(មណ្ឌលគិរី)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាបានចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ កាត់បន្ថយភាពរិចរឹលនៃព្រៃឈើ ចូលរួមអភិរក្សព្រៃឈើ ការគ្រប់គ្រងព្រៃឈើ ប្រកបដោយនិរន្តរភាព និងការបង្កើនកាបូនស្តុកតាមរយៈគម្រោងរេដបូក។
ការបញ្ជាក់បែបនេះលោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងកំលុងពេលដែលលោកបានដឹកនាំក្រុមអ្នកសារព័ត៌មាន ចុះស្វែងយល់ពីការអនុវត្តន៍គម្រោង រេដបូសីមា នៃដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣-៥ ខែតុលា ឆ្នាំ២០២០។
លោក នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងពេលបច្ចុប្បន្ន កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអនុវត្តកម្មវិធីរេដបូកបានល្អដទៃទៀត មានដូចជា៖ ម៉ាឡេស៊ី វៀតណាម ឥណ្ឌុនេស៊ី ប្រេស៊ីល អេក្វាទ័រ កូឡំប៊ី ឈីលី ម៉ិកស៊ីកូ កេនយ៉ា ដែលនឹងមានសិទ្ធិដាក់គម្រោងយកថវិកាពីមូលនិធិអាកាសធាតុបៃតង។ ផ្អែកតាមកម្រិតយោងព្រៃឈើ (Forest Referral Level) កម្ពុជាអាចផលិតឥណទានកាបូនលើសពី ១០លានតោន/ឆ្នាំ សម្រាប់ទទួលបានថវិកាក្នុងក្របខណ្ឌការទូទាត់ផ្អែកតាមលទ្ធផលពីមូលនិធិអាកាសធាតុបៃតង»។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបន្តថា កត្តាសុខសន្តិភាព កំណើនសេដ្ឋកិច្ចជាប់ៗគ្នាក្នុងរយៈពេលជាង២០ឆ្នាំមកនេះ និងការអភិវឌ្ឍន៍ប្រទេសបានអនុញ្ញាតឱ្យកម្ពុជាមានឱកាសពេញលេញ ក្នុងការគិតគូរខ្ពស់ពីបញ្ហាបរិស្ថាន និងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ។ អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងតំបន់ការពារ ធម្មជាតិបានល្អប្រសើរ ហើយបានលក់ឥណទានកាបូននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយបានសហការជាមួយ អង្គការដៃគូដូចជា អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) និងអង្គការអភិរក្សអន្តរជាតិ (CI)។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦លានដុល្លារពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា៖ Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។ កម្ពុជាកំពុងតែធ្វើការសិក្សា និងអនុវត្តគម្រោងឥណទានកាបូនសាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងបន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន «Mitsui»។
ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបន្ថែមថា៖ «សមិទ្ធផលនៃការលក់ឥណទានកាបូននេះបង្ហាញថាកម្ពុជា បានចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។ ការថែរក្សាបាននូវឈើឈរ យើងអាចលក់តួនាទី របស់ឈើ ហើយថវិកាដែលបានមកពីការលក់ឥណទានកាបូននេះត្រូវបានយកទៅប្រើប្រាស់សម្រាប់ការពារ និងអភិរក្សព្រៃឈើ និងអភិវឌ្ឍន៍ជីវភាពសហគមន៍ក្នុងតំបន់ការពារធម្មជាតិ ដើម្បីធ្វើជាគំរូសម្រាប់ឈានទៅទទួលបានថវិកា «ការទូទាត់ផ្អែកតាមលទ្ធផល» ពីមូលនិធិអាកាសធាតុបៃតង នៃអនុសញ្ញាក្របខណ្ឌ សហប្រជាតិស្តីពី ការប្រែប្រួលអាកាសធាតុ ដែលអនុវត្តចាប់ពីឆ្នាំ ២០២០ ហើយដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព»។
លោក កែន សេរីរដ្ឋា នាយកកម្មវិធីប្រចាំប្រទេស នៃអង្គការ WCS ឬសមាគមអភិរក្សសត្វព្រៃ នៅកម្ពុជា បានថ្លែងថា ការអនុវត្តគម្រោងរេដបូក ដែលត្រូវយកមកអនុវត្តនៅប្រទេសកម្ពុជា គឺចង់បង្ហាញពិភពលោកឱ្យឃើញថា ទោះបីមានរបាយការណ៍ ឬការចុះព័ត៌មានជាច្រើន បានផ្សព្វផ្សាយពីការកាប់បំផ្លាញព្រៃឈើ។ល។ និង ។ល។ ហ្នឹង ប៉ុន្តែតាមរយៈការអនុវត្តបាននូវគម្រោងរេដបូកនេះ បានបង្ហាញដល់អន្តរជាតិថា ប្រទេសកម្ពុជា ពិតជាមានលទ្ធភាពការពារព្រៃឈើនេះបានជាដើម។
ពាក់ព័ន្ធនឹងសមិទ្ធផលជាច្រើនក្នុងការការពារព្រៃឈើនេះដែរ លោក កែន សេរីរដ្ឋា បានរំលេចថា កម្ពុជានៅខ្វះតែយន្តការ និងការជួយសម្របសម្រួលផ្នែកមូលនិធិហិរញ្ញវត្ថុ សម្រាប់ធ្វើលើការងារនេះតែប៉ុណ្ណោះ ដូច្នេះតាមរយៈគម្រោងរេដបូកនេះ ដែលអង្គការ WCS បានធ្វើឱ្យមានជំនឿទុកចិត្តពីអ្នកទិញជាលក្ខណៈអន្តរជាតិ តាមរយៈការចុះមកត្រួតពិនិត្យផ្ទៀងផ្ទាត់ ការអនុវត្តការងារ ការលើកម្ពស់ជាវិភាពរស់នៅរបស់ប្រជាពលរដ្ឋ, ការងារអភិរក្សធនធានធម្មជាតិ តាមរយអ្នកវាយតម្លៃស្ម័គ្រចិត្តជាស្ថាន័នឯករាជ្យ ដែលធ្វើលើការងារនេះ។
លោកស្រី គឹម ហៀក ទីប្រឹក្សាអង្គការ WCS បានឱ្យដឹងថា គម្រោងរេដបូក គឺជាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពីការបាត់បង់ និងរេចរឹលព្រៃឈើ បូកនឹងការអភិរក្សព្រៃឈើ ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព។ រេដបូក គឺជាយន្តការមួយដែលបង្កើតឡើង ដើម្បីលើកទឹកចិត្តដល់ប្រទេសកំពុងអភិវឌ្ឍនានាឱ្យចូលរួមការពារគ្រប់គ្រង និងប្រើប្រាស់ធនធាន ព្រៃឈើនៅក្នុងប្រទេសរបស់ខ្លួនឱ្យបានល្អប្រសើរ និងប្រកបដោយភាពឆ្លាតវៃ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅលើពិភពលោក។
លោកស្រី គឹម ហៀក បានបន្តថា នៅពេលដែលប្រទេសណាមួយបានគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ហើយព្រៃឈើមានតួនាទីស្រូបយកកាបូនឌីអុកស៊ីត ពីបរិយាកាសកាបូនឌីអុកស៊ីតនេះ ជាអ្នកបង្កឱ្យមានការប្រែប្រួលអាកាសធាតុ ដូច្នេះចំពោះបញ្ហាប្រែប្រួលអាកាសធាតុនេះ ធ្វើឱ្យបណ្តាប្រទេសនានានៅលើពិភពលោករួមគ្នាដោះស្រាយ តាមរយៈការផ្តល់ជាថវិកាដល់ប្រទេស ដែលមានព្រៃឈើច្រើន ដើម្បីស្រូបយកកាបូនឌីអុកស៊ីតពីបរិយាកាសជាដើម។
ទីប្រឹក្សាអង្គការ WSC រូបនេះ បានគូសបញ្ជាក់ថា ប្រទេសដែលមានការអភិវឌ្ឍជឿនលឿនមិនអាចបញ្ឈប់ការអភិវឌ្ឍរបស់ខ្លួនរយៈការបញ្ចេញផ្សែងផ្សេង ឬឧស្ម័នកាបូនឌីអុកស៊ីត ពីរោងចក្ររបស់ខ្លួនបាន ដូច្នេះហើយបណ្តាប្រទេសនោះមានយន្តការលើប្រទេសដែលបានគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ដូចជាប្រទេសកម្ពុជា ដើម្បីស្រូបយកឧស្ម័នឌីអុកស៊ីត ឬឧស្ម័នផ្ទះកញ្ចក់ ដោយប្រទេសទាំងនោះទូទាត់ជាថវិកាដល់បណ្តាប្រទេសដែលអនុវត្តតាមគ្រោងរេដបូកដើម្បីការពារព្រៃឈើ គឺត្រូវស្របទៅតាមស្តង់ដារ។
សូមបញ្ជាក់ថា គម្រោងកែវសីមា រេដបូក បានចាប់ផ្តើមអនុវត្ត នៅឆ្នាំ២០១០ និងផ្តោតលើតំបន់ស្នូល (ដែលមានទំហំ ១៦៦.៩៨៣ហិកតា) ស្ថិតក្នុងតំបន់ការពារ។ គម្រោងនេះគ្របដណ្តប់លើភូមិគោលដៅចំនួន ២០ភូមិ មានប្រជាពលរដ្ឋរស់នៅសរុបប្រហែល ១៨.០០០នាក់ ដែលទទួលបានអត្ថប្រយោជន៍ពីការគ្រប់គ្រងតំបន់ការពារបានល្អប្រសើរ និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍។ ក្រសួងបរិស្ថាន ដែលមានអង្គការ WCS ជាដៃគូបានលក់ឥណទានកាបូនបានចំណូលជិត ៤លានដុល្លារ គិតមកដល់ពេលបច្ចុប្បន្ននេះ។
ចំណូលបានពីការលក់ឥណទានកាបូនទាំងនេះ ឥឡូវនេះកំពុងត្រូវបានប្រើប្រាស់ដើម្បីគាំទ្រទាំងស្រុងដល់សកម្មភាពការងារអភិរក្ស និងគ្រប់គ្រងព្រៃឈើ រួមទាំងគាំទ្រដល់ការបណ្តុះបណ្តាល ជំនាញគ្រប់គ្រងព្រៃឈើនិងសត្វព្រៃ ដល់មន្ត្រីរាជរដ្ឋាភិបាល៕