(មណ្ឌលគិរី)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រោមគម្រោងរេដបូក កម្ពុជាបានលក់ឥណទានកាបូន ឱ្យទៅក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកចំនួន៣ គឺក្រុមហ៊ុន Disney ក្រុមហ៊ុន Kering និងក្រុមហ៊ុន Intuit ដោយទទួលបានថវិកាចំនួន ៣,៥លានដុល្លារ នៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។
ការបញ្ជាក់បែបនេះលោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងកំលុងពេលដែលលោកបានដឹកនាំក្រុមអ្នកសារព័ត៌មានចុះស្វែងយល់ពីការអនុវត្តន៍គម្រោង រេដបូសីមា នៃដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «រហូតមកទល់ពេលនេះ គម្រោងរេដបូក នៅដែនជម្រកសត្វព្រៃកែវសីមាបានលក់ឥណទានកាបូន ឱ្យទៅក្រុមហ៊ុនធំៗ របស់សហរដ្ឋអាមេរិកចំនួន ៣ គឺក្រុមហ៊ុន Disney ក្រុមហ៊ុន Kering និងក្រុមហ៊ុន Intuit ដោយទទួលបានថវិកាចំនួន ៣,៥ លានដុល្លារសហរដ្ឋអាមេរិក»។
ជាមួយគ្នានេះដែរ លោកបានបន្តថា ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា៖ Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។ កម្ពុជាកំពុងតែធ្វើការសិក្សានិងអនុវត្តគម្រោងឥណទានកាបូនសាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន «Mitsui»។
លោក នេត្រ ភក្ត្រា បានបន្ថែមថា «សមិទ្ធផលនៃការលក់ឥណទានកាបូននេះបង្ហាញថាកម្ពុជា បានចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ។ ការថែរក្សាបាននូវឈើឈរ យើងអាចលក់តួនាទីរបស់ឈើ ហើយថវិកាដែលបានមកពីការលក់ឥណទានកាបូននេះត្រូវបានយកទៅប្រើប្រាស់សម្រាប់ការពារ និងអភិរក្សព្រៃឈើ និងអភិវឌ្ឍន៍ជីវភាពសហគមន៍ក្នុងតំបន់ការពារធម្មជាតិ ដើម្បីធ្វើជាគំរូសម្រាប់ឈានទៅទទួលបានថវិកា «ការទូទាត់ផ្អែកតាមលទ្ធផល» ពីមូលនិធិអាកាសធាតុបៃតងនៃអនុសញ្ញាក្របខណ្ឌសហប្រជាតិស្តីពី ការប្រែប្រួលអាកាសធាតុ ដែលអនុវត្តចាប់ពីឆ្នាំ២០២០ ហើយដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព»។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា ផ្ទៃដីអនុវត្តគម្រោងរេដបូកនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាមានទំហំ១៦៦,៩៨៣ ហិកតា។ នៅក្នុងការអនុវត្តគម្រោងរេដបូកនៅក្នុងដែនជម្រកសត្វព្រៃកែវសីមានេះ បានផ្តោតសំខាន់លើការពង្រឹងការអនុវត្តច្បាប់ ការចូលរួមរបស់ប្រជាសហគមន៍ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ ការបង្កើនជីវភាពប្រជាសហគមន៍តាមរយៈការធ្វើកសិកម្ម និងទេសចរណ៍ធម្មជាតិ ការកំណត់តំបន់គ្រប់គ្រង ការតាមដាន និងស្រវាជ្រាវជីវៈចម្រុះ។
ទន្ទឹមនឹងនេះដែរ លោក នេត្រ ភក្ត្រា បន្ថែមថា អត្ថប្រយោជន៍នៃគម្រោងរេដបូក នៅដែនជម្រកសត្វព្រៃកែវសីមា បានផ្តល់ផលប្រយោជន៍ទៅដល់ភូមិចំនួន២០ ដែលក្នុងមួយភូមិៗបានទទួលថវិកាចន្លោះពីជាង ១០,០០០ដុល្លារ ក្នុងមួយឆ្នាំ។ គម្រោងរេដបូកបានផ្តល់ផលប្រយោជន៍៖ កាត់បន្ថយការបាត់បង់ព្រៃឈើ កាត់បន្ថយការបាត់បង់ជីវៈចម្រុះ អភិវឌ្ឍជីវភាពរបស់សហគមន៍មូលដ្ឋាន តាមរយៈការប្រើប្រាស់ថវិកាបែងចែកផលប្រយោជន៍គម្រោងរេដបូក សម្រាប់បំពេញបន្ថែមទៅក្នុងថវិកានៃផែនការវិនិយោគឃុំ។ គម្រោងរេដបូកនេះត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃកែវសីមា ដែលមានផ្ទៃដីសរុបទំហំ ២៩២,៦៩០ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី និងផ្នែកខ្លះនៅក្នុងខេត្តក្រចេះ។ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ សមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) អនុវត្តគម្រោងរេដបូក តាំងពីឆ្នាំ២០១៦មក ពោលគឺចាប់តាំងពីដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានផ្ទេរឱ្យក្រសួងបរិស្ថានគ្រប់គ្រង៕