(ភ្នំពេញ)៖ លោកស្រី អៃដា អ៊ុនលូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ បានធ្វើទស្សនកិច្ចមកកាន់ «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ថ្វីបើអាកាសធាតុមិនអំណោយផល ដោយមានភ្លៀងធ្លាក់ជន់ជោរ និងបញ្ហាជំងឺកូវីដ១៩ លោកស្រីឯកអគ្គរដ្ឋទូត នៅតែបំពេញដំណើរទស្សនកិច្ចនេះ ដើម្បីបង្ហាញអំពីការទទួលស្គាល់ និងគាំទ្រចំពោះ «បណ្ណាល័យសម្តេចម៉ែ»។
សាធារណរដ្ឋតួកគី ជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសទាំង១២ នៅតំបន់មជ្ឈិមបូព៌ា។ មជ្ឈិមបូព៌ា គឺជាតំបន់មួយដែលពោរពេញទៅដោយ ធនធានធម្មជាតិរ៉ែប្រេងកាតដ៏ស្តុកស្តម្ភ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ មជ្ឈិមបូព៌ាមានទំនាស់ប្រឈមមុខដាក់គ្នាឥតឈប់ឈរ រវាងបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់។ នៅក្នុងនោះរួមមានបញ្ហាចម្រុះជាតិសាសន៍ ដែលបណ្តាលឲ្យកើតសង្រ្គាម, ជម្លោះសាសនា, បញ្ហាផ្ទៃក្នុងប្រទេស និងបញ្ហាគោលនយោបាយរបស់ប្រទេសមហាអំណាចប្រជែងគ្នាក្នុងការគ្រប់គ្រងតំបន់មជ្ឈិមបូព៌ា។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ធ្លាប់បានបំពេញការងារនៅតំបន់មជ្ឈិមបូព៌ា។ កាលពីជាង១០ឆ្នាំមុន លោក ឆាំង យុ បានបំពេញបេសកម្មនៅប្រទេសអ៉ីរ៉ាក់ ក្នុងការប្រមែប្រមូលភ័ស្តុតាងបទឧក្រិដ្ឋកម្មអន្តរជាតិនានា ដែលជាឯកទេសរបស់លោក ដើម្បីចូលរួមក្នុងដំណើរការរៀបចំតុលាការកាត់ទោស អតីតប្រធានាធិបតីអ៊ីរ៉ាក់ គឺលោក សាដាម ហ៊ូសេន។
ក្នុងដំណើរទស្សនកិច្ចមកកាន់ «បណ្ណាល័យសម្តេចម៉ែ» ក្នុងថ្ងៃនេះ លោកស្រី អ៊ុនលូ មានសេចក្តីពេញចិត្តយ៉ាងខ្លាំង ចំពោះកិច្ចការងារចងក្រងឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ លោកស្រី បានបង្ហាញចំណាប់អារម្មណ៍ ជាពិសេសលើប្លង់រចនាអគារវិទ្យាស្ថានស្លឹករឹត ដែលជាស្នាដៃរបស់ស្ថាបត្យករកម្រិតពិភពលោក គឺលោកស្រី ហ្សាហា ហាឌីដ មានកំណើតនៅប្រទេសអ៉ីរ៉ាក់មានសញ្ជាតិជាអង់គ្លេស ដែលមានភាពខុសប្លែកពីគំរូបែបអភិរក្សនៃសំណង់ស្ថាបត្យកម្ម បម្រើនាទីជាបូជនីយដ្ឋានរំឭកពីអំពើប្រល័យពូជសាសន៍ ដែលធ្លាប់សាងសង់កាលពី៧០ឆ្នាំមុនមក។
អាគារវិទ្យាស្ថានស្លឹករឹត គឺជាទីតាំងអចិន្ត្រៃយ៍របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីរំឭក និងឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានបាត់បង់ជីវិតប្រមាណ ២លាននាក់ នាអំឡុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
ស្ថាបត្យកម្មបែបពត់ពេន ប៉ុន្តែមានឥទ្ធិពលរបស់លោកស្រី ហ្សាហា ហាឌីដ ផ្ដោតទៅលើរូបរាងបត់បែន ជាជាងរូបរាងមុត និងមានសណ្ឋានធរណីមាត្របង្ហាញពីជ្រុងជាក់លាក់ ដែលប្រៀបដូចទៅនឹងអគារឧស្សាហកម្ម។
ស្នាដៃស្ថាបត្យកម្មរបស់លោកស្រី មានសក្ដានុពលអាចកែប្រែគំនិតរចនា នៃសំណង់ស្ថាបត្យកម្មបម្រើតួនាទីជាបូជនីយដ្ឋានរំឭកដល់ឧក្រិដ្ឋកម្មសង្គ្រាម ឲ្យផ្លាស់មុខមាត់ថ្មីនិងប្រសើរជាងមុន។ លើសពីនេះទៅទៀត ដោយសារតែជនរងគ្រោះស្លូតត្រង់នៃឧក្រិដ្ឋកម្មសង្គ្រាមតែងតែរួមមានស្ត្រី និងកុមារជាច្រើន នេះគឺជាពេលវេលាដ៏ស័ក្កសម ដែលស្ត្រីគួរតែដើរតួនាទីជាអ្នកដឹកនាំការងាររចនាបូជនីយដ្ឋាន ដើម្បីទទួលស្គាល់ និងរំលេចនូវការបាត់បង់ជារួមរបស់ជនរងគ្រោះទាំងនោះ។ លោកស្រី អៃដា អ៊ុនលូ បានបង្ហាញចំណាប់អារម្មណ៍យ៉ាងជ្រាវជ្រៅ ចំពោះបណ្ណាល័យសម្តេចម៉ែ។
នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច លោកស្រី អៃដា អ៊ុនលូ បានចារនូវសំណេរអនុស្សារីយ៍នៅលើសៀវភៅក្រាំងមាសរបស់សម្តេចម៉ែ ដែលមានខ្លឹមសារដូចខាងក្រោម៖
«តំណាងឲ្យស្ថានទូតនៃសាធារណរដ្ឋតួកគី ព្រមទាំងរូបនាងខ្ញុំផ្ទាល់ សូមសម្តែងអំណរសាទរចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា និងវិទ្យាស្ថានស្លឹករឹត សម្រាប់កិច្ចខិតខំប្រឹងប្រែងដ៏ធំធេង ក្នុងការបង្កើតបណ្ណាល័យសម្តេចម៉ែ ដើម្បីថ្វាយព្រះរាជកិត្តិយសជូនសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ។ នាងខ្ញុំជឿជាក់ថា បណ្ណាល័យសម្តេចម៉ែមិនត្រឹមតែជាចង្កៀងបំភ្លឺអំពីប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងបន្តជាប្រភពដ៏មានតម្លៃ សម្រាប់ការអប់រំរបស់សាធារណជន ក៏ដូចជាមនុស្សជំនាន់ក្រោយទៅមុខទៀត។ ខ្ញុំសូមសម្តែងនូវការដឹងគុណចំពោះលោក ឆាំង យុ និងឯកអគ្គរាជទូត ហូលីយ៉ូ អេ. ជែលដ្រេស ដែលទទួលស្វាគមន៍នាងខ្ញុំមកកាន់ទីតាំងដ៏មានសារៈសំខាន់នេះ ក្នុងថ្ងៃនេះ»។
ដោយគ្មានមន្ទិលសង្ស័យ បណ្ណាល័យសម្ដេចម៉ែ គឺជាធនធានជាតិដ៏មានសារៈសំខាន់ សម្រាប់ការអប់រំសាធារណជននិងយុវជននាពេលបច្ចុប្បន្ន និងជាច្រើនជំនាន់តទៅមុខទៀតនាពេលអនាគត។ មជ្ឈមណ្ឌលឯកសារកម្ពុជា ចាត់ទុកសុវត្ថិភាពសាធារណជាអាទិភាព។ ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិនៃជំងឺរាតត្បាត កូវីដ១៩ ឯសកម្មភាពអប់រំ សកម្មភាពវប្បធម៌ និងព្រឹត្តិការណ៍ជាតិផ្សេងៗនៅតែបន្ត មជ្ឈមណ្ឌលឯកសារកម្ពុជា ជឿជាក់ថាសកម្មភាពទាំងអស់នេះត្រូវតែប្រព្រឹត្តទៅ ប្រកបដោយសុវត្ថិភាព និងបានគិតគូរទុកជាមុនអំពីសុខភាព និងសុខមាលភាពរបស់មនុស្សគ្រប់រូប។
អាស្រ័យហេតុនេះហើយ នាខណៈពេលបច្ចុប្បន្ន មជ្ឈមណ្ឌលឯកសារកម្ពុជា សូមរក្សាសិទ្ធិអនុញ្ញាតឲ្យសាធារណជនចូលប្រើប្រាស់ បណ្ណាល័យសម្ដេចម៉ែ តាមប្រព័ន្ធអនឡាញ។ មជ្ឈមណ្ឌលឯកសារកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា បញ្ហាជំងឺរាតត្បាតជាសកលនេះនឹងស្រាកស្រាន្តទៅនាពេលឆាប់ហើយ «បណ្ណាល័យសម្តេចម៉ែ» អាចចាប់ផ្តើមទទួលសាធារណជនបានទូលាយជាងមុន៕