(កំពង់ឆ្នាំង)៖ លោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា គ្រប់ទីកន្លែងដែលមានភ្ញៀវចេញចូល ត្រូវតែណែណាំឲ្យម្ចាស់ទីតាំងទាំងនោះអនុវត្តឲ្យបានតាមវិធាន សុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
លោកថ្លែងបែបនេះ ក្នុងពេលប្រជុំតាមដាន និងវាយតម្លៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។
លោកបានបន្តថា នៅក្នុងខេត្តកំពង់ឆ្នាំង ម្ចាស់ភោជនីយដ្ឋាន អារហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ រមណីយដ្ឋាន សេវាទេសចរណ៍ប្រមាណ៧៨ បានទទួលឡាប៊ែលវិធានសុវត្ថិភាពទេសចរ ណ៍ពីមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង។
ឡាប៊ែលវិធានសុវត្ថិភាពទេសចរណ៍ ត្រូវបានរៀបចំឡើងដើម្បីបញ្ជាក់អំពីការអនុវត្តរបស់ប្រតិបត្តិការទេសចរណ៍ ឆ្លើយតបទៅនឹងវិធានសុវត្ថិភាពទេសចរណ៍ក្នុងបរិបទកូវីដ-១៩ ដែលក្រសួង បានប្រកាសផ្សព្វផ្សាយដាក់ឲ្យអនុវត្តកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងនោះរួមមាន៖ សេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍សេវា កម្មដឹកជញ្ជូនផ្លូវទឹក សេវាកម្មដឹកជញ្ជូនផ្លូវគោក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍។
គួររំលឹកថា ការទទួលបាននូវឡាប៊ែលវិធានសុវត្ថិភាពទេសចរណ៍នៅពេលនេះ គឺដើម្បីបញ្ជាក់អំពីការអនុវត្តរបស់ប្រតិបត្តិករទេសចរណ៍ ឆ្លើយតបនឹងលក្ខខណ្ឌរបស់ក្រសួងទេសចរណ៍ ដែលបានកំណត់នៅក្នុងវិធានសុវត្ថិភាពទេសចរណ៍។
លោក ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរទេសចរណ៍ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសារាចរណែនាំលេខ ០០៤ សរណន ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ក្នុងដំណាក់កាលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងត្រូវចុះផ្សព្វផ្សាយណែនាំជាប្រចាំដល់គ្រប់មូលដ្ឋាន អាជីវកម្មទេសចរណ៍ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍។
យ៉ាងណាមិញលោកបានរំលឹកថា វិធានសុវត្ថិភាពទេសចរណ៍ត្រូវបានដាក់ឲ្យអនុវត្តជាកាតព្វកិច្ច និងជាលក្ខខណ្ឌបន្ថែមក្នុងការស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍តាមប្រភេទអាជី វកម្មទេសចរណ៍នីមួយៗ៕