(ភ្នំពេញ)៖ យុវជនម្នាក់ ដែលជាអតីតសកម្មជន នៃអតីតគណបក្សប្រឆាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយអប់រំ និងដោះលែងទៅវិញ បន្ទាប់ពីរូបគេបានលួចចូលទៅក្នុងស្នាក់ការនៃអតីតគណបក្សសង្រ្គោះជាតិ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយថតវីដេអូ ព្រមទាំងកាត់តរូបភាព និងបង្ហោះខ្លឹមសារប្រមាថដល់ថ្នាក់ដឹកនាំ តាមបណ្តាញសង្គម Facebook។
យុវជនរូបនេះមានឈ្មោះ កាក់ សុវណ្ណឆ្ឆ័យ អាយុ១៦ឆ្នាំ រស់នៅផ្ទះជួលលេខ៥៧៥ ផ្លូវលេខ២ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនកាលពីពេលថ្មីៗនេះ ហើយត្រូវបានដោះលែងទៅវិញ បន្ទាប់ពីរូបគេបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តនូវទង្វើខុសច្បាប់នេះតទៅទៀត។ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលជាន់ខ្ពស់ ដល់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ។
តាមរយៈកិច្ចសន្យាដែលយុវជនខាងលើ បានធ្វើចំពោះមុខសមត្ថកិច្ច គឺយុវជនរូបនេះបានសារភាពទទួលស្គាល់កំហុស និងបានសុំទោសជាសាធារណៈ។
លិខិតរបស់យុវជនរូបនេះ បានសរសេរថា៖ «ខ្ញុំបាទសូមធ្វើការសន្យានៅចំពោះមុខសមត្ថកិច្ចថា ឈប់ធ្វើសកម្មភាពលួចចូលទីតាំង ទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ និងទីកន្លែងហាមឃាត់នានា ព្រមទាំងបញ្ឈប់សកម្មភាពបង្ហោះ ឬរូបភាព ដែលមានខ្លឹមសារមិនពិត ឬខ្លឹមសារដទៃទៀត ដែលជាអំពើខុសច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើថ្ងៃក្រោយ ខ្ញុំបាទនៅតែបន្តធ្វើសកម្មភាពបង្ហោះវីដេអូឡាយ (live) ឬរូបភាព ដែលមានខ្លឹមសារមិនពិត ធ្វើឱ្យមានការភាន់ច្រឡំបន្តទៀត ខ្ញុំបាទយល់ព្រមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។
ក្រៅពីសារភាព និងសុំទោស ជាមួយនឹងការសន្យាឈប់ប្រព្រឹត្តិខុសច្បាប់នោះ យុវជនរូបនេះ ក៏អំពាវនាវ ដល់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចទាំងអស់ លើកលែងទោសឱ្យរូបគេផងដែរ ដោយភ្ជាប់ជាមួយនឹងការសន្យាយ៉ាងដូច្នេះថា៖ «សូមសន្យាថា ប្រសិនបើថ្ងៃក្រោយសមត្ថកិច្ចត្រូវការបាទ ឱ្យមកបំភ្លឺម្ដងទៀត ខ្ញុំបាទនឹងមកតាមពេលវេលាកំណត់ នៃការកោះអញ្ជើញរបស់សមត្ថកិច្ច ដោយពុំមានការគេចវេសឡើយ»។
ក្រុមអ្នកនាំតាមដាននយោបាបានលើកឡើងថា ក្រុមពួកឧទ្ទាមក្រៅច្បាប់តែងតែប្រើប្រាស់យុទ្ធវិធីញុះញង់ក្រុមក្មេងៗ និងខ្លះមិនទាន់គ្រប់អាយុទៀតផង ដើម្បីធ្វើសកម្មភាពតវ៉ាប្រឆាំងរាជរដ្ឋាភិបាល ដូចជាកាត់តរូបភាពប្រមាថថ្នាក់ដឹកនាំប្រទេស ដើម្បីតែប្រយោជន៍របស់ខ្លួន ដូច្នេះសូមបងប្អូននិងក្រុមក្មេងៗទាំងឡាយ សូមកុំចាញ់បោកតាមការញុះញង់របស់អតីតមេដឹកនាំក្រុមប្រឆាំង ពីព្រោះការធ្វើសកម្មភាពបែបនេះ គ្មានទទួលបានលទ្ធផលអ្វីក្រៅមានជាប់ពន្ធនាគារ ព្រោះសមត្ថកិច្ចត្រូវតែអនុវត្តច្បាប់របស់ប្រទេស ក្នុងការការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាជនទូទាំងប្រទេស។
សូមបញ្ជាក់ថា ទីស្នាក់ការនៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការសម្រេចបិទចោលតែម្តង បន្ទាប់ពីអតីតមេដឹកនាំ គណបក្សនេះ ត្រូវបានតុលាការរកឃើញថា មានការពាក់ព័ន្ធនឹងការឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមលំនាំនៃបដិវត្តរបស់ប្រទេសយូហ្គោស្លាវី និង ស៊ែប៊ី។
ទន្ទឹមគ្នានឹងការសម្រេចបិទស្នាក់ការនេះ តុលាការកំពូលកម្ពុជា ក៏បានសម្រេចរំលាយគណបក្សសង្រ្គោះជាតិ និងហាមឃាត់ថ្នាក់ដឹកនាំអតីតគណបក្សនេះសរុបចំនួន១១៨រូប មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំផងដែរ។ ទោះជាយ៉ាងនេះក្តី ក្រោមវិសោធនកម្មថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ជនទាំងឡាយដែលតុលាការហាមឃាត់មិនឱ្យធ្វើនយោបាយ ក៏អាចដាក់ពាក្យស្នើសុំនីតិសម្បទាធ្វើនយោបាយនេះឡើងវិញផងដែរ ហើយការស្នើសុំនីតិសម្បទាធ្វើនយោបាយនោះទៀតសោត ត្រូវស្នើសុំតាមរយៈរាជរដ្ឋាភិបាល ថ្វាយទៅព្រះមហាក្សត្រ។
រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិចំនួន១២រូបហើយ ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ ហើយក្នុងចំណោមនោះ ក៏មានអ្នកបង្កើតគណបក្សនយោបាយថ្មី និងអ្នកកំពុងរៀបចំបង្កើតគណបក្សនយោបាយផងដែរ៕