(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រទាក់ក្រឡាគ្នា ដែលត្រូវដោះស្រាយតាមគោលនយោបាយគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ទាំងទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបរិស្ថាន។
សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងព្រឹត្តិការណ៍ថ្នាក់ដឹកនាំ នៃវេទិកាភាពងាយរងគ្រោះបណ្តាលមកពីអាកាសធាតុ (CVF) ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ នាយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ។ ការអញ្ជើញចូលរួមវេទិកានេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិត បង់ក្លាដែស និងជាប្រធានវេទិកាភាពងាយរងគ្រោះអាកាសធាតុ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការប្រែប្រួលអាកាសធាតុ ជាបញ្ហាដ៏គួរឱ្យបារម្ភមួយទៀត ដែលនឹងបង្កផលវិបាក និងជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរពិបាកនឹងប៉ាន់ប្រមាណបានទៅលើសង្គម សេដ្ឋកិច្ច និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រោះមហន្តរាយដែលបានកើតឡើងជាបន្តបន្ទាប់ជុំវិញពិភពលោក មានសភាពធ្ងន់ធ្ងរ និងប្រពលភាព កាន់តែញឹកញាប់លើសពីអ្វីដែលយើងធ្លាប់បានជួបប្រទះកន្លងមក។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងកម្រិតសកល ខ្ញុំយល់ឃើញថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រទាក់ក្រឡាគ្នា ដែលត្រូវដោះស្រាយតាមគោលនយោបាយគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ទាំងទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបរិស្ថាន»។
សម្តេចក៏បានថ្លែងលើកទឹកចិត្តឱ្យប្រទេសទាំងអស់រៀបចំបញ្ចប់ និងដាក់ជូននូវរបាយការណ៍រួមចំណែករបស់ជាតិខ្លួន ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ប្រកបដោយមហិច្ឆតា។ លើសពីនេះ សម្តេចតេជោ យល់ថាពិភពលោកត្រូវបង្កើនធនធានហិរញ្ញវត្ថុ, ជាពិសេសហិរញ្ញប្បទានអាកាសធាតុសម្រាប់ការបន្សុាំជាដុំកំភួន ដែលប្រទេសអភិវឌ្ឍន៍បានសន្យាកន្លងមក និងផ្ទេរបច្ចេកវិទ្យាជូនដល់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរអាកាសធាតុ ប្រកបដោយប្រសិទ្ធភាព ទាំងសម្រាប់យន្តការគ្រប់គ្រង និងជំរុញការវិនិយោគលើការស្រាវជ្រាវឯកជនក្នុងវិស័យថាមពលកកើតឡើងវិញ និងប្រសិទ្ធពលថាមពល ការការពារព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាការបណ្ដុំជាដើម ។ល។ ។
សម្តេចបានថ្លែងទៀតថា ជារួមក្នុងបរិបទបច្ចុប្បន្ននេះ ការជំរុញទៅមុខ និងការប្រកាន់ខ្ជាប់ទៅនឹងក្របខ័ណ្ឌតំបន់និយម និងពហុភាគីនិយម គឺជាគោលការណ៍ដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមានឡើងក្នុងគ្រប់វិស័យ ជាពិសេសបញ្ហាដែលកើតចេញពីការប្រែប្រួលអាកាសធាតុ ។
សម្តេចបានថ្លែងបន្ថែមទៀតថា ទោះបីជាធនធាន និងសមត្ថភាពកម្ពុជានៅមានកម្រិតក៏ដោយ តែកម្ពុជាមានការតាំងចិត្ត និងឆន្ទៈនយោបាយខ្ពស់ក្នុងការរួមចំណែក ដល់កិច្ចប្រឹងប្រែងសកល ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ផ្អែកតាមគោលការណ៍គន្លឹះរបស់អនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ ជាពិសេសគោលការណ៍ស្ដីពីការទទួលខុសត្រូវរួមគ្នា ប៉ុន្តែមានកាតព្វកិច្ចផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន៕