(មណ្ឌលគិរី)៖ ជនជាតិដើម ភាគតិចព្នង រស់នៅតំបន់ការពារធម្មជាតិស្រែព្រះ ស្ថិតភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានចងក្រងជាសហគមន៍ បង្កើតជារោងសិប្បកម្មកែច្នៃសម្ភារប្រើប្រាស់មួយចំនួនពីឫស្សីខ្នាតតូច ដើម្បីទាញយកប្រយោជន៍ពីធនធានធម្មជាតិ មានក្នុងតំបន់របស់ខ្លួន បន្ទាប់ពីប្រជាសហគមន៍ទទួលបានការការបង្រៀនវិជ្ជាជីវៈ សិប្បកម្មកែច្នៃវត្ថុអនុស្សាវរីយ៍ ពីអង្គការសមាគមអភិរក្សសត្វព្រៃ WCS និងដោយមានការគាំទ្រពីក្រសួងបរិស្ថាន ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារជំនួសឱ្យការចូលព្រៃកាប់ឈើលក់ខុសច្បាប់។
ថ្លែងបញ្ជាក់ក្រុមអ្នកសារព័ត៌មានចម្រុះជិត ២០ស្ថាប័ន ក្នុងពេលចុះពិនិត្យ និងស្វែងយល់ពីការរៀបចំគម្រោងរេដបូក និងការគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរីថ្មីៗនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការបណ្តុះបណ្តាលវិជ្ជាជីវៈកែច្នៃឫស្សីឱ្យទៅជារបស់ប្រើប្រាស់ផ្សេងៗ គឺជាផ្នែកមួយលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន និងផ្តល់នូវជម្រើសថ្មី នៃមុខរបររបស់ប្រជាពលរដ្ឋ សម្រាប់រកចំណូលចិញ្ចឹមជីវិត។ ជាពិសេសស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលកំពុងតែជំរុញលើសេដ្ឋកិច្ចមូលដ្ឋាន ពីព្រោះថាអ្វីដែលសំខាន់ គឺការធ្វើឱ្យមាននិរន្តរភាពនៃការការពារលើធនធានធម្មជាតិ និងបរិស្ថាន គឺព្រៃឈើ សត្វព្រៃមាននិរន្តរភាពបានទាល់តែយើងមានអ្វី ដែលអាចជំនួសមុខរបរចាស់របស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបង្ហាញអារម្មណ៍រីករាយ ដែលបានមើលឃើញដោយផ្ទាល់តំបន់ការពារធម្មជាតិ សហគមន៍ស្រែព្រះ ដែលបានទទួលនូវការបណ្តុះបណ្តាល ផ្នែកវិជ្ជាជីវៈការកែច្នៃឫស្សី ឱ្យក្លាយទៅជារបស់ប្រើប្រាស់ផ្សេងៗរួមមាន៖ កែវទឹក ប៉ានតែ ពែងទឹក ប្រដាប់ដាក់ក្រដាសជូតមាត់ ឧបករណ៍ដាក់ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ពីមុនប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះចូលព្រៃ ដើម្បីរកផល និងអនុផលព្រៃឈើ ហើយសកម្មភាពខ្លះ គឺខុសច្បាប់ទៀត ប៉ុន្តែឥឡូវនេះ គាត់បានកែប្រែនូវមុខរបររបស់គាត់ គឺពីការចូលព្រៃទៅបរបាញ់សត្វទៅកាប់ ឈើឬទៅប្រមូលអនុផលព្រៃឈើ មកជាការកែច្នៃនូវវត្ថុអនុស្សាវរីយ៍ ឬរបស់របរប្រើប្រាស់ចេញពីដើមឫស្សី និងការផលិតស្រូវសរីរាង្គ»។
លោក នេត្រ ភក្ត្រា បានលើកឡើងថា ក្រសួងបរិស្ថាន និងអង្គការ WCS បណ្តុះបណ្តាលប្រជាពលរដ្ឋឱ្យចេះកែច្នៃវត្ថុអនុស្សាវរីយ៍នេះ កំពុងតែដើរនៅលើផ្លូវត្រូវនៅក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិតាមរយៈការបង្កើតសេដ្ឋកិច្ចមូលដ្ឋានបង្កើនជីវភាពសហគមន៍ ហើយនេះជាផ្នែកមួយនៃចំណូលរបស់គាត់ ដោយយើងក៏រាប់បញ្ចូលផងនូវផលប្រយោជន៍ ដែលគាត់ទទួលបានពីគម្រោងឥណទានកាបូន ក្នុងមួយឆ្នាំពួកគាត់មួយ ភូមិទទួលបានជាង ១ម៉ឺនដុល្លារ ហើយនៅក្នុងឃុំស្រែព្រះនេះ ទទួលបានចំនួន៥ភូមិ សរុបជារួមបានជាង ៥ម៉ឺនដុល្លារ សម្រាប់យកទៅអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ សម្រាប់បង្កើតប្រព័ន្ធទឹកស្អាតប្រើប្រាស់ជាដើម។
ទ ន្ទឹមនឹងនេះដែរ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការបង្កើនសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្រៀនវិជ្ជាជីវៈសិប្បកម្មដល់ប្រជាពលរដ្ឋមូលដ្ឋាន ក្នុងសហគមន៍ ការរក្សាបានទាំងឈើឈរ និងបានលុយពីតួនាទីរបស់ឈើថែមទៀត។
បើតាមលោក លើស ធុក ជាប្រធានសហគមន៍ការពារតំបន់ធម្មជាតិស្រែព្រះ បានឱ្យដឹងថា ការបង្កើតសហគមន៍នេះឡើង ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងឃុំ ដោយបានកែច្នៃសម្ភារពីឫស្សីជាប៉ាន់តែ បំពងរំពងសំលេង ថូផ្កា ពែង ព្រមទាំងពុះជ្រៀកជាបន្ទុះច្នៃជាជើងធុប និងពុះធ្វើជារនៀបផ្ទះ។
លោកថា សម្រាប់ថាថវិកា ដែលទទួលបានពីការលក់សម្ភារទាំងអស់នេះ ត្រូវបានបែងចែកសម្រាប់ប្រើប្រាស់ និងការអភិវឌ្ឍសហគមន៍ ជាដើម។ រហូតមកដល់ពេលនេះ គឺមានប្រជាពលរដ្ឋចំនួន៣ភូមិប៉ុណ្ណោះ បានចូលជាសមាជិករបស់សហគមន៍ចំនួន២៧គ្រួសារ មកពីភូមិពូចារ ភូមិអូរច្រាល និងភូមិពូគង់។ លោកថាប្រសិនបើគម្រោងនេះទទួលបានជោគជ័យលោកនឹងពង្រីកបន្ថែមនៅតាមភូមិផ្សេងទៀតផងដែរ។
លោក ងើម ឡូញ ជាជនជាតិដើមភាគតិច និងជាប្រធានក្រុមកែច្នៃឫស្សី បានបញ្ជាក់ប្រាប់ភ្នាក់ព័ត៌មាន Fresh News ដែលចុះទៅយកព័ត៌មានដល់ទីតាំងសហគមន៍ ថា អ្នកដែលបានក្លាយជាខ្លួន ជាសមាជិកសហគមន៍ការពារធម្មជាតិ មានមុខរបរមានជម្រើសថ្មីហើយ ពួកគាត់អត់វិលត្រលប់ទៅរកមុខរបរចាស់របស់គាត់ទេ។ ប៉ុន្តែ ផ្ទុយមកវិញ មានប្រជាជនចំនួនដែលគាត់ចូលទៅព្រៃកាប់ឈើ ដើម្បីទទួលបានម្រៃ នៅពេលមើលឃើញ សមាជិកសហគមន៍ការពារព្រៃធម្មជាតិរបស់គាត់ មានចំណូលដែលបានមកពីការកែច្នៃវត្ថុអនុស្សាវរីយ៍ ដើម្បីលក់ជូនអ្នកប្រើប្រាស់ ពួកគាត់ខ្លះចាប់ផ្តើមស្នើសុំចូលជាសមាជិកជាបន្តបន្ទាប់ជាដើម។
ចំពោះមុខអ្នកសារព័ត៌មានក្នុងទឹកមុខមាំ លោក ងើម ឡូញ បានបញ្ជាក់យ៉ាងដូច្នេះថា «សហគមន៍ ខ្ញុំអត់ទៅកាប់ឈើ អត់ទៅបំផ្លិចបំផ្លាញ ទៅទន្រ្ទា នព្រៃយកដីកាន់កាប់អីទេ គឺពួកយើងចង់រក្សាឈើឱ្យនៅឈរពីព្រោះយើងចង់ឱ្យតួនាទីឈើនេះ បានជាប្រយោជន៍ទៅឱ្យពួកយើងតកូនតចៅ និងមនុស្សរាប់ជំនាន់តទៅទៀត ហើយប្រជាពលរដ្ឋនៅទីនេះភាគច្រើនប្រកបរបរដាំដំណាំវិលជុំ បោចវល្លិ៍ កាប់ផ្តៅ និងរកផ្សិត ហើយពួកគាត់មិនកាប់បំផ្លាញព្រៃឈើទេ ពួកគាត់ស្រឡាញ់ព្រៃឈើព្រោះជាប្រភពចំណូល និងអាហាររបស់ពួកគាត់តាំងពីដូនតាមក»។
លោកបានបន្ថែមថា ការពីមិនទាន់ប ង្កើតជាសហគមន៍រូបលោកផ្ទាល់ គ្រាន់តែកាប់ដើមឫស្សី បោចវល្លិ៍ កាប់ផ្តៅ ដើម្បីលក់ឈ្មួញនៅខេត្តឆ្ងាយ ដោយទទួលបានកម្រៃមិនសូវច្រើនដូចការកែច្នៃឫស្សី យកមកធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗ។ ខណៈសម្ភារដែលពួកគាត់បានផលិតហើយ គឺមានអ្នកប្រើប្រាស់ក្នុងសហគមន៍ជួយទិញ ព្រមទាំងមានការជួយផ្សព្វផ្សាយពីសំណាក់អង្គការ WCS ចេញទៅក្រៅសហគមន៍ លើសពីនេះប្រសិនបើមានការជួយគាំទ្រ និងកម្មង់ច្រើនពីសំណាក់អ្នកប្រើប្រាស់រូបលោក ក៏ដូចជាប្រជាសហគមន៍ផ្សេងទៀត មិនខ្លាចនឿយហត់ផលិតឧបករណ៍ទាំងនេះជួយភ្ញៀវនោះទេ៕