖

*ការទទួលបានការអប់រំការលើកកម្ពស់ធនធានមនុស្ស និងការទទួលបានការងារធ្វើ
*ការថែទាំសុខភាពជាពិសេសសុខភាពបន្តពូជ និងផែនការគ្រួសារ
*លំហូរទេសន្តរប្រវេសន៍ ពិសេសលំហូរពីជនបទ មកទីប្រជុំជននឹងទៅកាន់រាជធានីភ្នំពេញ ដើម្បីស្វែងរកការងារ និងក្នុងគោលបំណងផ្សេងៗ ទៀតនឹងប៉ះពាល់មកលើបញ្ហានគរូបនីយកម្ម
*ការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ
*ការកើនឡើង នៃប្រជាជនវ័យចាស់នាពេលអនាគតដ៏ខ្លី នៅពេលដែលយុវជនបច្ចុប្បន្ន ដែលមាននិន្នាការមានកូនតិចចាប់ផ្ដើមចូលវ័យចាស់។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន ស្នើរដល់អង្គសិក្ខាសាលាទាំងមូលមេត្តាចូលរួមស្វែងយល់និងពិភាក្សាឲ្យបានផុសផុល និងស៊ីជម្រៅទៅលើខ្លឹមសារនៃការជំរុញ ការអនុវត្តគោលនយោបាយជាតិ ប្រជាជនឆ្នាំ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាសុខុមាលភាព និងសុខភាពបន្តពូជយុវវ័យ៕