(ភ្នំពេញ)៖ លោក អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានលើកឡើងនៅចំពោះមុខមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា ការលើកឡើងថា វិធានការច្បាប់បានសំដៅលើតែសកម្មជនបក្សប្រឆាំងនិងអ្នកការពារសិទ្ធិមនុស្ស គឺជាទស្សនៈរើសអើង និងបំភាន់។ លោកបានបញ្ជាក់ថា ពលរដ្ឋគ្រប់រូបមានភាពស្មើគ្នាចំពោះមុខច្បាប់ ដោយពុំប្រកាន់និន្នាការនយោបាយ មុខងារ ឬឋានៈសង្គម ដូចមានចែងក្នុងមាត្រា៣១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោក អាន សុខខឿន លើកឡើងបែបនេះ ក្នុងសម័យប្រជុំលើកទី៤៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្តីពីតួនាទី និងសមិទ្ធផលនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា នាពេលថ្មីៗនេះ បានធ្វើសេចក្តីថ្លែងដោយបានរិះគន់ខ្លាំងលើវិធានការច្បាប់របស់កម្ពុជា បន្ទាប់ពីមានការចាប់ខ្លួនអ្នកគាំទ្រអតីតបក្សប្រឆាំង ក៏ដូចជាសកម្មជនសិទ្ធិមនុស្សមួយចំនួន ដែលរាជរដ្ឋាភិបាលអះអាងថាធ្វើសកម្មភាពបង្កអសន្តិសុខក្នុងសង្គម។
តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ លោក អាន សុខខឿន បានសង្កត់ធ្ងន់ថា ការចូលរួមជាមួយគណបក្សនយោបាយ ឬអង្គការមិនមែនរដ្ឋាភិបាលណាមួយ ពុំមែនជាការផ្តល់សិទ្ធិឱ្យបុគ្គលណាម្នាក់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ លោកបន្ថែមថា បទល្មើសដែលមានចែងក្នុងច្បាប់ គឺជាបទល្មើស ហើយវាមិនអាចត្រូវបានប្រើវាជាទឡ្ហីករណ៍ ក្នុងគោលបំណងផ្សេងទៀតបានឡើយ។ តុលាការនៅកម្ពុជាកាត់សេចក្តី ដោយផ្អែកលើភស្តុតាងរឹងមាំ មិនមែនផ្អែកលើដំណឹងចចាមអារ៉ាមឡើយ។
បើទោះបីជាយ៉ាងណាក្នុងកិច្ចប្រជុំនេះ លោក អាន សុខខឿន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានៅបន្តធានាឱ្យមានការអនុវត្តសិទ្ធិ និងសេរីភាពទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងស្ថិតក្នុងក្របខណ្ឌនីតិរដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជា នៅបន្តតាំងចិត្តឥតងាករ៉េក្នុងដំណើរប្រជាធិបតេយ្យរបស់ខ្លួន ដែលលក្ខណៈជារបស់កម្ពុជា ដើម្បីធានាថា ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា នឹងបន្តដំណើរឆ្ពោះទៅមុខដោយមិនមានការរាំងស្ទះ ហើយសន្តិភាពដែលទទួលបានដោយលំបាក ត្រូវបានរក្សានិងការពារបានគង់វង្ស៕