(ប៉េកាំង)៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។
លោក វ៉ាង យី ក៏នឹងមានជំនួបប្រជុំផ្លូវការជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាដើម្បីពិភាក្សា លើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។
បន្ទាប់ពីបំពេញទស្សនកិច្ចនៅកម្ពុជាលោក វ៉ាង យី នឹងបន្តបំពេញទស្សនកិច្ចទៅប្រទេស ម៉ាឡេស៊ី, ឡាវ, ថៃ និងចុងក្រោយថ្ងៃទី១៥ ខែតុលា ប្រទេសសិង្ហបុរី។
ខាងក្រោមជាប្រវត្តិសង្ខេបរបស់ប្រមុខការទូតមហាយក្សចិន លោក វ៉ាង យី៖
* ជីវិតផ្ទាល់ខ្លួន និងការសិក្សា
លោក វ៉ាង យី ដែលមានដើមកំណើតជាជនជាតិ «ហាន» កើតនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ១៩៥៣ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ លោកមានភរិយាឈ្មោះ Qian Wei និងកូនស្រីម្នាក់។ ក្រោយ បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យក្នុងឆ្នាំ១៩៦៩ ត្រូវបានគេបញ្ជូនឱ្យធ្វើការនៅឯជនបទ រយៈពេល៨ឆ្នាំ ពីឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៧ ក្នុងតំបន់ស្វយ័តម៉ុងហ្គោលី អំឡុងបដិវត្តន៍ វប្បធម៌។ លោក វ៉ាង បានត្រឡប់ទៅកាន់ទីក្រុងប៉េកាំងវិញនៅខែធ្នូ ឆ្នាំ១៩៧៧ ហើយក្នុងឆ្នាំនេះដដែល លោកបានចុះឈ្មោះចូលរៀនក្នុងវិទ្យាស្ថានភាសាអាហ្រ្វិក និងអាស៊ី នៃសាកលវិទ្យាល័យសិក្សាអន្តរជាតិ ទីក្រុងប៉េកាំង (Beijing International Studies University) ជាទីដែលលោកទទួលបានបរិញ្ញាបត្រជំនាញផ្នែកភាសាជប៉ុន នៅឆ្នាំ១៩៨២។
នៅឆ្នាំ១៩៩៧ លោកបានសិក្សាក្នុងនាមជានិស្សិតទស្សនកិច្ចនៅឯវិទ្យាស្ថានសម្រាប់ទំនាក់ទំនងការបរទេស នៃសាកលវិទ្យាល័យ Georgetown University សហរដ្ឋអាមេរិក។ ក្នុង ឆ្នាំ១៩៩៩ លោកចូលរៀននៅសាកលវិទ្យាល័យការបរទេសចិន (Chinese Foreign Affairs University) និងក្រោយមកទទួលបានបរិញ្ញាបត្របណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ។ លោក វ៉ាង យី អាចនិយាយភាសាជប៉ុន និងអង់គ្លេស យ៉ាងស្ទាត់ជំនាញ ហើយមិនតែប៉ុណ្ណោះលោកក៏បានបញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ចផងដែរ។
* ការងារ
លោក វ៉ាង យី បានចាប់ផ្ដើមការងារដំបូងនៅឆ្នាំ១៩៦៩ ដោយផ្ដើមចេញពីការងារជាកម្មករ, លេខាធិការទំនាក់ទំនងស្ដីទីនៃក្រុមហ៊ុន Heilongjiang Production and Construction Corps។ នៅខែឧសភា ឆ្នាំ១៩៨១ លោក វ៉ាង បានចូលជាសមាជិកគណបក្សកុម្មុយនិស្ដចិន ហើយនៅខែកញ្ញា ឆ្នាំ១៩៨៩ លោកបានចូលប្រម្រើការងារ ជាក្នុងស្ថានទូតចិនប្រចាំ ប្រទេសជប៉ុន រយៈពេល៥ឆ្នាំ។ នៅពេលដែលត្រឡប់មកប្រទេសចិនវិញ ក្នុងខែមីនា ឆ្នាំ១៩៩៤ លោក វ៉ាង ត្រូវបានតែងតាំងជាអនុប្រធានផ្នែកកិច្ចការអាស៊ី នៃក្រសួងការបរទេសចិន និងត្រូវបានដំឡើងជាប្រធានផ្នែកនៅឆ្នាំបន្ទាប់ ក៏ដូចជាបន្តឡើងតំណែងជាបន្តបន្ទាប់ តាមរយៈការបំពេញការងារយ៉ាងសកម្មរបស់លោក។
លោក វ៉ាង យី ត្រូវបានដំឡើងតំណែងជាអនុរដ្ឋមន្ត្រីការបរទេសចិន នៅឆ្នាំ២០០១ និងត្រូវបានតែងតាំងជាអគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុន នៅឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០០៧។ នៅឆ្នាំ២០០៨ លោកបានកាន់តំណែងបន្តពីលោក Chen Yunlin ជានាយកការិយាល័យទំនាក់ទំនងកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋចិន។ រហូតដល់ឆ្នាំ២០១៣ លោក វ៉ាង យី បាន ឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសចិន ព្រមទាំងទទួលបានមុខងារបន្ថែមជាទីប្រឹក្សារដ្ឋចិននៅឆ្នាំ២០១៨ រហូតមកទល់នឹងបច្ចុប្បន្ន។ លោកក៏ជាសមាជិកគណៈកម្មាធិការ មជ្ឈិមលើកទី១៧ រហូតដល់លើកទី១៩ នៃគណបក្សកុម្មុយនិស្ដចិនផងដែរ៕